31 C
Phnom Penh

ហ្វូង​​​មនុស្ស​​​​វាយ​​​ដំ​​​អ្នកបើកបរ​​​​ជនជាតិ​ជប៉ុន​ ក្រោយមាន​​​​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបាននិយាយកាលពីម្សិលមិញថា ហ្វូងមនុស្សមួយក្រុមមានគ្នាជាង៥០នាក់បានដេញចាប់និងវាយអ្នកបើកបររថយន្តម៉ាកស៊ូវម្នាក់ជនជាតិជប៉ុន ដែលពាក់ព័ន្ធនឹងការបង្កគ្រោះថ្នាក់ចរាចរណ៍នៅក្រុងភ្នំពេញ កាលពីយប់ថ្ងៃសុក្រ ដែលបណ្តាលឲ្យអ្នកបើកម៉ូតូពីរនាក់រងរបួសយ៉ាងធ្ងន់ និងបានធ្វើឱ្យខូចយានយន្តប្រហែល១២គ្រឿង។

មន្រ្តីមួយរូបបាននិយាយថា បុរសជនជាតិជប៉ុនដែលគេប្រាប់អត្តសញ្ញាណថា ឈ្មោះ ស៊ិនិជិ ហាយាសាកា អាយុ៣៩ឆ្នាំ បានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុលើកទី១នៅលើវិថីមុនីវង្ស ពីព្រោះ”គាត់ខ្លាចគេចាប់វាយ”។ ប៉ុន្តែ ក្រុមអ្នកបើកម៉ូតូបានដេញតាមទាន់ ហើយក៏វាយតប់គាត់យ៉ាងព្រៃផ្សៃ ក្រោយពីការបុកលើកទី២នៅឯផ្សារកណ្តាល។

ព័ត៌មានលំអិតនៃគ្រោះថ្នាក់នេះ គឺរៀបរាប់ខុសគ្នារវាងមន្ត្រីនគរបាលដែលបានសម្ភាសកាលពីថ្ងៃអាទិត្យ ប៉ុន្តែ លោក ហាយាសាកា កំពុងតែបើករថយន្ត តូយ៉ូតា ហ្វ័រធូនណឺ នៅលើវិថីមុនីវង្ស នៅម៉ោងប្រហែលម៉ោង៩និង៣០នាទីយប់។

លោក កែវ សារុន អធិការរងខណ្ឌចំការមនបាននិយាយថា រថយន្តរបស់លោក ហាយាសាកា បានបើកបុករនាំងខណ្ឌចែកផ្លូវ មុននឹងថយក្រោយ ហើយក៏បុកម៉ូតូមួយគ្រឿងដែលបណ្តាលឲ្យអ្នកបើកម៉ូតូម្នាក់និងអ្នកជិះម្នាក់រងរបួសធ្ងន់។

លោក សារុន បាននិយាយថា “ឡានបានបត់បញ្ច្រាសទិស ហើយក៏បានបុកម៉ូតូនៅពីក្រោយ និងរបងតាមចិញ្ចើមផ្លូវ ដែលធ្វើឲ្យបាក់ត្រូវឡានបីគ្រឿង”។

ទោះជាយ៉ាងនេះក្តី លោក សឿន សារឿន នាយរងផ្នែកការិយាល័យនគរបាលចរាចរណ៍ក្រុងបាននិយាយថា ឡានរបស់លោក ហាយាសាកា បានបុកម៉ូតូ មុននឹងជ្រុលទៅបុករនាំងខណ្ឌចែកផ្លូវនិងរថយន្តពីរគ្រឿងនៅលើចិញ្ចើមផ្លូវ។ បន្ទាប់ពីបើកទៅដល់ផ្សារកណ្តាល ស្រាប់តែគាត់បានបុករះនឹងឡានពីរគ្រឿង ម៉ូតូប្រាំគ្រឿងនិងរ៉ឺម៉កកង់បីបីគ្រឿង។

លោក សារឿន បាននិយាយថា “គាត់ខ្លាចគេចាប់វាយ អ៊ីចឹងគាត់ក៏បើករត់ទៅ។ គាត់បើកឆ្វែលជុំវិញផ្សារកណ្តាល ព្រោះគាត់កំពុងតែព្យាយាមរកកន្លែងសុវត្ថិភាព ដោយសារតែមានម៉ូតូជាច្រើនពេកដេញតាមពីក្រោយគាត់”។

នគរបាលទំាងពីររូបបាននិយាយថា ក្រុមអ្នកបើកម៉ូតូដែលខឹងសម្បារយ៉ាងខ្លាំងក៏បានតាមទាន់លោក ហាយាសាកា នៅផ្សារកណ្តាល ហើយក៏វាយដំគាត់ មុនពេលនគរបាលអាចធ្វើអន្តរាគមន៍បាន។

លោក សារឿន បាននិយាយថា លោក ហាយាសាកា បានប្រគល់ឲ្យនគរបាលចរាចរណ៍នៅម៉ោងប្រហែល១០និង៣០នាទីយប់ ហើយភ្លាមៗនោះ ក៏បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលដែរ។ លោក សារឿន បាននិយាយបន្ថែមថា ជនសង្ស័យដែលកំពុងឃុំខ្លួនពេលនេះនៅឯទីស្នាក់ការនគរបាលចរាចរណ៍ក្រុង គឺជាអ្នកចាត់ចែងនៃភោជនីយដ្ឋានជប៉ុនមួយកន្លែងនៅក្រុងភ្នំពេញ៕ មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស