31 C
Phnom Penh

ឌុច និយាយ​ថា នួន ជា បញ្ជា​ឲ្យ​ចាប់​ខ្លួន​គ្រួសារ​កម្មាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កាំង ហ្គេកអ៊ាវ មានឈ្មោះបដិវត្តន៍ហៅ ឌុច ប្រធានគុកស២១ បានប្រាប់សាលាក្ដីខ្មែរក្រហមកាលពីថ្ងៃពុធថា នួន ជា បានបញ្ជាឲ្យចាប់ខ្លួនប្រពន្ធនិងកូនរបស់កម្មាភិបាលដែលគេបោសសម្អាត ពីព្រោះរបបនេះខ្លាចមានការសងសឹក។

cam-photo-duch-ecccឌុច ដែលជាប់ទោសមួយជីវិតនៅពន្ធនាគារខេត្តកណ្តាល បន្ទាប់ពីត្រូវកាត់ឲ្យជាប់ទោសនៅឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ កំពុងផ្តល់សក្ខីកម្មក្នុងសំណុំរឿង០០២ ដែលក្នុងសំណុំរឿងនេះ នួន ជា បងធំទីពីររបស់របប ប៉ុល ពត និង ខៀវ សំផន ប្រមុខរដ្ឋ កំពុងត្រូវតុលាការវិនិច្ឆ័យទោសពីបទឧក្រិដ្ឋកម្មមានទាំងអំពើប្រល័យពូជសាសន៍ផង។

សាកសួរដោយ លោក ដេល ឡៃសាក់ (Dale Lysak) ជំនួយការជាន់ខ្ពស់របស់ព្រះរាជអាជ្ញា អតីតប្រធានគុករូបនេះបាននិយាយថា ប្តីប្រពន្ធនិងកូនរបស់អ្នកត្រូវគេបញ្ជូនទៅមន្ទីរស២១ ក្នុងនោះមានទាំងកម្មាភិបាលថ្នាក់ខ្ពស់ផង ក៏ត្រូវស្លាប់ដែរ។

ដោយប្រើពាក្យសម្លាប់ដែលគេនិយមប្រើក្នុងរបបនោះ ឌុច បាននិយាយថា “ប្តីប្រពន្ធនិងកូនៗរបស់អ្នកទោសទាំងនោះត្រូវបានគេចាត់ទុកដូចជាអ្នកមានទោស គឺត្រូវតែកម្ទេចចោលឲ្យអស់”។

លោកបាននិយាយថា “សូម្បី វ៉ន វេត ដែលជារដ្ឋមន្ត្រីជាន់ខ្ពស់ក្នុងរបបនោះ នៅពេលដែលគេចាប់បង វ៉ន ប្រពន្ធរបស់គាត់ក៏ត្រូវគេចាប់ដែរ”។ លោកបាននិយាយបន្ថែមថា ប្រពន្ធរបស់ជំនួយការរដ្ឋមន្ត្រីរូបនេះ គឺ ចេង អន ក៏ត្រូវបានគេបញ្ជូនទៅមន្ទីរស២១ដែរ បន្ទាប់ពីប្តីរបស់គាត់ត្រូវបានគេចាប់។

នៅពេលសួរដោយព្រះរាជអាជ្ញាថា នរណាដែលបានបញ្ជាឲ្យមានការចាប់ខ្លួនទាំងនោះ ឌុច បាននិយាយថា បញ្ជាគឺចេញពី នួន ជា។

លោក ឡៃសាក់ បានសួរថា “នរណាដែលជាថ្នាក់លើដែលបានបញ្ជាលោកឲ្យចាប់ខ្លួនប្រពន្ធទាំងនោះ?”

ឌុច បានឆ្លើយតបថា “នៅពេលនោះ គឺបង នួន ដែលបានដាក់បញ្ជាខ្ញុំផ្ទាល់។ ផុន និង លីន ជាអ្នកដែលបានអមដំណើរខ្ញុំទៅចាប់ខ្លួនពួកគេ ផ្អែកតាមបញ្ជាថ្នាក់លើ”។

ឌុច បាននិយាយថា លោកមិនប្រាកដអំពីវាសនាកូនៗរបស់ វ៉ន វេត ទេ ក៏ប៉ុន្តែលោកបានសន្និដ្ឋានថា ពួកគេទំនងជា “ត្រូវបានកម្ទេចចោល បើគ្មានសារៈសំខាន់ក្នុងការសួរចម្លើយទេ”។

សំដៅដល់ការចូលលុកលុយដែលផ្តួលរំលំខ្មែរក្រហមនៅខែមករាឆ្នាំ១៩៧៩នោះ ឌុចបាននិយាយថា “តាមការដែលសម្រិតសម្រាំងក្នុងកិច្ចដំណើរការហ្នឹង ខ្ញុំបានបញ្ជា តាមការណែនាំរបស់បង នួន ហើយនៅសល់តែក្មេងបួននាក់ប៉ុណ្ណោះ នៅពេលយួនចូល”។

ឌុច បានរំឭកឡើងវិញនូវការសន្ទនាជាមួយរដ្ឋមន្ត្រីការពារប្រទេសខ្មែរក្រហម សុន សេន ដែលត្រូវបានគេសម្លាប់ជាមួយសមាជិកគ្រួសារជាច្រើននាក់តាមបញ្ជារបស់ ប៉ុល ពត ពីមូលដ្ឋានអន្លង់វែងក្នុងឆ្នាំ១៩៩៧ ដែលគាត់បានពន្យល់ថា ការសម្លាប់គ្រួសារទាំងនោះគឺចាំបាច់ដើម្បីចៀសវាងមានការសងសឹក។

ឌុច បាននិយាយថា “បញ្ជារបស់ សុន សេន ចាត់ទុកដូចជាបញ្ជាពីបក្ស។ កម្មាភិបាលគ្រប់រូបរបស់បក្សត្រូវធ្វើតាមបញ្ជានេះពីបក្ស”។

លោកបានបន្ថែមថា “ចំពោះការគិតរបស់បក្សកុម្មុយនិស្តវិញ នៅពេលនោះ គេបានប្រើឃ្លាមួយដែលមានន័យថាសងសឹក គឺប៉ះភ្នែកយកភ្នែក”។

“មិនដែលមានបញ្ជាណាមួយថាមិនឲ្យសម្លាប់កុមារ មិនឲ្យសម្លាប់ស្ត្រីមានផ្ទៃពោះ មិនឲ្យសម្លាប់ស្ត្រីនោះទេ”។

អតីតមេគុករូបនេះបានអះអាងថា ដោយបានឃើញផ្ទាល់ភ្នែកនូវក្រុមមន្ត្រីធ្លាប់មានអំណាច ត្រូវគេសម្លាប់ចោលជាមួយនឹងគ្រួសាររបស់ពួកគេនោះ គឺនាំឲ្យគាត់ក្លាយជាមនុស្សស្មោះត្រង់នឹងរបបនេះ។

ឌុច បាននិយាយថា “ចំពោះការបញ្ជាឲ្យកម្ទេចគ្រប់គ្នានៅស២១ ខ្ញុំខ្វល់ខ្វាយណាស់ ពិបាកចិត្តណាស់ ដែលខ្ញុំមិនអាចធ្វើអ្វីបាន រហូតដល់វៀតណាមចូលមក”។

លោកបាននិយាយថា “អ្វីដែលខ្ញុំបានធ្វើនៅពេលនោះ គឺថា ខ្ញុំបានព្យាយាមស្វែងយល់មាគា៌បក្ស ហើយខ្ញុំគួរប្រកាន់ខ្ជាប់តាមមាគ៌ាដើម្បីកុំឲ្យបាត់ខ្លួន ពីព្រោះប្រសិនបើខ្ញុំបាត់ខ្លួន មានន័យថា សមាជិកគ្រួសារផ្សេងទៀតមានទាំងប្រពន្ធនិងកូនៗ ហើយនឹងឪពុកម្តាយរបស់ខ្ញុំផងនឹងបាត់ខ្លួនដែរ”។

“ខ្ញុំជាមនុស្សសំខាន់ក្នុងគ្រួសាររបស់ខ្ញុំ ហើយខ្ញុំជាមនុស្សដែលដឹងច្រើនអំពីបដិវត្តន៍”៕និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស