ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ការសើុបអង្កេតរបស់រដ្ឋាភិបាលពីការបាក់ស្រុតផ្លូវនៅជាប់ពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញ អំឡុងពេលទឹកជន់លិចភ្លាមៗកាលពីថ្ងៃពុធ បានសន្និដ្ឋានថា ការដ្ឋានសំណង់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ដ៏មានអំណាចដែលនៅក្បែរនោះជាអ្នកខុស។
កំណាត់ផ្លូវលេខ១៦១ប្រវែង២០ម៉ែត្រនៅជាប់ក្រុមហ៊ុនអភិវឌ្ឍន៍ Olympia City នៅក្នុងខណ្ឌ៧មករាដែលកាន់កាប់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាបានបាក់ស្រុតអំឡុងភ្លៀងខ្លាំងនៅពេលរសៀលដោយបានលេបត្របាក់រថយន្តហុងដា CRV ចតទុកចោលមួយគ្រឿង និងបណ្តាលឲ្យខូចខាតរថយន្តពីរគ្រឿងទៀត។
ពីដំបូងលោក ហៀក ចាន់លាង អភិបាលរងខណ្ឌបានអះអាងថា ការបាក់ស្រុតនេះបានកើតឡើងពេលទឹកជន់លិចហូរច្រោះលូនៅពីក្រោមផ្លូវនោះ ប៉ុន្តែកាលពីម្សិលមិញ បានលើកឡើងថា អ្នកជំនាញថ្នាក់រាជធានីមួយក្រុមបានកំណត់ថា ក្រុមហ៊ុនOCIC ជាអ្នកត្រូវទទួលខុសត្រូវចំពោះការបាក់ស្រុតផ្លូវនេះ។ លោកបានមានប្រសាសន៍ថា “បញ្ហាសំខាន់នេះបង្កឡើងដោយក្រុមហ៊ុន OCIC ដែលកំពុងសាងសង់អគារនៅបែ៉កខាងលិចផ្លូវេនះ”។
យោងតាមលោក ចាន់លាង បានឲ្យដឹងថា ការចុះពិនិត្យតំបន់នោះបានបង្ហាញឱ្យឃើញថា ក្រុមហ៊ុនបានជីកដីនៅការដ្ឋាន ហើយបានប្រើទម្រដែកដើម្បីការពារតំបន់នេះកុំឱ្យបាក់ដី ប៉ុន្តែ ទម្រនោះមិនអាចការពារបានទេអំឡុងភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃពុធ។
លោកបានមានប្រសាសន៍ថា “វាមិនអាចទប់ទឹកមិនឲ្យហូរតាមរណ្តៅដីដែលពួកគេបានជីកសម្រាប់ធ្វើចំណតរថយន្តបានឡើយ។ ក្រុមហ៊ុនបានជីកដីពីគែមផ្លូវ ហើយការច្រោះដីដោយសារទឹកបានបង្កឲ្យមានការបាក់ស្រុតនេះ។ លោកបានបន្ថែមថា “ក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះការបាក់ស្រុតនេះ”។
លោក ចាន់លាង បានមានប្រសាសន៍ថា សាលារាជធានីត្រូវបានជូនដំណឹងពីលទ្ធផលនៃការចុះពិនិត្យ ប៉ុន្តែថា លោកនៅរង់ចាំការណែនាំថា តើត្រូវបន្តដូចម្តេច។
លោក ឃួង ស្រេង អភិបាលរងរាជធានីនិងលោក សម ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីបានបដិសេធមិននិយាយអំពីករណីេនះទេ។ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអះអាងថា ក្រុមហ៊ុន OCIC ជាអ្នកខុស ប៉ុន្តែ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
នៅពេលទាក់ទងនាព្រឹកថ្ងៃនោះ លោក ទូច សំណាង អ្នកគ្រប់គ្រងគម្រោង OCICបាន មានប្រសាសន៍ថា ក្រុមហ៊ុនស្ម័គ្រចិត្តជួសជុលផ្លូវនេះឡើងវិញ។
លោកបានថ្លែងថា “ប្រសិនបើយើងចេះតែរង់ចាំ… ហើយទុកឲ្យរដ្ឋមកជួសជុលនោះ វានឹងចំណាយពេលយូរណាស់។ ដូច្នេះយើង នឹងចំណាយពេលបន្តិចបន្តួចដើម្បីជួសជុល”។
ប៉ុន្តែលោក សំណាង បានបដិសេធមិននិយាយថា តើការជួសជុលនឹងចំណាយប្រាក់អស់ប៉ុន្មានឡើយ ហើយបានបដិសេធថា ក្រុមហ៊ុនគ្មានកំហុសទេ ដោយចាត់ទុក ការបាក់ស្រុតនេះថាជា “គ្រោះមហន្តរាយធម្មជាតិ”។
លោកបានថ្លែងថា “ប្រសិនបើវាបង្កឡើយដោយការដ្ឋានសំណង់វានឹងបាក់ដីនៅក្នុងការដ្ឋានសំណង់មុន មុនពេលវាបាក់ស្រុតនៅខាងក្រៅ ប៉ុន្តែ នៅខាងក្នុង ការដ្ឋានរបស់យើងនៅល្អដដែល”។
គម្រោង Olympia City ជា “គម្រោងប្រើប្រាស់ចម្រុះ” ដែលមានសាងសង់ខុនដូ ហាងលក់ទំនិញ និងការិយាល័យ ត្រូវបានញាំញីដោយគ្រោះថ្នាក់ជាច្រើន។ ការសាងសង់នៅលើការដ្ឋាននេះត្រូវបានជាប់គាំងជាច្រើនថ្ងៃកាលពីចុងឆ្នាំ២០១៤ បន្ទាប់ពីស្ត្រីម្នាក់ត្រូវបានដែកស្រួចធ្លាក់ពីអគារដែលកំពុងសាងសង់ត្រូវស្លាប់ ខណៈគាត់ជិះម៉ូតូកាត់ទីនោះ។ កាលពីខែកុម្ភៈរបងស័ង្កសីមួយកំណាត់ដែលព័ទ្ធជុំវិញការដ្ឋាននេះបានរលំលើអ្នកបើកបរយានយន្តម្នាក់។
លោក មឿន តុលា ប្រធានអង្គការ Central ជាអង្គការសិទ្ធិការងារ និងពីមុនបានដឹកនាំសហជីពកម្មករសំណង់បានមានប្រសាសន៍ថា ការពង្រឹងច្បាប់ឲ្យបានតឹងរឹុងក្នុងវិស័យសំណង់ដែលកំពុងរីកដុះដាលអាចទប់ស្កាត់គ្រោះថ្នាក់បែបនេះដោយងាយស្រួល។
លោកបាននិយាយដល់គ្រោះថ្នាក់មួយចំនួនថា “រហូតមកទល់ពេលនេះ យើងឃើញ មានការពិនិត្យមិនបានដិតដល់ជាច្រើន ដូចជាការពិនិត្យគុណភាពការដ្ឋានសំណង់ និងគុណភាពសំណង់ ហើយវាកើតឡើងម្តងហើយម្តងទៀត។ យើងឃើញមានចំណុចខ្សោយនៃប្រព័ន្ធនេះ៕ សារុន (រាយការណ៍បន្ថែមដោយ Janelle Retka)