31 C
Phnom Penh

រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​ច្រាន​ចោល​កង្វល់​របស់លោក បាន គីមូន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីបដិសេធដំបូងមិនធ្វើអត្ថាធិប្បាយអំពីការហៅទូរស័ព្ទដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិមកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីសប្ដាហ៍មុនមក ក្រសួងបានបញ្ចេញការឆ្លើយតបរបស់លោក ប្រាក់ សុខុន ដែលការឆ្លើយតបទាំងនោះនិយាយការពារការបង្ក្រាបកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង។

កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិបានបង្ហើបឲ្យដឹងថា លោក បាន គីមូន បានទូរស័ព្ទមករដ្ឋមន្ត្រីក្រសួងការបរទេសកាលពីពីរបីថ្ងៃមុន ហើយ “បានសម្ដែងការព្រួយបារម្ភ” អំពីអ្វីដែលលោកហៅថា ជា ការបំភិតបំភ័យដ៏រាលដាល ការយាយី និងការចាប់ខ្លួនសមាជិកគណបក្សប្រឆាំង បុគ្គលិកសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយ។

អង្គការសហប្រជាជាតិក៏បានលើកឡើងថា អគ្គលេខាធិការរូបនេះបានជំរុញឲ្យរដ្ឋាភិបាលស្តារ “វប្បធម៌សន្ទនា” ឡើងវិញ ដែលគណបក្សប្រជាជនកម្ពុជាបានធ្វើជាមួយគណបក្សសង្គ្រោះជាតិបន្ទាប់ពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំ២០១៣។

អ្នកនាំពាក្យក្រសួងម្នាក់បានបដិសេធមិននិយាយអំពីការហៅទូរស័ព្ទនេះទេ។ ទោះយ៉ាងណា កាលពីល្ងាចថ្ងៃសុក្រ ក្រសួងបានបញ្ចេញអ្វីដែលខ្លួនអះអាងថា ជាការឆ្លើយតបទាំងស្រុងរបស់លោក ប្រាក់ សុខុន ចំពោះប្រធានអង្គការសហប្រជាជាតិរូបនេះដែលសុទ្ធតែលើកឡើងពីវោហារសាស្ត្រចាស់ៗរបស់គណបក្សប្រជាជនកម្ពុជា។

យោងតាមសេចក្ដីថ្លែងការណ៍នេះបានឲ្យដឹងថា លោករដ្ឋមន្ត្រីបានច្រានចោលការលើកឡើងណាមួយដែលថា ការស៊ើបអង្កេតរបស់រដ្ឋាភិបាលពីរឿងអាស្រូវផ្លូវភេទដែលពាក់ព័ន្ធលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិថា ជាការវាយប្រហារមានហេតុផលនយោបាយ។

លោក ប្រាក់ សុខុន បានពន្យល់ថា ដោយមិនអើពើនឹងដីកាកោះពីរលើកឲ្យទៅបង្ហាញខ្លួនក្នុងនាមជាសាក្សីបំភ្លឺក្នុងសំណុំរឿងសញ្ចរកម្ម ដែលប្រឈមមុខជាមួយស្ត្រីម្នាក់ដែលគេអះអាងថា ជាស្រីកំណាន់របស់ខ្លួន លោក កឹម សុខា គ្មានសិទ្ធិអះអាងថា អភ័យឯកសិទ្ធិផ្លូវច្បាប់ត្រូវបានធានាសម្រាប់តំណាងរាស្ត្រគ្រប់រូបតាមរដ្ឋធម្មនុញ្ញឡើយ។

លោកត្រូវបានដកស្រង់សម្ដីដែលនិយាយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិថា ”នៅពេលគាត់មិនបានផ្ដល់ការបញ្ជាក់ គឺគាត់បានប្រព្រឹត្តបទល្មើសជាក់ស្ដែងហើយ។ នេះគឺជាវិធានការរបស់តុលាការ។ វាបានធ្វើដូចគ្នានេះនៅក្នុងប្រទេសផ្សេងៗទៀត។ បើមានពាក្យបណ្ដឹង តុលាការត្រូវតែចាត់វិធានការ។ ប្រសិនបើមានបទល្មើស តុលាការត្រូវតែផ្ដន្ទាទោស”។

រដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យមានការចាប់ខ្លួនតំណាងរាស្ត្រប្រសិនបើបទល្មើសរបស់ពួកគេ ជាបទល្មើសជាក់ស្ដែង។ ប៉ុន្តែគណបក្សប្រឆាំង និងអ្នកជំនាញផ្នែកច្បាប់មួយចំនួនលើកឡើងថា រដ្ឋាភិបាលកំពុងប្រើប្រាស់ករណីលើកលែងនេះដោយមិនត្រឹមត្រូវ។

បើនិយាយពីវប្បធម៌សន្ទនាវិញ លោករដ្ឋមន្ត្រីបានប្រាប់លោក បាន គីមូន ថា ការជាប់គាំងវប្បធម៌សន្ទនានេះគឺជាកំហុសរបស់គណបក្សប្រឆាំងដែល “បានបង្កើតឲ្យមានការមិនទុកចិត្ត កំហឹង និងការបែកបាក់”។

លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលក៏បានកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ បើទោះជាមានការអះអាងថា មួយផ្នែកនៃការវាយប្រហារនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលគឺសំដៅកម្ចាត់ឥស្សរជនឯករាជ្យ និងមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងនៅក្នុង គ.ជ.ប. ក៏ដោយ។

លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប. ជាអតីតមន្ត្រីជាន់ខ្ពស់នៅសមាគមសិទ្ធិមនុស្សអាដហុកត្រូវបានចាប់ខ្លួនកាលពីខែមេសាជាមួយបុគ្គលិកសមាគមអាដហុកបួនរូបទៀត ហើយត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ស្ត្រីម្នាក់ដែលគេអះអាងថា ជាស្រីកំណាន់លោក កឹម សុខា ឲ្យបដិសេធពីទំនាក់ទំនងស្នេហានេះ។

កាលពីខែឧសភា តុលាការបានស្តារបទចោទប្រកាន់ប្រើអំពើហិង្សាដោយចេតនាកាលពីឆ្នាំ២០១៤ឡើងវិញប្រឆាំងលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព ដែលជាមន្ត្រីម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានតែងតាំង បួនរូបរបស់គណបក្សប្រឆាំងជាសមាជិកគ.ជ.ប.ដែលមានប្រាំបួនរូប៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស