32 C
Phnom Penh

គ្រូពេទ្យវ័យ​​​ចំណាស់​​​គ្មាន​អាជ្ញាប័ណ្ណ​ម្នាក់ត្រូវ​បាន​ចោទប្រកាន់​ពីបទ​មនុស្ស​ឃាតដោយ​​អចេតនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនគរបាលម្នាក់បាននិយាយថា កាលពី ម្សិលមិញ គ្រូពេទ្យប្រចាំភូមិវ័យចំណាស់ម្នាក់ក្នុងខេត្តត្បូងឃ្មុំត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ហើយបានព្យាបាលជំងឺដោយគ្មានអាជ្ញាប័ណ្ណ បន្ទាប់ពីអ្នកជំងឺម្នាក់ដែលលោកបានព្យាបាលបាន ស្លាប់បន្ទាប់ពីចាក់ថ្នាំបីម្ជុលកាលពីថ្ងៃច័ន្ទ។

យោងតាមលោក ឆន សុខធន អធិការនគរ បាលក្រុងសួងបានឲ្យដឹងថា លោក ពេជ្រ ញ៉ អាយុ៧១ឆ្នាំ បានទៅផ្ទះលោក ឯម ធួល  អាយុ៤៦ឆ្នាំដែលមានបញ្ហាពិបាកដកដង្ហើម សន្លប់ និងបែកញើសខ្លាំង ហើយបានចាក់ថ្នាំបីម្ជុលដោយប្រើកង់ហ្វូ ដើម្បីបង្កើនរំហូរឈាម និងវីតាមីនបេ ដើម្បី លើកកម្លាំង។

ប៉ុន្តែ អាការរបស់លោក ឯម ធួល កាន់តែធ្ងន់ធ្ងរទៅ ហើយគាត់បានស្លាប់តាមផ្លូវពេលបញ្ជូនទៅគ្លីនិកមួយនៅក្នុងមូលដ្ឋាន បណ្តាល ឲ្យនគរបាលចាប់ខ្លួនលោក ពេជ្រ ញ៉ នៅផ្ទះរបស់គាត់តែម្តង។

លោក ពិន សុចិត្រា នាយរងផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុងបានមានប្រសាសន៍ថា គ្រូពេទ្យរូបនេះត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកាលពីរសៀលម្សិលមិញ។

លោកបានថ្លែងថា “នៅក្នុងពាក្យបណ្តឹងដែលខ្ញុំបានបញ្ជូនទៅតុលាការ ខ្ញុំបានផ្តល់ជាយោបល់ឲ្យចោទប្រកាន់គាត់ពីបទមនុស្សឃាតដោយអចេតនា។ គាត់ត្រូវបានចោទប្រកាន់ពីបទបើកគ្លីនិកដោយគ្មានអាជ្ញាប័ណ្ណ និងពីបទមនុស្សឃាតដោយចេតនា”។

ក្រោយមក លោក សុចិត្រា បានបញ្ជាក់ថា ចៅក្រមសើុបសួរ ឡុច ឡៅ បានចោទប្រកាន់លោក ពេជ្រ ញ៉ តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ ដែលសំដៅដល់បទមនុស្សឃាតដោយអចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ។

យោងតាមលោក សុខធន បានឲ្យដឹងថា លោក ពេជ្រ ញ៉ បានព្យាបាលជំងឺដោយគ្មានអាជ្ញាប័ណ្ណច្រើនទសវត្សរ៍មកហើយ ហើយបានបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២ មុនពេលលោកធ្វើជាគ្រូពេទ្យព្យាបាលជំងឺតាមផ្ទះនៅក្នុងសង្កាត់សួង ក្រុងសួង។

មន្ត្រីសុខាភិបាលថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេកាលពីម្សិលមិញ។

ក្រសួងសុខាភិបាលបានប្តេជ្ញាបង្ក្រាបគ្លីនិក និងគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណទាំងអស់នៅទូទាំងប្រទេស បន្ទាប់ពីមានការផ្ទុះឡើងនូវមេរោគអេដស៍ដ៏រាលដាលក្នុងខេត្តបាត់ដំបងកាលពីខែធ្នូឆ្នាំ២០១៤។

លោក យ៉ែម ជ្រិន ជាគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណត្រូវបានបន្ទោសចំពោះការផ្ទុះឡើងនូវមេរោគនេះ ហើយក្រោយមកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញពិរុទ្ធភាពពីបទធ្វើឲ្យមេរោគនេះឆ្លងរាលដាលដល់មនុស្ស២៨០នាក់តាមរយៈការប្រើប្រាស់ម្ជុល និងសឺរ៉ាំងដដែលៗ។

កាលពីខែមករា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា មន្ត្រីរបស់លោកបានបិទគ្លីនិកគ្មានអាជ្ញាប័ណ្ណ១.៣៦៨កន្លែងក្នុងឆ្នាំ២០១៥ហើយថា នៅសល់គ្លីនិកតែ៩៧៣កន្លែងប៉ុណ្ណោះ៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស