ប្រាំពីរឆ្នាំបន្ទាប់ពីកម្ពុជាបានផ្អាកកម្មវិធីស្មូមកូនចិញ្ចឹមអន្តរជាតិ រដ្ឋាភិបាលតំបន់កាតាឡាំង (Catalan) ក្នុងប្រទេសអេស្ប៉ាញបានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយក្រសួងសង្គមកិច្ចកាលពីថ្ងៃអង្គារ ដែលនឹងអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនស្មូមកុមារកម្ពុជាយកទៅចិញ្ចឹម។
ប៉ុន្តែយោងតាមមន្ត្រីជាន់ខ្ពស់មួយរូបនៅស្ថានទូតអេស្ប៉ាញប្រចាំក្រុងបាងកក ប្រទេសថៃបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះគ្មានតម្លៃនោះទេ ពីព្រោះអាជ្ញាធរកាតាឡាំងមិនអាចចុះកិច្ចព្រមព្រៀងអន្តរជាតិដោយគ្មានការអនុម័តពីរដ្ឋាភិបាលថ្នាក់ជាតិនៅក្នុងទីក្រុងម៉ាឌ្រីតបានឡើយ។
មន្ត្រីរូបនេះដែលសុំមិនបញ្ចេញឈ្មោះដោយសារខ្លួនមិនទទួលបានការអនុញ្ញាតឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ បានលើកឡើងថា ”ការស្មូមកូនចិញ្ចឹមអន្តរប្រទេសជាមួយកម្ពុជាត្រូវបានបិទទាំងស្រុង។ គ្មានកិច្ចព្រមព្រៀងជាមួយកម្ពុជាទេពាក់ព័ន្ធការស្មូមកូនចិញ្ចឹម”។
មិនយូរប៉ុន្មានបន្ទាប់ពីអនុម័តច្បាប់ស្ដីពីការស្មូមកូនចិញ្ចឹមនៅឆ្នាំ២០០៩ រដ្ឋាភិបាលកម្ពុជាបានដាក់បម្រាមលើការស្មូមកូនចិញ្ចឹមអន្តរប្រទេសស្របពេលមានសេចក្ដីរាយការណ៍អំពីការជួញដូរកុមារ និងអំពើពុករលួយ ដោយអ្នកដែលបម្រុងក្លាយជាឪពុកម្ដាយត្រូវបានទាមទារឲ្យសូកប៉ាន់ប្រាក់យ៉ាងច្រើនដើម្បីដំណើរការសំណើស្មូមកូនចិញ្ចឹម។
កាលពីឆ្នាំ២០១៣ រដ្ឋាភិបាលបានសម្រេចអនុញ្ញាតការស្មូមកូនចិញ្ចឹមអន្តរប្រទេសជាថ្មីម្ដងទៀត ដោយអះអាងថាបានពង្រឹងច្បាប់របស់ខ្លួនហើយក្នុងការគាំពារកុមារ។ ទោះជាយ៉ាងណា មានតែប្រទេសអុីតាលីប៉ុណ្ណោះដែលបានយល់ស្របតាមការព្រមព្រៀងជាមួយកម្ពុជា ហើយនៅទីបំផុតប្រទេសនានាបានដកផែនការរបស់ខ្លួនចេញវិញក្រោមសម្ពាធអន្តរជាតិ។
ប្រទេសកម្ពុជាបានបន្តកិច្ចខំប្រឹងប្រែងរបស់ខ្លួនឡើងវិញកាលពីខែមីនាឆ្នាំមុន ហើយលោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ និងប្រទេសម៉ាល់តានៅសប្ដាហ៍នេះក្នុងកិច្ចប្រឹងប្រែងដើម្បីជំរុញឲ្យមានការចុះកិច្ចព្រមព្រៀងថ្មីៗ។
ក្រសួងសង្គមកិច្ចបានបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ ដោយលើកឡើងថា លោក វង សូត្រ បានចុះកិច្ចព្រមព្រៀងស្មូមកូនចិញ្ចឹមជាមួយលោកស្រី ដូឡ័ស បាសា (Dolors Bassa) រដ្ឋមន្ត្រីការងារ សង្គមកិច្ច និងគ្រួសាររបស់កាតាឡាំង។
មន្ត្រីស្ថានទូតអេស្ប៉ាញដដែលបានមានប្រសាសន៍ថា “វាជាការពិតដែលរដ្ឋាភិបាលថ្នាក់តំបន់មួយចំនួនបានចុះកិច្ចព្រមព្រៀង ប៉ុន្តែពួកគេត្រូវឆ្លងកាត់រដ្ឋាភិបាលកណ្ដាល”។ មន្ត្រីរូបនេះលើកឡើងទៀតថា កម្ពុជាបាន “ខំប្រឹងប្រែងយ៉ាងខ្លាំង” ក្នុងរយៈពេលពីរបីឆ្នាំមកនេះដើម្បីកែលម្អគោលនយោបាយស្មូមកូនចិញ្ចឹមរបស់ខ្លួន ប៉ុន្តែ “យើងនៅតែត្រូវចាំមើលថាតើវានឹងត្រូវបានអនុវត្តបែបណា ហើយយើងមិនជឿថារដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រងវានោះទេ”។
លោកគូសបញ្ជាក់ថា ជាញឹកញាប់មន្ត្រីកម្ពុជាដែលជាអ្នកជំនាញខាងប្រធានបទនេះឆ្លើយសំណួរ “សាមញ្ញៗ” អំពីការស្មូមកូនចិញ្ចឹមមិនទាំងរួចផង ជាហេតុនាំឲ្យមានការព្រួយបារម្ភថា អាចនឹងមានអំពើពុករលួយកើតឡើងទៀតនៅក្នុងដំណើរការចិញ្ចឹម។ លោកបានបន្តថា ប្រទេសអេស្ប៉ាញនឹងចុះកិច្ចព្រមព្រៀងស្មូមកូនចិញ្ចឹម នៅពេលអង្គការយូនីសេហ្វគាំទ្រកម្ពុជា។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ចមានប្រសាសន៍ថា លោកមិនទទួលបានការអនុញ្ញាតឲ្យនិយាយអំពីអនុស្សរណៈជាមួយតំបន់កាតាឡាំងនេះទេ ហើយបដិសេធមិនពន្យល់ថា តើរដ្ឋាភិបាលសង្ឃឹមថានឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការចុះកិច្ចព្រមព្រៀងបែបនេះឡើយ។
លោកស្រី លូស្យា សូឡេទី (Lucia Soleti) អ្នកឯកទេសខាងគាំពារកុមារនៅអង្គការយូណេស្កូបានមានប្រសាសន៍ថា ការខ្វះមន្ត្រីសង្គមកិច្ចដែលអាចធានាការអនុវត្តការស្មូមកូនចិញ្ចឹមប្រកបដោយសុវត្ថិភាព មានន័យថា កម្ពុជាមិនទាន់ត្រៀមខ្លួនរួចនៅឡើយទេក្នុងការចាប់ផ្ដើមកម្មវិធីស្មូមកូនចិញ្ចឹមឡើងវិញ។
លោកស្រីបានលើកឡើងតាមសារអេឡិចត្រូនិកថា “ដោយធនធានមនុស្សដែលចាំបាច់មិនទាន់ទាំងមាននៅឡើយសម្រាប់ចំណុចមូលដ្ឋានទាំងនោះ វាហាក់បង្ហាញថា លក្ខខណ្ឌតម្រូវទាំងអស់ដើម្បីបន្តការស្មូមកូនចិញ្ចឹមអន្តរប្រទេសមិនត្រូវបានបំពេញនោះទេ” ហើយថា កម្ពុជាមិនបានបំពេញតាមស្ដង់ដារស្មូមកូនចិញ្ចឹមប្រកបដោយសុវត្ថិភាពដូចមានចែងក្នុងអនុសញ្ញាស្មូមកូនចិញ្ចឹមក្រុងឡាអេ (Hague Adoption Convention) របស់សហរដ្ឋអាមេរិក ដែលខ្លួនបានចុះហត្ថលេខាទទួលស្គាល់កាលពីឆ្នាំ២០០៧ឡើយ។
លោក ចេ រ៉េមែន (Jay Raman) អ្នកនាំពាក្យស្ថានទូតអាមេរិកមានប្រសាសន៍ថា នៅមានការងារច្រើននៅឡើយដែលត្រូវបំពេញ។ លោកបានលើកឡើងតាមសារអេឡិចត្រូនិកថា “នៅពេលនេះ ការប្ដេជ្ញារបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនចេញវិញ្ញាបនបត្រ Hague Certificate (វិញ្ញាបនបត្របញ្ជាក់ការបំពេញបែបបទស្មូមកូនចិញ្ចឹមយោងទៅតាមអនុសញ្ញា និងច្បាប់ស្មូមកូនចិញ្ចឹមអន្តរប្រទេស) សម្រាប់ការស្មូមកូនចិញ្ចឹមពីកម្ពុជានៅតែមានប្រសិទ្ធភាពនៅឡើយ”៕ សុខុម