26.6 C
Phnom Penh

មន្ត្រី​​​ម្នាក់​​​និយាយ​​​ថា ត្រូវ​ការ​ថវិកា​ប​ន្ថែមទៀតដើម្បី​ស៊ើប​អង្កេត​ស្នាម​មេដៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ដែលមានភារកិច្ចស៊ើបអង្កេតស្នាមមេដៃចំនួន១៧០.០០០គាំទ្រញត្តិរបស់គណបក្សសង្គ្រោះជាតិដែលបានដាក់ថ្វាយព្រះមហាក្សត្រ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកទទួលបានគំរូស្នាមមេដៃទាំងនោះហើយ ប៉ុន្តែមិនអាចបន្តការងាររបស់លោកបានទេ បើគ្មានថវិកាបន្ថែម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្ដាហ៍មុនបានស្នើឲ្យក្រសួងមហាផ្ទៃវាយតម្លៃថាតើគណបក្សប្រឆាំងបានក្លែងស្នាមមេដៃមួយចំនួនដើម្បីបំប៉ោងតួលេខលើញត្តិដែលអំពាវនាវឲ្យព្រះមហាក្សត្រ នរោត្តម សីហមុនី ធ្វើអន្តរាគមន៍ឬយ៉ាងណាដើម្បី បញ្ចប់ការបង្ក្រាបជាច្រើនខែលើអ្នករិះគន់រដ្ឋាភិបាល។

លោក ម៉ៅ ចាន់តារា ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោកទទួលបានស្នាមមេដៃមួយចំនួនហើយ ប៉ុន្តែមិនទាន់បានចាប់ផ្ដើមពិនិត្យនៅឡើយទេ ពីព្រោះលោកមិនមានឧបករណ៍គ្រប់គ្រាន់។

លោកបានថ្លែងថា “ពួកគេបានបញ្ជូនស្នាមមេដៃមួយចំនួនមកយើងហើយ ប៉ុន្តែយើងមិនអាចធ្វើអ្វីបាននៅឡើយទេ ពីព្រោះយើងមិនមានកម្មវិធីដើម្បីប្រៀបធៀបស្នាមមេដៃទាំងនោះ”។ លោកពន្យល់ថា នាយកដ្ឋានរបស់លោកមិនមានថវិកាសម្រាប់បច្ចេកវិទ្យាដែលតម្រូវនេះឡើយ។ “ កម្មវិធីនេះចំណាយថវិកាច្រើន”។

ទាំងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។

មន្ត្រីម្នាក់បាននិយាយកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលអះអាងថា គណបក្សសង្គ្រោះជាតិមិនអាចប្រមូលស្នាមមេដៃបានច្រើនឡើយ បើគ្មានការបោកប្រាស់ទេនោះ។ បញ្ហានេះនឹងចាត់ទុកថា ជាការមិនគោរពព្រះមហាក្សត្រ។

លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបច្ចុប្បន្ននេះកំពុងស្នាក់នៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ដោយខ្លាចនគរបាលព្យាយាមចាប់ខ្លួនលោកជាថ្មីម្ដងទៀត ដូចដែលពួកគេបានធ្វើកាលពីថ្ងៃទី២៦ ខែឧសភា ខណៈមន្ត្រីគណបក្សផ្សេងទៀតប្រមូលស្នាមមេដៃសម្រាប់ដាក់ញត្តិថ្មីថ្វាយព្រះមហាក្សត្រ។

យោងតាមគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ក្រុមមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងត្រូវបានឃាត់ខ្លួនរយៈពេលខ្លីនៅគ្រប់ខេត្តទូទាំងប្រទេសអំឡុងយុទ្ធនាការថ្មីៗនេះ ដោយមន្ត្រីរដ្ឋាភិបាលថ្នាក់ខេត្តលើកឡើងថា គណបក្សប្រឆាំងកំពុងបោកប្រាស់ប្រជាពលរដ្ឋឲ្យគាំទ្រញត្តិនោះ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកគាំទ្រដែលបន្តឃ្លាំមើលនៅខាងក្រៅទីស្នាក់ការកណ្ដាលគណបក្សកាលពីព្រឹកម្សិលមិញថា ការឃាត់ ខ្លួនរយៈពេលខ្លីកំពុងតែបន្ត ដោយអាជ្ញាធរក៏បានដកហូតយកក្រដាសផ្ដិតមេដៃទៀតផង។

លោកមានប្រសាសន៍ថា “វាគឺអាជ្ញាធរនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តស្វាយរៀង ដែលកាលពីពេលថ្មីៗនេះបានឃាត់ខ្លួនប្រជាពលរដ្ឋរយៈពេលខ្លីចំពោះការប្រមូលស្នាមមេដៃ ហើយបានឲ្យពួកគាត់ធ្វើខសន្យាថា នឹងឈប់ធ្វើរឿងនេះទៀត។ ពួកគេចង់ធ្វើអ្វីក៏ធ្វើទៅ ប៉ុន្តែយើងនៅតែប្រមូលស្នាមមេដៃដដែលលុះណាតែគ្រប់តាមផែនការរបស់យើង”។

លោក ម៉ែន គង់ អភិបាលខេត្តស្ទឹងត្រែងបាននិយាយការពារការចាប់ខ្លួនអ្នកផ្សព្វផ្សាយញត្តិដោយលើកឡើងថា វាជាការទទួលខុសត្រូវរបស់អាជ្ញាធរដើម្បីធានាថា ប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ខ្លួនដោយគ្មានការរំខាន។

លោកបានថ្លែងថា ”បើអាជ្ញាធរឃាត់ខ្លួនពួកគាត់ គឺក្នុងករណីដែលពួកគាត់បានរំខានប្រជាពលរដ្ឋក្នុងការប្រកបរបររកស៊ី ឬដល់ផ្ទះសំបែង ឬអ្វីៗផ្សេងទៀត ដែលប្រជាពលរដ្ឋមិនអាចទៅធ្វើស្រែចម្ការបាននៅពេលពួកគេព្យាយាមពន្យល់បញ្ហាផ្សេងៗច្រើនពេកដើម្បីទទួលស្នាមមេដៃ។ នេះគឺជាយន្តការរបស់យើង”៕ សារុន

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស