ការិយាល័យប៊ុណ្ណា រៀលធី គ្រុបក្នុងក្រុងភ្នំពេញ។ រូបថតដោយ ស៊ីវ ចាន់ណា/ខេមបូឌា ដេលី

ទស្សនៈ

ប្រធាន​ក្រុមហ៊ុន​វាយ​តម្លៃ​អចលន​ទ្រព្យជាប់ឃុំ​ពីបទ​បោកប្រាស់

By

June 11, 2016

យោងតាមមន្ត្រីតុលាការឲ្យដឹងថា លោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ត្រូវជាប់ឃុំពីបទ បោកបន្លំកាលពីថ្ងៃសុក្រ បន្ទាប់ពីបានចេញសែកមួយដែលគ្មានទឹកប្រាក់។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននិយាយថា លោក ប៊ុណ្ណា ត្រូវបានចាប់ខ្លួននៅ ព្រឹកថ្ងៃសុក្រ និងបាននាំខ្លួនភ្លាមៗទៅកាន់តុលាការដើម្បីសាកសួរ។

ការិយាល័យប៊ុណ្ណា រៀលធី គ្រុបក្នុងក្រុងភ្នំពេញ។ រូបថតដោយ ស៊ីវ ចាន់ណា/ខេមបូឌា ដេលី

លោកបាននិយាយថា “លោក សេង ហ៊ាង ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកានាំខ្លួនលោក ស៊ឹង ប៊ុណ្ណា មកតុលាការពីបទចេញសែកគ្មានប្រាក់។ អាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តដីការបស់តុលាការ ដោយនំាខ្លួនលោក ស៊ឹង ប៊ុណ្ណា មកសាកសួរនៅមុខព្រះរាជអាជ្ញា”។

នៅពេលល្ងាច លោក សុផាណា បាននិយាយថា លោក ប៊ុណ្ណា ត្រូវជាប់ចោទតាមមាត្រា២៣១នៃច្បាប់ស្ដីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ដែលមានការពិន័យ និងទោសជាប់ពន្ធនាគារ ចំពោះអ្នកដែលត្រូវបានរកឃើញថា មានការរំលោភច្បាប់ទាំងនោះ។

លោកបាននិយាយថា “ព្រះរាជអាជ្ញាបានរកឃើញថា មានភ័ស្តុតាងដាក់បន្ទុក ហើយបានសម្រេចចោទប្រកាន់ លោក ស៊ឹង ប៊ុណ្ណា”។ លោកបាននិយាយបន្ថែមថា ចៅក្រមស៊ើបសួរបានបញ្ជាក់អំពីការចោទប្រកាន់នេះ និង បានបញ្ជូនលោក ប៊ុណ្ណា ទៅពន្ធនាគារប៉េហ្ស៊ី ដើម្បីរង់ចាំសវនាការ។

យោងតាមកាសែតកោះសន្តិភាពប្រចាំថ្ងៃឲ្យដឹងថា លោក ប៊ុណ្ណា ត្រូវបាននគរបាលក្រសួងមហាផ្ទៃចាប់ខ្លួន នៅម៉ោងប្រហែល១១ថ្ងៃ ពីបទចេញសែកដែលមិនអាចប្រើការបានទៅឲ្យលោក កែវ ហ៊ុន ពាណិជ្ជករស្ដុកស្ដម្ភ ម្នាក់ដែលមានងារ “ឧកញ៉ា” ជាគោរមងារទទួលបានដោយការធ្វើអំណោយយ៉ាងតិច១០០.០០០ដុល្លារដល់រដ្ឋ។

អត្ថបទកាសែតនេះនិយាយថា លោក ប៊ុណ្ណា តាមសេចក្ដីរាយការណ៍ថា បានខ្ចីប្រាក់៤០០.០០០ដុល្លារពីលោក កែវ ហ៊ុន ហើយបានសងគាត់វិញនៅពេលថ្មីៗនេះជាសែកដែលឧកញ៉ារូបនេះមិនអាចដកប្រាក់បាន។

នៅពេលគេនាំលោកចេញពីតុលាការនាពេលល្ងាចថ្ងៃសុក្រ លោក ប៊ុណ្ណា បានប្រាប់អ្នកយកព័ត៌មានថា លោក មិនបារម្ភនឹងការចោទចំពោះរូបលោកទេ។

លោកបាននិយាយថា “វាមិនអីទេ ពីព្រោះនេះជាកាតព្វកិច្ចរបស់អ្នកជំនាញខាងច្បាប់ធ្វើការសម្រេច [ឃាត់ខ្លួនខ្ញុំ]។ អ្វីដែលគួរស៊ើបអង្កេតនឹងត្រូវស៊ើបអង្កេតបន្ថែម”។

លោកបាននិយាយនៅពេលគេសួរអំពីសែកនោះថា “ឲ្យ អេហ្វ ប៊ី អាយ (FBI) ស៊ើបអង្កេតទៅ”។

លោក នួន រិទ្ធី នាយកគ្រប់គ្រងក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទិននឹង ករណីនេះទេ។ ក្រុមមន្ត្រីនៅក្រសួងមហាផ្ទៃក៏មិនអាចទាក់ទងបានដែរ៕ និត