28 C
Phnom Penh

លោក ​​​បាន គីមូន ​​​​ហៅទូរស័ព្ទមក​​​​​​​រដ្ឋមន្ត្រី​​​ក្រសួង​ការបរទេស​ដោយបង្ហាញ​ពីការព្រួយបារម្ភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានទូរស័ព្ទមកលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសដោយផ្ទាល់នៅសប្តាហ៍នេះ ដោយលើកឡើងពីក្តីបារម្ភអំពីការចាប់ខ្លួន និងការយាយីរបស់រដ្ឋាភិបាលមកលើតំណាងរាស្រ្តគណបក្សប្រឆាំងនិងអ្នកផ្សេងទៀត។

ការហៅទូរស័ព្ទដ៏កម្រនេះបានធ្វើឡើងក្រោយពីមានសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិអំពីស្ថានភាពនយោបាយបច្ចុប្បន្ននៅប្រទេសកម្ពុជា ដែលមជ្ឈដ្ឋានខ្លះចាត់ទុកថាមានភាពស្ទាក់ស្ទើរពេក។

អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ទាក់ទងនឹងការហៅទូរស័ព្ទកាលពីល្ងាចថ្ងៃអង្គារថា “អគ្គលេខាធិការបានសម្តែងក្តីព្រួយបារម្ភអំពីរបាយការណ៍នៃការបំភិតបំភ័យ ការយាយីកាន់តែខ្លាំង និងមានការចាប់ខ្លួនអ្នកធ្វើការក្នុងសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សមាជិក បុគ្គលិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណបក្សប្រឆាំង”។

សេចក្តីថ្លែការណ៍បាននិយាយថា លោក បាន គីមូន បានអំពាវនាវឱ្យវិលទៅរក”វប្បធម៌សន្ទនា”វិញ ដែលគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិបានបង្កើតឡើងក្រោយពីការបោះឆ្នោតនាឆ្នាំ២០១៣ដ៏ចម្រូងចម្រាស និងអំពាវនាវឲ្យរដ្ឋាភិបាល “ធានានូវការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ រួមទាំងសេរីភាពនៃការបញ្ចេញមតិ សិទ្ធិបង្កើតសមាគមនិងការជួបជុំគ្នា”។

បច្ចុប្បន្ននេះ គណបក្សសង្គ្រោះជាតិកំពុងធ្វើពហិការមិនចូលសភា ដោយតវ៉ានឹងការចាប់ខ្លួននាពេលថ្មីៗនេះលើតំណាងរាស្រ្តរបស់ខ្លួន ទោះបីជាមានអភ័យឯកសិទ្ធិរួចផុតពីការផ្តាន្ទាទោសក៏ដោយ ជាបទចោទប្រកាន់ដែលគេជឿជាទូទៅថាជាហេតុផលនយោបាយ។

លោក ជុំ សុន្ទរី អ្នកនំាពាក្យក្រសួងការបរទេសបដិសេធមិននិយាយអំពីការហៅទូរស័ព្ទនោះទេ។

ការហៅទូរស័ព្ទនៅថ្ងៃអង្គារក៏បានធ្វើឡើងដែរ បន្ទាប់ពីមានសនិ្នសីទកាសែតមួយនៅថ្ងៃទី២ ខែ មិថុនានៅទីក្រុងញូវយ៉កដែលពេលនោះ អ្នកនាំពាក្យរបស់លោក បាន គីមូន បាននិយាយថា លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា តុលាការកម្ពុជាត្រូវអនុវត្តឲ្យមានភាពត្រឹមត្រូវនិងស្មើភាពគ្នា។

កាលពីខែមុន ក្រុមអង្គការសិទ្ធិមនុស្សមួយចំនួនបានរិះគន់យ៉ាងខ្លាំងលើអង្គការសហប្រជាជាតិចំពោះសេចក្តីថ្លែងការណ៍ស្រដៀងគ្នារបស់ខ្លួនដែលបានធ្វើឡើងពីបីថ្ងៃមុន។ ពួកគេជំរុញឲ្យអង្គការសហប្រជាជាតិចាត់វិធានការម៉ឺងម៉ាត់ផ្ទាល់ទៅលើប្រទេសកម្ពុជា ដើម្បីធ្វើឲ្យស្ថានភាពប្រសើរឡើងវិញ។

អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននិយាយថា ការហៅទូរស័ព្ទនៅថ្ងៃអង្គារនោះ គឺជាជំហានមួយប្រសើរ។

អ្នកស្រីបាននិយាយក្នុងសារអ៊ីម៉េលថា “វាជារឿងប្រសើរណាស់ ដោយឃើញលោក បាន គីមូន ធ្វើអន្តរាគមន៍ដោយផ្ទាល់។ អន្តរាគមន៍បែបនេះគឺដើម្បីក្រើនរំលឹកដល់រដ្ឋាភិបាលថា ពិភពលោកកំពុងតែឃ្លាំមើលរាល់សកម្មភាពរបស់គេ ហើយថា ‘កិត្តិយសនិងកេរ្តិ៍ឈ្មោះ’របស់គេ គឺគួររក្សាឲ្យបានល្អប្រសើរ ដោយគោរពសិទ្ធិមនុស្សជាជាងចាប់អ្នករិះគន់របស់គេដាក់ពន្ធនាគារ”៕ មាំ វិបុល

 

 

 

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស