38 C
Phnom Penh

ការសិក្សាស្រាវជ្រាវដែល​ប្រើ​បច្ចេកវិទ្យា​ស្គែន​តាម​ឡាស៊ែរ​​​ពី​​​អាកាស​ផ្តល់​​ពន្លឺ​ថ្មី​លើ​ប្រវត្តិ​អង្គរ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការសិក្សាស្រាវជ្រាវចេញនៅក្នុងថ្ងៃនេះក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្របុរាណវិទ្យា (Journal of Archaeological Science) ប្រហែលជាអាចនាំឲ្យមានការសរសេរឡើងវិញនូវប្រវត្តិសាស្ត្រទាំងមូលរបស់ប្រទេសកម្ពុជា។

លទ្ធផលនៃយុទ្ធនាការប្រើបច្ចេកវិទ្យាស្គែនតាមឡាស៊ែរពីលើអាកាសក្នុងទ្រង់ទ្រាយដ៏ធំទូលំទូលាយបំផុត ដែលមិនដែលត្រូវបានធ្វើឡើងនៅក្នុងគម្រោងបុរាណវិទ្យា បានបង្ហាញថា ក្រុងអង្គរប្រហែលជាមិនត្រូវបានបោះបង់ចោលនៅក្នុងសទវត្សរ៍ទី១៥ ដោយសារការចូលវាយលុករបស់ទ័ពសៀម និងការចូលកាន់កាប់ដែលគេធ្លាប់តែជឿពីមុនមកនោះឡើយ។

cam-photo-angkorលោក ដេមៀន អេវេនស៍ (Damian Evans) បុរាណវិទូអូស្ត្រាលីបានសរសេរនៅក្នុងអត្ថបទនេះថា ព្រះមហាក្សត្រខ្មែរប្រហែលជារើទីតាំងដោយសារភាពចលាចលនយោបាយ ប៉ុន្តែការស្គែនផ្ទៃដីមិនបានបង្ហាញថា មនុស្សរាប់ម៉ឺននាក់តាមព្រះអង្គនោះឡើយ។

លោកបានសរសេរថា “ឥឡូវនេះ វាហាក់បីដូចជាទំនងថា ការយល់ឃើញខុសនៃការចល័តនៅមុនសម័យទំនើប និងភាពខុសគ្នានៃតំបន់ក្រុងត្រូវបានបង្កើតឡើងដោយព្រឹត្តិការណ៍នៃការបួករួមបញ្ចូលគ្នានិងការបែងចែកអំណាចក្នុងចំណោមព្រះរាជដំណាក់ខុសៗគ្នា ហើយការពិតប្រហែលជាមិនមានការចល័តរបស់មនុស្សទាល់តែសោះ ពោលគឺគ្មានការប្រែប្រួលប្រជាសាស្ត្រទ្រង់ទ្រាយធំ ឬការទុកឲ្យក្រុងទាំងមូលក្លាយជាទីរហោស្ថានទេ”។

ដោយជាអ្នកសិក្សាស្រាវជ្រាវមួយរូបដែលធ្វើការជាមួយសាលាបារាំងនៃការសិក្សាអំពីអាស៊ី (EFEO) ដែលមានមូលដ្ឋាននៅក្នុងក្រុងសៀមរាប ដេមៀន អេវេនស៍ បានអនុវត្តគំនិតផ្ដួចផ្ដើមសិក្សាស្រាវជ្រាវប្រើបច្ចេកវិទ្យាឡាស៊ែរបុរាណវិទ្យានៅកម្ពុជា (CALI) នៅក្នុងខែមីនា និងខែមេសា ឆ្នាំ២០១៥។ ដោយធ្វើការហោះហើរពីលើផ្ទៃដីទំហំ១.៩១០គីឡូម៉ែត្រក្រឡានៅកម្ពុជា លោកបានប្រមូលទិន្នន័យដោយប្រើបច្ចេកវិទ្យាបញ្ជាតាមសេនស័រ ហៅថា Lidar ដែលឆ្លុះទម្លុះចូលតំបន់ព្រៃ និងតំបន់សម្បូរទៅដោយរុក្ខជាតិ ដោយប្រមូលបានព័ត៌មាននៅលើផ្ទៃដីដែលអាចជួយបុរាណវិទូក្នុងការរកឲ្យឃើញថា តើដីនៅក្នុងតំបន់ដែលត្រូវបានកំណត់ មានដែលត្រូវបានរំខានដោយសកម្មភាពរបស់មនុស្សឬក៏អត់។

ព័ត៌មានដែលប្រមូលបាននឹងចំណាយពេលរាប់ឆ្នាំដើម្បីវិភាគ។ ប៉ុន្តែវាបានផ្ដល់រួចហើយនូវព័ត៌មានដែលប្រហែលជាបង្ខំឲ្យអ្នកសិក្សាស្រាវជ្រាវធ្វើការវាយតម្លៃឡើងវិញលើគំនិតដែលថា អាណាចក្រអង្គរបានដួលរលំនៅដើមសតវត្សរ៍ទី១៥។

លោក ដេមៀន អេវេនស៍ បានសរសេរថា ”ទោះបីជាមានភ័ស្តុតាងដែលមិនគួរឲ្យជឿជាក់ពាក់ព័ន្ធនឹងការវាយលុកចូលតំបន់អង្គរ ហើយមិនថា មានភ័ស្តុតាងដែលនៅតែបន្តមានសារៈសំខាន់សម្រាប់តំបន់អង្គរ និងប្រទេសកម្ពុជាក្រោយសម័យអង្គរក៏ដោយ តែរយៈពេលចន្លោះចុងសតវត្សរ៍ទី១៣ដល់ដើមសទវត្សរ៍ទី១៥ ឥឡូវនេះវាមានជាប់ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃប្រជាសាស្ត្រយ៉ាងខ្លាំងនៅតំបន់អង្គរ ដោយសំដៅដល់ពាក្យថា “ដួលរលំ”។

លោកបានលើកឡើងទៀតថា ប្រសិនបើវាអ៊ីចឹងមែន ទិដ្ឋភាពនេះនឹងឆ្លុះបញ្ចាំងឲ្យឃើញពីការចល័តរបស់មនុស្សរាប់សែននាក់ពីតំបន់អង្គរឆ្ពោះក្រុងក្រោយសម័យ ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់មានភ័ស្តុតាងនៃការចល័តទ្រង់ទ្រាយធំបែបនេះទេ។

លោក ឆាយ រចនា មកពីអាជ្ញាធរអប្សរា ជាស្ថាប័នមួយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងឧទ្យានបុរាណអង្គរ ពិនិត្យមើលកំណាយនៅចំណុចមានទ្រង់ទ្រាយធរណីមាត្រ ដែលរកឃើញក្បែរប្រាសាទអង្គរវត្ត ដោយប្រើបច្ចេកវិទ្យា LiDAR ។រូបថតៈ Damian Evans
លោក ឆាយ រចនា មកពីអាជ្ញាធរអប្សរា ជាស្ថាប័នមួយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងឧទ្យានបុរាណអង្គរ ពិនិត្យមើលកំណាយនៅចំណុចមានទ្រង់ទ្រាយធរណីមាត្រ ដែលរកឃើញក្បែរប្រាសាទអង្គរវត្ត ដោយប្រើបច្ចេកវិទ្យា LiDAR ។រូបថតៈ Damian Evans

លោក ដេវិឌ ឆាណ្ឌល័រ បានសរសេរនៅក្នុងអុីម៉េលមួយកាលពីម្សិលមិញថា របកគំហើញបឋមទាំងនេះគឺគួរឲ្យភ្ញាក់ផ្អើលណាស់។

លោកបានលើកឡើងថា ”មនុស្សដែលកសាង និងគោរពបូជាប្រាសាទ បានផ្សាភ្ជាប់ជាមួយប្រាសាទដែលធ្វើឲ្យយើងមានការស្មុគស្មាញពិបាកយល់ ដោយចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបភាពតំបន់អង្គរ ជាតំបន់ដែលមានមនុស្សរស់នៅ មិនមែនទីដែលធំល្វឹងល្វើយដ៏អាថ៌កំបាំងទេ”។

របកគំហើញនេះបានផ្ដល់ការយល់ឃើញថា មនុស្សនៅសម័យនោះពិតជាប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធចែកចាយទឹកក្នុងក្រុង និងផ្លូវថ្នល់ ទោះបីជាព្រះមហាក្សត្របានចាកចេញក៏ដោយ  នេះបើយោងតាមការឲ្យដឹងបន្ថែមរបស់លោក ដេវិឌ ឆាណ្ឌល័រ ប្រវត្តិវិទូមួយរូបក្នុងចំណោមប្រវត្តិវិទូដ៏ល្បីល្បាញដែលសិក្សាពីប្រវត្តិសាស្ត្រកម្ពុជា។

គម្រោង CALI ត្រូវបានគាំទ្រដោយរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិព្រមទាំាងសកលវិទ្យាល័យជាច្រើនដែលពាក់ព័ន្ធនៅក្នុងការសិក្សាស្រាវជ្រាវអំពីតំបន់បុរាណវិទ្យានៅក្នុងប្រទេសកម្ពុជា។ នេះគឺជាយុទ្ធនាការ Lidar លើកទី២ហើយបន្ទាប់ពីយុទ្ធនាការលើកទី១ ដែលធ្វើឡើងនៅក្នុងឆ្នាំ២០១២ និងដែលក៏ដឹកនាំដោយលោក ដេមៀន អេវេនស៍ ដែរនោះ។

លោក ដេមៀន អេវេនស៍ បានសរសេរនៅក្នុងអុីម៉េលមួយកាលពីយប់មិញថា ឥឡូវនេះវានឹងចំណាយពេលរាប់ឆ្នាំដើម្បីវិភាគទិន្នន័យ និងការចុះសិក្សាដោយផ្ទាល់ដោយផ្អែកលើរបកគំហើញនេះ។

លោកបានលើកឡើងថា “ថ្ងៃនេះយើងដឹងច្បាស់ហើយថា មនុស្សបានធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅលើភពផែនដី ហើយជះឥទ្ធិពលយ៉ាងខ្លាំងលើប្រព័ន្ធពិភពលោកដូចជា អាកាសធាតុ។ល។ ខ្ញុំគិតថា អ្វីដែលយើងមិនទទួលស្គាល់ពីមុនមក ប្រហែលជាវិសាលភាពដែលឆ្លុះបញ្ចាំងថា បញ្ហានេះក៏បាន កើតឡើងតាំងពីយូរយាមកហើយផងដែរ ទោះបីជាក្នុងទំហំទីតាំងមួយដែលមានកម្រិត និងមិនរាលដាលក៏ដោយ ប៉ុន្តែវាបានផ្ដល់សារៈសំខាន់ស្មើគ្នាសម្រាប់សង្គមបុរាណកាល”។

លោកលើកឡើងបន្តថា ”វាគឺជាពេលដ៏រំភើបក្នុងនាមជាបុរាណវិទូ ហើយប្រហែលជាពេលដ៏រំភើបនៅក្នុងប្រវត្តិវិទ្យាសាស្ត្រលំហអាកាសក្នុងនាមជាបុរាណវិទូលំហអាកាស”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស