36 C
Phnom Penh

ក្រុម​​​សកម្មជន​​​​​​នៅ​​​ពី​​​ក្រោយ​​​​​​ការ​តវ៉ា ​’ថ្ងៃច័ន្ទពណ៌ខ្មៅ’ ផ្លាស់មក​ធ្វើ​នៅ​មុខ​សាលា​ឧទ្ធរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសកម្មជនដែលនៅពីក្រោយការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” និយាយថា ពួកគេនឹងធ្វើការតវ៉ាជាថ្មីម្តងទៀតនៅថ្ងៃនេះ នៅមុខសាលាឧទ្ធរណ៍ទីដែលបុគ្គលិកសមាគមអាដហុក៤រូប និងមន្ត្រីរៀបចំការបោះឆ្នោតមួួយរូបនឹងមានការបើកសវនាការការជំនុំជម្រះការសុំនៅក្រៅឃុំរបស់ពួកគាត់នៅព្រឹកនេះ បើទោះជាមានការគំរាមចាប់ខ្លួនបន្ថែមទៀតក៏ដោយ ។

អ្នកទាំង៥ត្រូវបានចាប់ខ្លួនកាលពីខែមេសា ហើយត្រូវបានចោទប្រកាន់ពីបទសូក ប៉ាន់ ស្ត្រីម្នាក់ដែលគេអះអាងថា ជាស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ជាផ្នែកមួយនៃការសើុបអង្កេតរបស់រដ្ឋាភិបាលអំពីទំនាក់ទំនងរបស់ពួកគេដើម្បីរកភ័ស្តុតាងពាក់ព័ន្ធអំពើពុករលួយ និងអំពើសញ្ចរកម្ម។

ការចោទប្រកាន់ទាំងនេះត្រូវបានគេចាត់ទុកថា ជាហេតុផលនយោបាយ ហើយក្រុមអ្នកតវ៉ាដែលស្លៀកពាក់ខ្មៅបាននិងកំពុងធ្វើការតវ៉ាទាមទារឲ្យដោះលែងពួកគាត់រៀងរាល់ថ្ងៃច័ន្ទចាប់តាំងពីដើមខែឧសភាមក។

ការតវ៉ាទាំងនេះបានធ្វើឡើងនៅពន្ធនាគារព្រៃសទីដែលមនុស្ស៤នាក់ក្នុងចំណោម៥នាក់ត្រូវបានឃុំខ្លួន ប៉ុន្តែ នៅថ្ងៃេនះនឹងផ្លាស់ មកធ្វើនៅសាលាឧទ្ធរណ៍ដែលនឹងសម្រេចលើសំណើសុំនៅក្រៅឃុំ របស់ពួកគាត់ បន្ទាប់ ពីសាលាដំបូងរាជធានីបានច្រានចោល។

ក្រុមអ្នកតវ៉ាត្រូវបានចាប់ខ្លួន ហើយត្រូវបានដោះលែងវិញនៅការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅរហូតមកពេលនេះដោយធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការខ្លាចរអា។ ប៉ុន្តែ អ្នកស្រី អឹុម ស្រីទូច អ្នករៀបចំម្នាក់បាននិយាយថា ក្រុមស្នូលរបស់ពួកគាត់មិនខ្លាចញញើតទេ ហើយសង្ឃឹមថានឹងមានមនុស្សពី៣០ទៅ៤០នាក់នៅថ្ងៃនេះ។

អ្នកស្រី អឹុម ស្រីទូច បាននិយាយកាលពីម្សិលមិញថា “យើងនឹងទៅជួបជុំគ្នានៅមុខសាលាឧទ្ធរណ៍ទាមទារឲ្យដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្សនៅក្រៅឃុំ ហើយឲ្យលើកលែងការចោទប្រកាន់ទាំងនេះ។

អ្នកស្រីបាននិយាយថា “យើងជឿថាពួកគាត់មិនបានធ្វើអ្វីខុសទេ។ ប្រសិនបើតុលាការសម្រេចមិនដោះលែងពួកគាត់ទេនោះ យើងនឹងមិនឈប់ធ្វើការតវ៉ាឡើយ”។

អាជ្ញាធររាជធានីនិយាយថា ការតវ៉ានេះគឺខុសច្បាប់ ពីព្រោះអ្នករៀបចំមិនបានសុំការអនុញ្ញាតពីរដ្ឋាភិបាលឡើយ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា “ប្រសិនបើពួកគាត់ធ្វើអ្វីដែលផ្ទុយនឹងច្បាប់ដូចជារំខានដល់នីតិវិធីតុលាការ ឬបង្កឲ្យមានការកកស្ទះចរាចរណ៍ យើងនឹងចាត់វិធានការ”។

លោកបានថ្លែងថា “យើងចាំបាច់ត្រូវមើលថា តើនឹងមានអ្នកតវ៉ាប៉ុន្មាននាក់។ ឧទាហរណ៍បើមានរាប់រយនាក់ ហើយពួកគេមិនបានធ្វើអ្វីអាក្រក់ នោះក៏នៅតែជាចំនួនច្រើនដដែល។ ហើយបន្ទាប់មក អ្នកកាសែតមកថតរូប ហើយធ្វើសម្ភាស និងដែលអាចបង្កឲ្យមានការស្ទះចរាចរណ៍ជាដើម។ បើទោះជាមិនមានអំពើហិង្សាក៏ដោយ គ៏ពួកគេត្រូវទទួលខុសត្រូវដែរ។

លោក អុប វិបុល មេធាវីតំណាងបុគ្គលិកសមាគមអាដហុក៤រូបបានមានប្រសាសន៍ថា មានមូលដ្ឋានរឹងមាំសម្រាប់ការដោះ លែងកូនក្តីរបស់លោកឲ្យនៅក្រៅឃុំ។

លោកបានថ្លែងថា ពួកគាត់មានការងារធ្វើមានទីលំនៅ ហើយពួកគាត់មិនដែលប្រព្រឹត្តបទល្មើសណាមួយពីមុខមកទេ ពីព្រោះពួកគាត់ជាមន្ត្រីសិទ្ធិមនុស្ស។ ហើយពួកគាត់មានវ័យចំណាស់ និងមានជំងឺទៀតផង”៕សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស