មន្ត្រីនគរបាលមួួយរូបបានឲ្យដឹងកាលពីម្សិលមិញថា កម្មករសំណង់ម្នាក់ដែលតុលាការបានផ្តន្ទាទោសដោយកំបាំងមុខកាលពីឆ្នាំ២០១៤ពីបទរំលោភក្មេងស្រីអនីតិជនម្នាក់ ត្រូវបានចាប់ខ្លួនក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីចាប់រំលោភក្មេងស្រីម្នាក់ទៀតកាលពីដើមខែនេះ។
លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌបានមានប្រសាសន៍ថា នគរបាលបានតាមប្រមាញ់បុរសឈ្មោះ មាស សុផានិត អាយុ២៩ឆ្នាំនៅភូមិកំណើតរបស់ជនសង្ស័យក្នុងសង្កាត់និរោធ វេលាម៉ោងប្រហែល៩យប់រហូតឈានទៅដល់ការចាប់ខ្លួនជននេះ៦ថ្ងៃបន្ទាប់ពីការចាប់រំលោភលោកចុងក្រោយ។
លោកមានប្រសាសន៍ទៀតថា ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំម្នាក់មែនក្រោមការសួរចម្លើយរបស់នគរបាល។ ”ជននេះនិយាយថា ខ្លួនបានចាប់អូសក្មេងស្រីរងគ្រោះចូលក្នុងចម្ការចេក ហើយសម្រាតសម្លៀកបំពាក់នាង រួចរំលោភនាងតែម្តង។ នាងស្រែកដោយសារនាងរងការឈឺចាប់ ធ្វើឲ្យជនសង្ស័យបញ្ឈប់សកម្មភាពរំលោភ ហើយគេចខ្លួនបាត់”។
ជនរងគ្រោះបានប្រាប់នគរបាលថា ឈ្មោះ មាស សុផានិត បានគំរាមសម្លាប់នាងចោលប្រសិនបើនាងហ៊ានប្រាប់អ្នកណាម្នាក់អំពីរឿងនេះ។
លោក ម៉ៅ សឿត លើកឡើងទៀតថា ការរៀបរាប់របស់ជនសង្ស័យអំពីហេតុការណ៍ចាប់រំលោភនេះ គឺដូចគ្នានឹងការរៀបរាប់របស់ជនរងគ្រោះ ហើយនគរបាលបានបំពេញកំណត់ហេតុរបស់ខ្លួនលើសំណុំរឿងនេះហើយ ដោយសង្ឃឹមថានឹងបញ្ជូន មាស សុផានិត ទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលនេះ។
យោងតាមដីកាចាប់ខ្លួន មាស សុផានិត កាលពីខែមីនា ឆ្នាំ២០១៤ បង្ហាញថា ជននេះជាប់ពិរុទ្ធភាពពីបទចាប់រំលោភអនីតិជនម្នាក់ទៀតនៅកោះនរា ដែលជាភូមិកំណើតរបស់ជននេះកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ ហើយត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ៧ឆ្នាំ។
លោក ម៉ៅ សឿត ថ្លែងថា មន្ត្រីភូមិ និងសង្កាត់បានជួយតិចតួចណាស់នៅក្នុងការស្វែងរកចាប់ខ្លួន មាស សុផានិត ក្នុងរយៈពេលពីរឆ្នាំមកនេះ ហើយគេជឿថា ជនសង្ស័យបានមកលេងផ្ទះគ្រួសាររបស់ខ្លួនម្តងម្កាល ខណៈកំពុងរត់គេចខ្លួន។
ទោះជាយ៉ាងណា អធិការរងរូបនេះមានប្រសាសន៍ថា លោកបានជួបជាមួយមន្ត្រីមូលដ្ឋានបន្ទាប់ពីការរំលោភលើកចុងក្រោយនេះដើម្បីឲ្យពួកគេសហការតាមចាប់ខ្លួនជនសង្ស័យ។ ទោះបីជាជនសង្ស័យមិនបានវិលត្រឡប់មកផ្ទះរបស់គ្រួសារខ្លួនក្តី ក៏ការស្រាវជ្រាវរកចាប់ខ្លួនក្នុងរយៈពេលមួួយសប្តាហ៍កន្លងមកនេះបានពាក់ព័ន្ធដល់សាច់ញាតិ ព្រមទាំងមន្ត្រីមូលដ្ឋានផងដែររហូតរឈានទៅដល់ការចាប់បានជននេះនៅផ្ទះមួយទៀតក្នុងភូមិនេះ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “យើងចាប់បានជនសង្ស័យនៅក្នុងភូមិរបស់ជននេះ បន្ទាប់ពីស្រាវជ្រាវរកចាប់ខ្លួនតាមរយៈសាច់ញាតិរបស់ជននេះ”៕សុខុម