34 C
Phnom Penh

លោក ហ៊ុន សែន បញ្ជាក់​​​​ថា នឹង​​​​​​គ្មាន​ការ​​​​​​ចរចា​ជាមួយ​​សង្គ្រោះជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនឹងមិនចូលរួមការចរចាណាមួយជាមួយគណបក្សសង្គ្រោះជាតិឡើយជុំវិញការដាក់ពន្ធនាគារមន្ត្រី និងអ្នកគាំទ្ររបស់ខ្លួន ឬចំណាត់ការរបស់នគរបាលកាលពីពេលថ្មីៗនេះក្នុងការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។

គេហទំព័រព័ត៌មាន Fresh News ដែលលោក ហ៊ុន សែន សរសើរជាញឹកញាប់ បានដកស្រង់ប្រសាសន៍របស់លោកដែលមានខ្លឹមសារដូច្នេះថា “គ្មានការចរចាណាមួយកើតឡើងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនៅពេលខាងមុខនេះទេ” មុនពេលពន្យល់ពីហេតុផលរបស់លោកនាយករដ្ឋមន្ត្រីថា “សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ទី១ មិនមានការចរចាណាមួយរវាង CPP និង CNRP នាពេលខាងមុខនេះទេ ព្រោះបើមានការចរចា នឹងអាចជះឥទ្ធិពលលើដំណើរការតុលាការ។ ទី២ ប្រសិនបើមានការចរចាគ្នាណាមួយនាពេលខាងមុខ CPP មិនពិភាក្សាលើរឿងណាមួយដែលជាសមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏មិនពិភាក្សាលើករណីអ្នកជាប់គុកនោះដែរ”។

គណបក្សសង្គ្រោះជាតិបានអំពាវនាវសុំចរចាជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែបានបដិសេធសំណើរបស់គណបក្សកាន់អំណាចដែលសុំឲ្យខ្លួនផ្ញើលិខិតផ្លូវការបញ្ជាក់ពីអ្វីដែលខ្លួនចង់ចរចា។ សូមបញ្ជាក់ថា គ្រាន់តែនៅក្នុងឆ្នាំកន្លងទៅ អ្នករិះគន់រដ្ឋាភិបាលរហូតដល់ទៅជាង២០នាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ក្នុងនោះរួមមានទាំងឥស្សរជនគណបក្សប្រឆាំងជាង១០រូបផងដែរ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍តាមទូរស័ព្ទកាលពីម្សិលមិញថា លោកនៅតែសង្ឃឹមថានឹងអាចមានការចរចា ហើយលោកមិនឃើញមានវិធីណាផ្សេងដើម្បីរកច្រកចេញពីស្ថានភាពលំបាកនាពេលបច្ចុប្បន្ននេះឡើយ។

លោកបានបន្តថា ”ជំហររបស់គណបក្សសង្គ្រោះជាតិគឺថា យើងកំពុងខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហានយោបាយ និងទាញស្ថានភាពនយោបាយឲ្យវិលទៅរកសភាពធម្មតាវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានសម្រាប់ការបោះឆ្នោតជាតិនៅពេលដ៏ខ្លីខាងមុខ។ បើនយោបាយនៅតែមិនច្បាស់លាស់បែបនេះ យើងមានការព្រួយបារម្ភអំពីការបោះឆ្នោតអាណត្តិក្រោយ…។ ស្ថានភាពនយោបាយបច្ចុប្បន្នគឺធ្ងន់ធ្ងរបំផុត។ យើងចាំបាច់ត្រូវដោះស្រាយវា ប៉ុន្តែត្រង់គណបក្សប្រជាជនយល់យ៉ាងណា នោះជារឿងរបស់ពួកគេ។ បើមានបញ្ហាកើតឡើងតាមក្រោយ នោះជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនយោបាយ។ រឿងល្អគឺត្រូវរួមគ្នាដោះស្រាយបញ្ហា”។

នៅថ្ងៃនេះ និងថ្ងៃអង្គារ គណបក្សសង្គ្រោះជាតិមានគម្រោងទទួលយកអ្វីដែលខ្លួនសង្ឃឹមថាជាស្នាមមេដៃរាប់សែនលើញត្តិទី២ ដែលអំពាវនាវសុំឲ្យព្រះមហាក្សត្រអន្តរាគមន៍ និងបញ្ចប់ការវាយប្រហាររបស់គណបក្សប្រជាជនកម្ពុជា មកលើគណបក្សប្រឆាំង។

នៅខាងក្រៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ទាវ វ៉ាន់ណុល សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងបានអំពាវនាវឲ្យអ្នកគាំទ្រមកការពារលោក កឹម សុខា ប្រឆាំងការប៉ុនប៉ងចាប់ខ្លួនណាមួយដែលអាចកើតឡើងទៀត។

លោកមានប្រសាសន៍ថា “ដូចបងប្អូនដឹងហើយថា ថ្ងៃ១៤មិថុនា គឺជាថ្ងៃដែលសាលាដំបូងរាជធានីបានកោះហៅលោកប្រធានស្តីទី កឹម សុខា [របស់គណបក្សសង្គ្រោះជាតិ] ឲ្យបង្ហាញខ្លួនក្នុងតុលាការ។ យើងខ្ញុំសូមអំពាវនាវទៅដល់បងប្អូនក្នុងនាមជាខ្មែរ ឬសកម្មជនបក្សឲ្យមកកាន់ទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ ដើម្បីឃ្លាំមើលស្ថានការណ៍”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស