លោក កាំង ហ្កេកអ៊ាវ ប្រធានគុកស២១ហៅ ឌុច បានបង្ហាញការចោទប្រកាន់បន្ថែមទៀតទៅលើលោក នួន ជា ក្នុងពេលសាកសួរនៅឯតុលាការខ្មែរក្រហមកាលពីម្សិលមិញ ដោយអះអាងថា បងធំទី២នៃរបបនោះបានបញ្ជាផ្ទាល់មាត់ឲ្យដុតកម្ទេចអ្នកទោសបស្ចិមប្រទេសបួននាក់។
ឌុច ត្រូវបានកាត់ឲ្យជាប់ទោសពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិក្នុងឆ្នាំ២០១០ ហើយកំពុងអនុវត្តទោសអស់មួយជីវិតនៅឯពន្ធនាគារខេត្តកណ្តាល។ ឌុច កំពុងផ្តល់សក្ខីកម្មក្នុងដំណាក់ការទី២នៃសំណុំរឿង០០២ ដែលនៅក្នុងនោះ នួន ជា និង ខៀវ សំផន ប្រមុខរដ្ឋខ្មែរក្រហម កំពុងឡើងសវនាការពីបទឧក្រិដ្ឋកម្ម រួមទាំងបទប្រល័យពូជសាសន៍ដែរ។
សួរដោយអ្នកស្រី ម៉ារី ហ្គីរូដ មេធាវីការពារភាគីបណ្តឹងរដ្ឋប្បវេណីដែលចូលរួមក្នុងសវនាការទាក់ទងនឹងវាសនានៃជនជាតិអាមេរិកាំងពីរនាក់ដែលចាប់បាននៅសមុទ្រដោយទ័ពជើងទឹកខ្មែរក្រហមក្នុងចុងឆ្នាំ១៩៧៨ គឺលោក មៃឃើល ស្គត ឌីត និងលោក គ្រិស្ទូហ្វឺ អេដវើដ ដឺឡង់ នោះ ឌុច បាននិយាយថា បុរសទាំងពីរត្រូវគេសម្លាប់ចោលយ៉ាងឃោរឃៅ នៅគុកស២១ជាមួយនឹងជនបស្ចិមប្រទេសពីរនាក់ទៀត។
ឌុច បាននិយាយអំពីអ្នកទាំងបួននោះថា “ពួកគេត្រូវចាប់ខ្លួនពីបទឈ្លានចូលទឹកដីកម្ពុជា ដើម្បីប្រមូលព័ត៌មាន។ ពួកគេត្រូវបានសួរចម្លើយ ហើយបន្ទាប់មកត្រូវកម្ទេចចោល”។
ឌុច បាននិយាយថា នៅពេលដែលជនបស្ចិមប្រទេសត្រូវគេឃុំខ្លួនដំបូងនៅស២១នោះ នួន ជា បានហៅខ្លួនឲ្យមកប្រជុំ ហើយបានបញ្ជាឲ្យកម្ទេចពួកគេ។
ឌុច បាននិយាយថា “គាត់ហៅខ្ញុំឲ្យមកជួបគាត់ដើម្បីធ្វើការងារនៅឯសាលាពុទ្ធិកសុរាម្រិត។ នៅទីនោះ គាត់បានប្រាប់ខ្ញុំថា ពួកគេត្រូវកម្ទេចចោល ហើយដុតឆេះឲ្យអស់”។
មេគុកស២១រូបនេះបាននិយាយថា “ជនបស្ចិមប្រទេសណាដែលចាប់ខ្លួនបានហើយយើងកម្ទេចចោល។ អនុញ្ញាតឲ្យខ្ញុំនិយាយឡើងវិញនូវអ្វីដែលខ្ញុំបាននិយាយរួចហើយ ‘យើងមិនចង់ដើរតាមគុយបាទេ ព្រោះគេឃុំខ្លួនអ្នកទោសអាមេរិកាំងជាថ្នូរនឹងត្រាក់ទ័រ ប៉ុន្តែ នៅទីនេះយើងត្រូវដុតពួកគេឲ្យទៅជាផេះ។ នេះជាបទបញ្ជាដាច់ខាតដែលខ្ញុំត្រូវធ្វើតាម’។
កាលពីព្រឹក លោក ឌុច បានរៀបរាប់អំពីវិធីធ្វើទារុណកម្មព្រៃផ្សែ និងចម្លែកៗដែលអនុវត្តក្រោមការពិនិត្យផ្ទាល់របស់គាត់នៅស២១។
ឌុច បាននិយាយថា អ្នកទោសខ្លះបញ្ជាឲ្យលុតជង្គង់សំពះរូបឆ្កែ ដោយគាត់អះអាងថា សត្វឆ្កែគឺតំណាងអតីតប្រធានាធិបតេយ្យសហរដ្ឋអាមេរិក លោក រីឆាដ និកហ្សុន និងមេដឹកនាំកម្មុយនិស្តវៀតណាម ហូ ជីមិញ។
ឌុច បាននិយាយថា “រូបត្លុកមានខ្លួនជាមនុស្ស ក្បាលឆ្កែគឺរូបនោះសំដៅលើ ហូ ជីមិញ និង និកហ្សុន។ អ្នកទោសត្រូវគេបញ្ជាឲ្យគោរពរូបទាំងពីរនោះ ហើយត្រូវទន្ទេញឲ្យចាំ។ ‘ឱព្រះអើយ'”។
ឌុច បាននិយាយរៀបរាប់ថា បន្ទាប់ពីគេបានចម្លើយសារភាពតាមរយៈវិធីផ្សេងៗរួមទាំងការឆក់ខ្សែភ្លើង និងជ្រមុជឲ្យឈ្លក់ទឹកក្នុងថង់ នោះរបាយការណ៍ទាក់ទងនឹងការសួរចម្លើយត្រូវផ្ញើជូន នួន ជា។
ក្នុងអំឡុងពេលសវនាការចុងក្រោយនៅក្នុងថ្ងៃនោះ អតីតមេគុករូបនេះបានបដិសេធចោលយ៉ាងដាច់អហង្ការចំពោះការអះអាងថា មានការចាប់រំលោភច្រើនណាស់នៅក្នុងគុកស២១ ហើយបានថ្លែងថា សក្ខីកម្មដែលបានមកពីសាក្សីពីមុនមួយរូបដែលរៀបរាប់អំពីការចាប់រំលោភអ្នកទោសម្នាក់នៅតាមកាំជណ្តើរ គឺ”ហួសពីការជឿ”។
ឌុច បាននិយាយថា “ខ្ញុំមិនជឿថា ងាយរំលោភស្រីនៅកណ្តាលវាលអ៊ីចឹងទេ បើវាមានអ៊ីចឹងមែន អ្នកនោះត្រូវដាច់ក្បាលហើយ”៕ រើន