29 C
Phnom Penh

បក្ស​​​ប្រជាជនទទួល​​​បានប្រយោជន​​​៍​​​ពីអវត្តមាន​​​របស់​​​តំណាង​​​រាស្ត្រ​​​​​​បក្ស​​​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្វីដែលជាជ័យជម្នះនៅក្នុងយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិដើម្បីការពារអធិបតេយ្យភាពរបស់សភាពីអង្គនីតិប្រតិបត្តិ បានក្លាយជាឱកាសល្អសម្រាប់គណបក្សប្រជា ជនកម្ពុជាកំពុងកាន់អំណាច ខណៈតំណាងរាស្ត្រគណបក្សប្រឆាំងបានធ្វើពហិការមិនចូលរួមនៅក្នុងការសាកសួរលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីម្សិលមិញ ។

គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យរដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលបង្ហាញខ្លួននៅក្នុងសភាដើម្បីសាកសួរជាយូរមកហើយ ប៉ុន្តែត្រូវបានច្រានចោលរហូតដល់ដើមសប្តាហ៍នេះទើបក្រុមមន្ត្រីបានកោះហៅលោក អង្គ វង្សវឌ្ឍានា ឱ្យមកបង្ហាញខ្លួនពាក់ព័ន្ធនឹងបញ្ហាជាច្រើនក្នុងនោះរួមមានដូចជាភាគហ៊ុននៅក្នុងក្រុមហ៊៊ុនបរទេសដែលត្រូវបានលាតត្រដាងនៅក្នុង”បណ្តុំឯកសារប៉ាណាម៉ា (Panama Papers)”ជាដើម។

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និយាយជាមួយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋសភា កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និយាយជាមួយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋសភា កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ទោះជាយ៉ាងណា គណបក្សប្រឆាំងកំពុងធ្វើពហិការមិនចូលសភាជុំវិញការចាប់ខ្លួនសហសេវិករបស់ខ្លួន ទោះបីជាពួកគាត់មានអភ័យឯកសិទ្ធិរួចផុតពីការផ្តន្ទាទោសក៏ដោយ ហើយមិនបានមានវត្តមានទេកាលពីម្សិលមិញ ដោយបណ្តោយឲ្យរដ្ឋមន្ត្រីក្រសួងយុត្តធម៌រូបនេះទទួលបានអត្ថប្រយោជន៍ពេញលេញ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះបាននិយាយនៅក្នុងសភាថា “ខ្ញុំមានការភ្ញាក់ផ្អើលហើយនឹកស្មានមិនដល់សោះថា តំណាងរាស្ត្រចំនួន១៦រូបដែលដាក់សំណួរឲ្យខ្ញុំឆ្លើយនៅពេលនេះសុទ្ធតែអវត្តមានទាំងអស់ ដោយខ្វះហេតុផល និងខ្វះការទទួលខុសត្រូវ”។

លោក អង្គ វង្សវឌ្ឍានា បានឆ្លើយសំណួរមួយភ្លែតពាក់ព័ន្ធការឃុំខ្លួនជាបណ្តោះអាសន្នទាក់ទិននឹងការចោទប្រកាន់ពីបទល្មើសមួយចំនួន និងបទល្មើសមួយផ្សេងទៀតទាក់ទិនការប្រើប្រាស់អំណាចរបស់លោកគ្របដណ្តប់លើព្រះរាជអាជ្ញា។ បន្ទាប់មករដ្ឋមន្ត្រីរូបនេះ បានផ្តល់សិទ្ធិទៅឲ្យតំណាងរាស្ត្រគណបក្សប្រជាជនផ្សេងៗទៀតដែលជជីកសួរគណបក្សប្រឆាំងពាក់ព័ន្ធការអះអាងដែលថា តំណាងរាស្ត្ររបស់ខ្លួនមិនគួរត្រូវបានចាប់ខ្លួនទេ ដោយសារពួកគាត់មានអភ័យឯកសិទ្ធិនោះ។

លោក អុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងសុទ្ធតែត្រូវបានចាប់ដាក់ពន្ធនាគាររួចហើយ ខណៈការចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងត្រូវបាន “អនុម័តយល់ព្រម” ដោយសភា ដោយតំណាងរាស្ត្រគណបក្សកម្ពុជាបានអនុម័តនូវការបកស្រាយថ្មីមួយអំពីអភ័យឯកសិទ្ធិដែលគណបក្សសង្គ្រោះជាតិជំទាស់ថា រំលោភបំពានលើរដ្ឋធម្មនុញ្ញ។

លោក ជាម យៀប តំណាងរាស្ត្រជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាបានថ្លែងនៅក្នុងសភាថា ច្បាប់េនះគ្រាន់តែត្រូវបានអនុវត្តតាមអ្វីដែលមានចែងប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា “ខ្ញុំចង់សួរអស់លោកថា តើយើងអាចជួយដោយវិធីណាទៅ?ព្រោះតំណាងរាស្ត្រទាំងនោះប្រព្រឹត្តបទល្មើសខុសច្បាប់នៅខាងក្រៅសភា”។

នៅក្នុងសភាដដែល លោក ឈាង វុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបន្ទាប់មកបានរិះគន់លោក កឹម សុខា សម្រាប់ការដែលនៅតែមិនបញ្ជាក់ ឬបដិសេធការចោទប្រកាន់ដែលថា លោកមានរឿងស្នេហាលួចលាក់ បីខែបន្ទាប់ពីការអះអាងបែបនេះបានបែកធ្លាយជាលើកដំបូងតាមហ្វេសប៊ុក។

លោកបានសួរថា “យើងជាអ្នកនយោបាយត្រូវតែឆ្លើយតបទៅនឹងអ្វីៗដែលយើងបានធ្វើ។ ប្រសិនបើយើងមិនឆ្លើយតបទេតើប្រជាពលរដ្ឋអាចជឿជាក់មកលើយើងម្តេចនឹងកើតទៅ?”។ លោកបានសួរបន្ថែមថា “ប្រសិនបើយើងការពាររឿងអាស្រូវ តើសង្គមកម្ពុជារបស់យើងនឹងទៅជាយ៉ាងម៉េចទៅនៅថ្ងៃអនាគត?”។

បន្ទាប់មកទៀតលោក ឈាង វុន បានចោទ ប្រកាន់លោក កឹម សុខា ថា ពូកែលាក់ពុតដោយអះអាងថា លោកមានស្រីកំណាន់ដែល ជាកូនកាត់វៀតណាម ទោះបីជាគណបក្សប្រឆាំងបានរិះគន់ជាយូរមកហើយអំពីជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ក៏ដោយ។

ដោយប្រើពាក្យមិនពីរោះពិសាសម្រាប់ពលរដ្ឋវៀតណាមនោះ លោកបានមានប្រសាសន៍ថា “គាត់ធ្វើដំណើរទៅគ្រប់ទិសទីដើម្បីប្រាប់ប្រជាពលរដ្ឋឱ្យស្អប់យួន ប៉ុន្តែ គាត់បែរជាលួចលាក់មានប្រពន្ធយួន ហើយថែមទាំងមានកូនពីរនាក់ទៀតទៅវិញ។ នេះសបញ្ជាក់ឲ្យឃើញថា ជាការបោកប្រាស់ទាំងស្រុងហើយគាត់បានភូតកុហក ហេតុដូច្នេះយើងមិនអាចទទួលយកបានទេ”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសម័យប្រជុំកាលពីម្សិលមិញឡើយ ដោយបង្វែរសំណួរទៅលោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមិនអាចទាក់ទងបាន៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស