25 C
Phnom Penh

សាលាដំបូង​​ខេត្ត​មិន​ប្រញាប់​ប្រញាល់​ផ្តន្ទាទោស​ករណី​ជួញដូរ​ឈើ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈដែលរដ្ឋាភិបាលត្រៀមចាប់ផ្ដើមដាក់លក់ដេញថ្លៃឈើខុសច្បាប់ចំនួន៧០.០០០ម៉ែត្រគូបដែលរឹបអូសបានរហូតមកទល់ពេលនេះនៅឆ្នាំនេះ មិនមានក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលឈើត្រូវបានរកឃើញនៅលើដីរបស់ខ្លួន ឬអ្នកផ្សេងទៀត ត្រូវបានចោទប្រកាន់ពាក់ព័ន្ធឈើទាំងនេះឡើយ បន្ទាប់ពីមាននីតិវិធីតុលាការរយៈពេលជាច្រើនខែមក។

កង្វះវឌ្ឍនភាពបានធ្វើឲ្យមានការសង្ស័យកាន់តែកើនឡើងថា តើរដ្ឋាភិបាលដែលជារឿយៗត្រូវបានចោទប្រកាន់ថា បានសម្របសម្រួលការជួញដូរឈើខុសច្បាប់ជាច្រើននៅក្នុងប្រទេសនោះ ចង់កំណត់អត្តសញ្ញាណឬផ្ដន្ទាទោសអ្នកដែលទទួលខុសត្រូវឬក៏អត់។

ភាគច្រើននៃឈើទាំងនោះ គឺប្រហែល៦២.០០០ម៉ែត្រគូប នឹងត្រូវដាក់លក់ដេញថ្លៃក្នុងខេត្តមណ្ឌលគិរីចាប់ពីថ្ងៃទី២៧ ខែមិថុនាក្នុងទីតាំងប្រាំពីរកន្លែង គឺមួយកន្លែងសម្រាប់ក្រុមហ៊ុននីមួយៗ។

កាលពីខែមេសា លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា លោកកំពុងតាមដានករណីដែលប្តឹងដោយរដ្ឋាភិបាលប្រឆាំងក្រុមហ៊ុនបួនឬប្រាំ។ លោកបានបដិសេធមិនបញ្ចេញឈ្មោះក្រុមហ៊ុនទាំងនោះទេ ប៉ុន្តែបានលើកឡើងថា រយៈពេល១ខែដែលពួកគេត្រូវបង្ហាញខ្លួនសម្រាប់ការសាកសួរនោះ ជិតបញ្ចប់ហើយ។

កាលពីម្សិលមិញ លោក សូ សុវិទ្យា មានប្រសាសន៍ថា តុលាការមិនទាន់បានធ្វើការចោទប្រកាន់លើនរណាម្នាក់ពាក់ព័ន្ធករណីទាំងនេះនៅឡើយទេ។ លោកបានថ្លែងថា គ្មានក្រុមហ៊ុនណាមួយបានបញ្ជូនតំណាងរបស់ខ្លួនសម្រាប់ការសាកសួរឡើយ ហើយថា ឱសានវាទសម្រាប់ការបង្ហាញខ្លួនត្រូវបានពន្យារពេលដោយគ្មានកំណត់។

លោកបានមានប្រសាសន៍ថា ”រហូតមកទល់ពេលនេះយើងបានកោះហៅមនុស្សមួយចំនួនមកធ្វើការសាកសួរ ប៉ុន្តែពួកគេមួយចំនួនបានសុំឱ្យយើងពន្យារពេល”។

ព្រះរាជអាជ្ញារងរូបេនះថ្លែងថា តុលាការបានផ្ដល់តាមសំណើ ហើយបានសម្រេចមិនកំណត់ឱសានវាទថ្មីឡើយ។

លោកបានមានប្រសាសន៍ថា “យើងមិនហ៊ានកំណត់ឱសានវាទទេ… យើងមិនទាន់បានចោទប្រកាន់នរណាម្នាក់នៅឡើយទេ។ យើងធ្វើតាមនីតិវិធី ហើយវាមិនងាយស្រួលដូចអ្នកគិតឡើយ”។

លោក សូ សុវិទ្យា បានមានប្រសាសន៍ថា ការបាត់បង់ភ័ស្តុតាងនៅពេលឈើត្រូវបានដាក់លក់ដេញថ្លៃ នឹងមិនប៉ះពាល់ដល់ការស៊ើបអង្កេតឡើយ។

លោកបានថ្លែងថា “យើងមានតួលេខ និងរូបថតរួចហើយ។ យើងមានឯកសារ ហើយក្រុមការងារពិសេសបានពិនិត្យរួចរាល់ហើយ”។

អង្គការសិទ្ធិបរិស្ថាន និងក្រុមសកម្មជនមិនទុកចិត្តទាំងស្រុងចំពោះបំណងរបស់រដ្ឋាភិបាលឡើយចាប់ពីពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតក្រុមការងារពិសេសមួយកាលពីខែមករា ហើយបានបញ្ជាឱ្យក្រុមការងារនេះលុបបំបាត់ការស្តុកឈើខុសច្បាប់នៅទូទាំងខេត្តភាគបូពា៌រួចមក។ ពួកគេមានចម្ងល់ថាតើយុទ្ធនាការថ្មីៗបំផុតនេះជា “ការបង្ក្រាប ឬជាការគំរាមកំហែង” ក្នុងគោលបំណងធ្វើឲ្យការជួញដូរឈើរបស់ឈ្មួញមួយចំនួនតូចដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលកាន់តែរឹងមាំឬយ៉ាងណា។

ឈើចំនួន៧០.០០០ម៉ែត្រគូបដែលក្រុមការងារពិសេសរឹបអូសបាន គឺទាល់តែកុងតឺន័រជាង២.០០០គ្រឿងឯណោះទើបដឹកអស់។ ប៉ុន្តែអង្គការសិទ្ធិមនុស្សបានព្រមានថា វានឹងមានផលប៉ះពាល់យូរអង្វែងតិចតួចប៉ុណ្ណោះ លុះណាតែអ្នកមានទ្រព្យ និងអ្នកមានអំណាចដែលដឹកនាំការជួញដូរខុសច្បាប់ ត្រូវបានផ្តន្ទាទោសត្រឹមត្រូវ។

លោក សុខ រដ្ឋា អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកក្នុងខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា វឌ្ឍនភាពរបស់សាលាដំបូងខេត្ត ឬកង្វះអ្វីផ្សេងទៀតនោះ បានផ្ដល់ការជំរុញទឹកចិត្តតិចតួចតែប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា តុលាការនិងរដ្ឋាភិបាលមានការលំបាកក្នុងការផ្ដន្ទាទោសបុគ្គលទាំងនោះណាស់ ពីព្រោះពួកគេជាអ្នកមានអំណាច មានទ្រព្យសម្បត្តិ ជាឧកញ៉ា និងជាឯកឧត្ដម ឬអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់។ ខ្ញុំគិតថា បើទោះជាពួកគេត្រូវបានផ្ដន្ទាទោសក៏ដោយ ក៏វាមិនធ្ងន់ធ្ងរដែរ។

លោក សុខ រដ្ឋា ក៏បានចោទសួរអំពីកង្វល់របស់តុលាការពាក់ព័ន្ធការបាត់បង់ភ័ស្តុតាងផងដែរ។ លោកបានលើកឡើងថា “តុលាការត្រូវមានសាក្សី និងភ័ស្តុតាង។ នៅពេលរដ្ឋាភិបាលដាក់លក់ដេញថ្លៃឈើដែលរឹបអូសបាន អង្គការមិនមែនរដ្ឋាភិបាលរបស់យើងពិតជាមានចម្ងល់ថាតើនីតិវិធីអ្វីដែលតុលាការប្រើដើម្បីស៊ើបអង្កេត”។

ក្រុមហ៊ុនមួយចំនួនដែលត្រូវបានឆ្មក់ចូលដោយក្រុមការងារពិសេសនេះ ត្រូវបានរងការចោទប្រកាន់យូរមកហើយដោយអ្នកភូមិក្នុងមូលដ្ឋានថាបានកាប់ឈើខុសច្បាប់នៅជុំវិញដីសម្បទានរបស់ខ្លួន។ អ្នកដែលបានឆ្លើយតបចំពោះការអះអាងនោះ បានបដិសេធថា មិនបានធ្វើអ្វីខុសឡើយ ឬបាននិយាយថា ឈើដែលបានរកឃើញនៅលើដីរបស់ខ្លួនមិនមែនជារបស់ពួកគេទេ៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស