កាលពីម្សិលមិញ សភាអឺរ៉ុបបានអនុម័តសេចក្ដីសម្រេចមួយដោយចោទប្រកាន់រដ្ឋា ភិបាលកម្ពុជាថា បានដាក់បទចោទប្រកាន់លើគណបក្សប្រឆាំងដោយហេតុផលនយោបាយ ហើយអំពាវនាវឲ្យកាត់ផ្ដាច់ជំនួយ ប្រសិនបើរដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សឲ្យប្រសើរទេនោះ នេះជាការបន្ទរតាមសេចក្ដីសម្រេចស្រដៀងគ្នាមួយដែលខ្លួនបានអនុម័តកាលពី៦ខែមុន។
ដោយត្រូវបានអនុម័តតាមរយៈការលើកដៃអំឡុងសម័យប្រជុំពេញអង្គនៅទីក្រុងស្ត្រាសបឺក (Strasbourg) ប្រទេសបារាំង សេចក្ដីសម្រេចនេះផ្អឹបទុកជំនួយ៤៦៥លានដុល្លារដែលត្រូវផ្ដល់ឲ្យកម្ពុជារហូតដល់ឆ្នាំ២០២០ ហើយជំរុញឲ្យគណៈកម្មការអឺរ៉ុបបង្កើត ”ជំនួយហិរញ្ញវត្ថុដែលពឹងផ្អែកលើការប្រសើរឡើងក្នុងស្ថានភាពសិទ្ធិមនុស្ស”។
សេចក្ដីសម្រេចនេះអំពាវនាវឲ្យកម្ពុជាដកដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងចេញ ដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូបផ្សេងទៀត និងមន្ត្រីគ.ជ.ប.មួយរូបដែលត្រូវបានចាប់ខ្លួនកាលពីខែមេសា ជាផ្នែកនៃការស៊ើបអង្កេតរបស់រដ្ឋាភិបាលក្នុងរឿងអាស្រូវផ្លូវភេទមួយដែលពាក់ព័ន្ធលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង និងដកបទចោទប្រកាន់លើមេដឹកនាំសហជីព។
លោកស្រី បាបារ៉ា ឡូចប៊ីល័រ (Barbara Lochbihler) សមាជិកសភាមកពីអាល្លឺម៉ង់មានប្រសាសន៍ក្នុងសម័យប្រជុំនោះថា “យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការអនុវត្តនេះ ឈប់ធ្វើទុក្ខបុកម្នេញថ្នាក់ដឹកនាំគណបក្សប្រឆាំង”។
សំដៅដល់ការវាយដំយ៉ាងព្រៃផ្សៃទៅលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបនៅខាងក្រៅរដ្ឋសភាក្នុងរាជធានីភ្នំពេញកាលពីខែតុលា លោកស្រីបានលើកឡើងទៀតថា “ប៉ុន្តែអ្នកគាំទ្រត្រូវបានគំរាមកំហែង ឬប្រជាពលរដ្ឋបានរងការវាយប្រហារហិង្សា ពេលពួកគាត់ទៅកាន់រដ្ឋសភា”។
សេចក្ដីសម្រេចនេះជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេតពេញលេញ និងមិនលម្អៀងលើការប្រើអំពើហិង្សានោះដោយមានការចូលរួមពីអង្គការសហប្រជាជាតិ។ អង្គរក្សបីនាក់មកពីអង្គភាពកងអង្គរក្សផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសារភាពទទួលស្គាល់ថាខ្លួនជាអ្នកប្រព្រឹត្តការវាយដំនោះ ប៉ុន្តែបណ្ដាអង្គការសិទ្ធិមនុស្សដែលតាមដានសវនាការនេះ បានចោទប្រកាន់តុលាការថាបានរៀបចំដំណើរការនីតិវិធីដើម្បីកម្រិតផលប៉ះពាល់។
លោក អុីកណាហ្ស៊ីអូ កូរ៉ាវ (Ignazio Corrao) សមាជិកសភាមកពីអុីតាលីបានចង្អុលបង្ហាញថា សេចក្ដីសម្រេចនេះគឺជាសេចក្តីសម្រេចលើកទី៣ថ្កោលទោសកំណត់ត្រាសិទ្ធិមនុស្សរបស់កម្ពុជា ដែលបានទៅដល់ដៃសភាអឺរ៉ុបក្នុងរយៈពេល១ឆ្នាំ។
លោកថ្លែងថា “ថ្ងៃនេះ យើងត្រូវលើកឡើងឡើងវិញថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងបង្ក្រាបយ៉ាងព្រៃផ្សៃមិនត្រឹមតែសេរីភាពបញ្ចេញមតិ និងការជួបជុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរាល់ទម្រង់នៃការការពារសិទ្ធិមនុស្សទៀតផង។ ប្រហែលជាយើងត្រូវពិនិត្យមើលឡើងវិញលើជំនួយអភិវឌ្ឍន៍របស់យើង។ យើងមិនគួរបញ្ជូនវាតាមរយៈពួកគេទេ ប៉ុន្តែត្រូវបញ្ជូនតាមបណ្ដាញប្រជាធិបតេយ្យ ជាពិសេសជាមួយនឹងទស្សនៈអំពីការបោះឆ្នោតឆ្នាំ២០១៧។ ប្រសិនបើយើងមានលិខិតុបករណ៍ យើងគួរតែប្រើប្រាស់វា។ បើមិនដូច្នោះទេ យើងនឹងនៅទីនេះនិយាយរឿងដដែលទៀតនៅឆ្នាំក្រោយ”។
សមាជិកសភាផ្សេងៗទៀតបានលើកឡើងថា ពួកគេគាំទ្រការពិនិត្យមើលឡើងវិញលើជំនួយរបស់សហភាពអឺរ៉ុបជួយដល់កម្ពុជា។
លោក ជីរី ប៉ូស្ពីស៊ីល (Jiri Pospisil) សមាជិកសភាមួយរូបមកពីសាធារណរដ្ឋឆែក បានមានប្រសាសន៍ថា “ប្រសិនបើរដ្ឋាភិបាលបន្តធ្វើដូចនេះទៀតដាក់ថ្នាក់ដឹកនាំគណបក្សប្រឆាំង ប្រហែលជាគណៈកម្មការគួរតែវាយតម្លៃឡើងវិញថា តើប្រាក់ជំនួយប្រហែលជាមិនត្រូវបានប្រើប្រាស់បានល្អទេសម្រាប់បញ្ហាទេសន្តរប្រវេសន៍ ឬបញ្ហាស្រដៀងគ្នាផ្សេងទៀត”។
ទោះជាយ៉ាងណា មានសមាជិកសភាមួយចំនួនរិះគន់កាន់តែខ្លាំងជាងនេះទៅទៀត។
លោក ចាវីយេ ណាត (Javier Nart) សមាជិកសភាមកពីអេស្ប៉ាញបានមានប្រសាសន៍ថា “និយាយឲ្យចំទៅ គឺកម្ពុជាមានឋានានុក្រមពុករលួយ។ វាមានចោរធិបតេយ្យដែលបានគ្រប់គ្រងចាប់តាំងពីលោក ហ៊ុន សែន ដែលជាមេបញ្ជាការខ្មែរក្រហមបានឡើងកាន់អំណាចក្រោមអាណាព្យាបាលរបស់វៀតណាម និងបន្ទាប់មកតាមរយៈការដឹកនាំផ្ដាច់ការរបស់លោកដែលគាំទ្រដោយកងកម្លាំងប្រដាប់អាវុធ។ យើងកំពុងទំនាក់ទំនងជាមួយជនអន្ធពាលនៅទីនេះ។ យើងមិនអាចបន្តផ្ដល់ជំនួយដល់រដ្ឋាភិបាលនេះបានឡើយ។ យើងមិនអាចរក្សាស្ថានភាពនេះនៅកម្ពុជាបានទេ។ យើងត្រូវភ្ជាប់ជំនួយរបស់សហភាពអឺរ៉ុបទៅនឹងការធ្វើឲ្យប្រសើរឡើងនូវបញ្ហាសិទ្ធិមនុស្ស”។
លោក ស្តានីស្លាវ ប៉ូលកាក (Stanislav Polcak) សមាជិកសភាឆែក មួយរូបទៀតបានមានប្រសាសន៍ថា ការដកជំនួយគឺជាវិធីតែមួយគត់ដើម្បីបង្ខំឲ្យមានការផ្លាស់ប្ដូរពិតប្រាកដនៅកម្ពុជា។ លោកបានថ្លែងថា “សិទ្ធិមនុស្សជាមូលដ្ឋានគឺជាសិទ្ធិសកល ហើយការរំលោភសិទ្ធិនៅកម្ពុជាប្រាកដជាមានផលប៉ះពាល់មកលើជំនួយអភិវឌ្ឍន៍របស់យើងសម្រាប់ប្រទេសនេះ។ បើមិនដូច្នោះទេ យើងគ្មានលិខិតុបករណ៍ពិតប្រាកដដើម្បីបង្ខំឲ្យប្រទេសនេះកែប្រែស្ថានភាពឡើយ”។
លោក គ្រីស្តូស ស្ទីលៀណាយស៍ (Christos Stylianides) ឧត្ដមស្នងការរបស់សហភាពអឺរ៉ុបទទួលបន្ទុកជំនួយមនុស្សធម៌បានមានប្រសាសន៍ថា សហភាពអឺរ៉ុបបានក្រើនរំឭករដ្ឋា ភិបាលកម្ពុជាជាប្រចាំអំពីក្ដីបារម្ភរបស់ខ្លួន ហើយនឹងបន្តឃ្លាំមើលស្ថានភាពនេះទៀត មុនពេលសម្រេចថាតើត្រូវសង្កេតការណ៍ការបោះឆ្នោតក្នុងពេលឆាប់ៗខាងមុខ ដែលអាចជាទម្រង់នៃការគាំទ្រ ឬយ៉ាងណា។
លោកមិនបានលើកឡើងអំពីការអំពាវនាវឲ្យវាយតម្លៃឡើងវិញលើជំនួយរបស់សហភាពអឺរ៉ុបជួយដល់កម្ពុជាទេ។ កាលពីខែវិច្ឆិកា សភាអឺរ៉ុបបានអនុម័តសេចក្ដីសម្រេចស្រដៀងគ្នាមួយជំរុញឲ្យគណៈកម្មការនេះផ្តល់ជំនួយដោយមានលក្ខខណ្ឌធ្វើឲ្យសិទ្ធិមនុស្សប្រសើរឡើង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា សភានឹងប្រើប្រាស់ពេលវេលារបស់ខ្លួនបានល្អតាមរយៈការថ្កោលទោសអ្នកដែលលោកហៅថា ឧក្រិដ្ឋជនពិតប្រាកដ។
សំដៅដល់លោក សម រង្ស៊ី និងតំណាងរាស្ត្រ ព្រមទាំងមន្ត្រីសិទ្ធិមនុស្សដែលរដ្ឋាភិបាលបានចាប់ខ្លួនក្នុងរយៈពេលពីរបីខែមកនេះ លោកបានថ្លែងថា “ពួកគេគួរតែណែនាំឯកឧត្តម និងមនុស្សទាំងនោះឲ្យឈប់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ វាជារឿងធម្មតាទេ ពេលមនុស្សប្រព្រឹត្តបទល្មើស ពួកគេនឹងត្រូវចាប់ខ្លួន វ៉ៃខ្នោះ និងដាក់ពន្ធនាគារ។ បើករណីបែបនេះកើតឡើងក្នុងប្រទេសណាមួយនៅក្នុងសហភាពអឺរ៉ុប ពួកគេនឹងទទួលទោសធ្ងន់ជាងនេះទៅទៀត”។
លោកថ្លែងថា កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាប្រជាធិបតេយ្យ “ប៉ុន្តែតើយើងគួរដើរតាមមាគ៌ាណា បើអ្នកដែលប្រព្រឹត្តបទល្មើសទាំងនោះមិនត្រូវបានចាប់ខ្លួន និងចោទប្រកាន់ទៅតាមផ្លូវច្បាប់?”។
ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីក្តីរំពឹងថាសហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មកម្ពុជាតាមរយៈការកាត់ផ្ដាច់ជំនួយឡើយ៕ សុខុម