33 C
Phnom Penh

លោក កឹម សុខា ​គ្រោង​មិនអើពើ​នឹង​ដីកាកោះរបស់​​​​តុលាការ​ជាថ្មី​ម្តងទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមានគម្រោងមិនអើពើនឹងដីកាកោះរបស់តុលាការជាថ្មីម្ដងទៀតនៅថ្ងៃេនះ ដោយអ្នកនាំពាក្យក្រសួងមហាផ្ទៃមួយរូបនៅតែមិននិយាយកាលពីម្សិលមិញថា តើត្រូវចាប់ខ្លួនលោកឬយ៉ាងណា ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យាទប់ស្កាត់ការតវ៉ាណាមួយដែលធ្វើឡើងដោយគណបក្សសង្គ្រោះជាតិ។

cam-photo-cnrp-channaនគរបាលបានព្យាយាមចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី២៦ ខែឧសភា ចំពោះការមិនបង្ហាញខ្លួនសម្រាប់ការសាកសួរជុំវិញរឿងអាស្រូវផ្លូវភេទ ដែលរដ្ឋាភិបាលចោទប្រកាន់មកលើរូបលោកតាំងពីខែមីនាមកហើយចាប់តាំងពីពេលនោះមកលោកបាននិងកំពុងសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ។

ថ្លែងនៅខាងក្រៅទីស្នាក់ការកណ្តាលគណបក្សកាលពីម្សិលមិញ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា អភ័យឯកសិទ្ធិរបស់លោក កឹម សុខា រួចផុតពីការផ្ដន្ទាទោសនៅតែមានដដែល ដូច្នេះតុលាការមិនអាចបង្គាប់ឲ្យរូបលោកបង្ហាញខ្លួនបានឡើយ។

លោក អេង ឆៃអា៊ង បានថ្លែងទៅកាន់ អ្នកគាំទ្រដែលបានចាប់ផ្ដើមសម្រុកមកពីតាមបណ្ដាខេត្តកាលពីម្សិលមិញ ដើម្បីការពារលោក កឹម សុខា ថា “ប្រសិនបើតុលាការចង់ឲ្យលោក កឹម សុខា បង្ហាញខ្លួនសម្រាប់ការសាកសួរ ចាំបាច់ត្រូវឱ្យរដ្ឋសភាដកអភ័យឯកសិទ្ធិរបស់លោកជាមុនសិន”។

លោក អេង ឆៃអ៊ាង បានថ្លែងថា “មេធាវីនឹងទៅតុលាការដើម្បីផ្ដល់ហេតុផលថា លោក កឹម សុខា មិនបានបង្ហាញខ្លួនទេ”។

ការព្យាយាមចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី២៦ ខែឧសភា ត្រូវបានធ្វើឡើងដោយអាជ្ញាធរលើកឡើងថាការលើកលែងមួយចំពោះអភ័យឯកសិទ្ធិសម្រាប់តំណាងរាស្ត្រ គឺនៅពេលពួកគេត្រូវបានចាប់ខ្លួន ពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង។

ដោយខកខានមិនបានបង្ហាញខ្លួននៅតុលាការ ព្រះរាជអាជ្ញាលើកឡើងថា លោក គឹម សុខា បានរំលោភច្បាប់។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានជួបប្រជុំគ្នានៅរដ្ឋសភាតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអនុម័តឲ្យមានការចោទប្រកាន់លោក កឹម សុខា ជាចំណាត់ការដែលត្រូវបានរិះគន់ដោយគណបក្សសង្គ្រោះជាតិថា ផ្ទុយរដ្ឋធម្មនុញ្ញ។

ដោយព្រលយយ៉ាងច្បាស់ក្រឡែតអំពីការប្រឆាំងនឹងការបន្តរបស់រដ្ឋាភិបាលក្នុងការស្វែងរកចាប់ខ្លួនលោក កឹម សុខា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍កាលពីដើមខែនេះថា នគរបាលអាចធ្វើមិនដឹងមិនឮនឹងដីកាចាប់ខ្លួនលោក កឹម សុខា ប្រសិនបើការអនុវត្តនេះបង្កឲ្យមានអំពើហិង្សា។

កាលពីម្សលមិញ ឧត្ដមសេនីយ៍ ខៀវ សុភ័គ មិនបានធ្វើអត្ថាធិប្បាយថាតើនគរបាលនឹងព្យាយាមចាប់ខ្លួនលោក កឹម សុខា ចំពោះការមិនបង្ហាញខ្លួននៅតុលាការនៅពេលត្រូវបានកោះហៅម្តងទៀតឬយ៉ាងណានោះឡើយ ដោយនិយាយត្រឹមតែថា “សូមរង់ចំាមើលទៅ”។

គណបក្សសង្គ្រោះជាតិបានគំរាមធ្វើមហាបាតុកម្មក្នុងរាជធានីភ្នំពេញបើលោក កឹម សុខា ត្រូវបានចាប់ដាក់ពន្ធនាគារនោះ ប៉ុន្តែ លោក អេង ឆៃអ៊ាង បានថ្លែងទៅកាន់អ្នកគាំទ្រថា គណបក្សគ្មានគម្រោងសម្រាប់សកម្មភាពណាមួយក្រៅពីទីស្នាក់ការកណ្ដាលរបស់ខ្លួនឡើយ។

លោក អេង ឆៃអ៊ាង បានថ្លែងថា “ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ពីគោលបំណងរបស់គណបក្សសង្គ្រោះជាតិដល់សាធារណជនថា យើងបានសុំឲ្យបងប្អូនមកទីនេះមើលស្ថានភាពលោក កឹម សុខា នៅថ្ងៃស្អែក”។

ថ្លែងនៅពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹងមិនអនុញ្ញាតឲ្យមានការតវ៉ាណាមួយកើតឡើងឡើយ បើគណបក្សសង្គ្រោះជាតិធ្វើតាមការគំរាមពីមុនៗរបស់ខ្លួននោះ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “សុំកុំគំរាម អាពាក្យបាតុកម្មសុំកុំគំរាម…មិនអត់ឱនឲ្យទេ ប្រាប់ឲ្យហើយ”។

លោកបានបន្ថែមថា “មុននេះដើម្បីគ្រាន់តែដើម្បីតំណែងរដ្ឋសភា ចង់ធើប្រធានរដ្ឋសភា ចង់បានតំណែងក្នុងរដ្ឋសភា អ្នកឯងធើបាតុកម្មបង្កចលាចល តែលើកនេះរឿងស្រីញីអ្នកឯងក៏យកមនុស្សមកធើបាតុកម្មការពារ តើវាសមហេតុសមផលទេ”។

នៅក្រៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ អ្នកគាំទ្រគណបក្សប្រឆាំងបានជួបជុំគ្នាត្រៀមសម្រាប់ហេតុការណ៍នៅថ្ងៃនេះ។

លោក គង់ គា អាយុ៥០ឆ្នាំ ដែលនិយាយថា គាត់មកពីខេត្តកំពង់ស្ពឺដើម្បីជួយនោះបាននិយាយថា “ខ្ញុំមកថ្ងៃនេះដើម្បីរង់ចាំការពារការចាប់ខ្លួនលោក កឹម សុខា ហើយខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាព។ យើងធ្វើអ្វីតាមដែលយើងអាចធ្វើបាន ប៉ុន្តែ សូមនគរបាលកុំប្រើអាវុធមកលើពួកយើង”៕ សារុន (រាយការណ៍បន្ថែមដោយ គុច ណារ៉េន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស