28 C
Phnom Penh

ម្នាក់​ស្លាប់​បន្ទាប់ពី​លិច​ទូក​ចម្លង​​​ដោយ​សារ​ខ្យល់​បក់​បោក​ខ្លាំង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្សម្នាក់បានបាត់បង់ជីវិត និងយ៉ាងហោចណាស់ពីរនាក់ទៀតបាត់ខ្លួន បន្ទាប់ពីទូកចម្លងមួយគ្រឿងបានលិចដោយសារខ្យល់បក់បោកខ្លាំង ដែលបានបង្កការខូចខាតទ្រព្យសម្បត្តិនៅភាគខាងត្បូងនៃប្រទេសកម្ពុជាកាលពីម្សិលមិញ។

គេជឿថាទូកចម្លងនេះដឹកមនុស្សប្រាំបួននាក់ឆ្លងទន្លេមេគង្គក្នុងស្រុកល្វាឯម ខេត្តកណ្ដាល នៅពេលវាក្រឡាប់លិចដោយសារខ្យល់បក់បោកខ្លាំងនៅម៉ោងប្រហែល១និង៣០នាទីរសៀល នេះបើយោងតាមការលើកឡើងរបស់លោក ប៊ុន ថេង អភិបាលស្រុកនេះ។ 

ពួកប្រុសៗត្រៀមទាញរថយន្តដោយមានជំនួយពីើរថយន្តស្ទូចចេញពីរណ្ដៅដ៏ធំមួយកាលពីម្សិលមិញ បន្ទាប់ពីកំណាត់ផ្លូវលេខ១៦១ បានស្រុតអំឡុងពេលភ្លៀងធ្លាក់ខ្លាំងនៅក្នុងរាជធានីភ្នំពេញ។ រូបថតៈស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ពួកប្រុសៗត្រៀមទាញរថយន្តដោយមានជំនួយពីើរថយន្តស្ទូចចេញពីរណ្ដៅដ៏ធំមួយកាលពីម្សិលមិញ បន្ទាប់ពីកំណាត់ផ្លូវលេខ១៦១ បានស្រុតអំឡុងពេលភ្លៀងធ្លាក់ខ្លាំងនៅក្នុងរាជធានីភ្នំពេញ។ រូបថតៈស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកមានប្រសាសន៍ថា “ខ្យល់បក់បោកខ្លាំង និងមេឃភ្លៀងបានបណ្ដាលឲ្យទូកចម្លងក្រឡាប់។ ពេលគាត់ [អ្នកបើកទូក] បត់ទូកខ្យល់បានបក់បោកចំពីចំហៀងទូក”។

លោកមានប្រសាសន៍ទៀតថា នគរបាលបានរកឃើញសាកសពបុរសវ័យ៦១ឆ្នាំម្នាក់ និងបានសង្គ្រោះមនុស្សប្រាំមួយនាក់ផ្សេងទៀត ចំណែកឯមនុស្សពីរនាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ហើយពេលនេះគេមិនទាន់ដឹងថា តើនឹងមានវិធានការផ្លូវច្បាប់លើម្ចាស់ ឬអ្នកបើកទូកចម្លងឬយ៉ាងណានៅឡើយទេ។ លោកគូសបញ្ជាក់ថា “សមត្ថកិច្ចមិនទាន់ចាត់វិធានការតាមផ្លូវច្បាប់ទេ ពួកគាត់កំពុងវក់វីរឿងជួយសង្គ្រោះ”។

ដោយឡែកពីនេះ ការធ្លាក់ភ្លៀងខ្លាំងនៅពេលរសៀលក្នុងរាជធានីភ្នំពេញ បានធ្វើឲ្យតំបន់មួយចំនួនជន់លិច និងធ្វើឲ្យកំណាត់ផ្លូវលេខ១៦១ស្រុតនៅតាមបណ្ដោយគែមការដ្ឋានដ៏ធំមួយក្នុងខណ្ឌ៧មករា ចេញរណ្ដៅយ៉ាងធំលេបត្របាក់រថយន្ត Honda CRV មួយគ្រឿងដែលចតទុកចោល និងបង្កការខូចខាតដល់រថយន្តពីរគ្រឿងទៀត។

លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា បានមានប្រសាសន៍ថា ការធ្លាក់ភ្លៀងបានធ្វើឲ្យជន់លិចប្រព័ន្ធលូដែលរត់ពីក្រោមផ្លូវ ជាហេតុធ្វើឲ្យស្រុតចេញរណ្ដៅមួយយ៉ាងធំប្រវែងប្រហែល២០ម៉ែត្រ។

លោកបញ្ជាក់ថា “ទឹកបានហូរច្រោះប្រព័ន្ធលូនៅក្បែរការដ្ឋានសំណង់របស់ក្រុមហ៊ុន”។ លោកបានបន្តថា អាជ្ញាធរមិនទាន់សម្រេចនៅឡើយទេ ថាតើនរណាជាអ្នកទទួលខុសត្រូវចំពោះការស្រុតផ្លូវនេះ។ ក្រុមហ៊ុនវិនិយោគទុកអាណិកជនកម្ពុជា ហៅកាត់ថា OCIC ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍នៅជាប់ពហុកីឡដ្ឋានអូឡាំពិក បានច្រានចោលការទទួលចំពោះឧប្បត្តិហេតុនេះ។

លោក ទូច សំណាង អ្នកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា “វាបង្កឡើងដោយសារការច្រោះចេញពីទឹក ហើយនៅខាងក្នុងការដ្ឋានគ្មានការស្រុតទេ” ហើយគូសបញ្ជាក់ថា ទម្រដែកដែលខណ្ឌចែកការដ្ឋានពីផ្លូវមិនរងការខូចខាតទេ៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស