30 C
Phnom Penh

សាលា​ឧទ្ធរណ៍​ច្រាន​ចោល​សំណើ​​សុំ​នៅ​​​ក្រៅឃុំ​​សម្រាប់​មន្ត្រី​​​សិទ្ធិ​​​មនុស្ស​ អាដហុក និង​មន្ត្រី​ គ.ជ.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានច្រានចោលសំណើសុំនៅក្រៅឃុំសម្រាប់មន្ត្រីសិទ្ធិមនុស្សបួនរូប និងមន្ត្រី គ.ជ.ប.មួយរូបដែលជាប់ពន្ធនាគារទាក់ទិនរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ដោយតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីខែមុនទុកជាបានការ។

មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកទាំង៤រូបត្រូវបានចោទប្រកាន់ និងដាក់ពន្ធនាគារអមជាមួយលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីដើមខែមុនពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ដើម្បីឲ្យនាងបដិសេធស្នេហាលួចលាក់របស់ខ្លួន បន្ទាប់ពីលោក សឺន សាលី មន្ត្រីអង្គការសហប្រជាជាតិត្រូវបានចោទប្រកាន់ដោយកំបាំងមុខពីបទសមគំនិត។

អ្នកស្រី លឹម មុនី មន្ត្រីសមាគមអាដហុក និងជាចុងចោទម្នាក់ក្នុងចំណោមចុងចោទប្រាំនាក់ដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ពេលទៅដល់សាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកស្រី លឹម មុនី មន្ត្រីសមាគមអាដហុក និងជាចុងចោទម្នាក់ក្នុងចំណោមចុងចោទប្រាំនាក់ដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ពេលទៅដល់សាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បទចោទប្រកាន់ទាំងនេះដូចការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើស្នេហាលួចលាក់នេះ ដើម្បីស្វែងរកភ័ស្តុតាងបង្ហាញពីអំពើពុករលួយ និងសញ្ចរកម្ម ត្រូវបានមជ្ឈដ្ឋានទូទៅជឿថា ជំរុញដោយហេតុផលនយោបាយ។

ក្រុមអ្នកយកព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងសវនាការជំនុំជម្រះការស្នើសុំនៅក្រៅឃុំនៅសាលាឧទ្ធរណ៍កាលពីម្សិលមិញឡើយ។ ពេលទាក់ទងតាមក្រោយ ចៅក្រមជំនុំជម្រះ ឃុន លាងម៉េង មានប្រសាសន៍ថា សំណើសុំនៅក្រៅឃុំត្រូវបានច្រានចោលទាំងអស់ ប៉ុន្តែ បដិសេធមិនបកស្រាយពីមូលហេតុទេ។ មេធាវីការពារមន្ត្រីសមាគមអាដហុកក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។

លោក យី សុខសាន អនុប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅសមាគមអាដហុកបានថ្កោលទោសសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ខណៈចាកចេញពីសាលសវនាការ។ លោកមានប្រសាសន៍ថា “ខ្ញុំគិតថា បើតុលាការឯករាជ្យ យើងនឹងទទួលបានយុត្តិធម៌”។

ចំណែកឯលោក នី ចរិយា ដែលខ្លួនលោកក៏ជាអតីតមន្ត្រីសមាគមអាដហុកមួយរូបដែរ មានប្រសាសន៍ថា ច្បាស់ណាស់ថា សេចក្ដីសម្រេចនេះអយុត្តិធម៌។ ”ខ្ញុំនឹងទុកឲ្យប្រជាពលរដ្ឋពិចារណាទៅចុះ។ ប្រជាពលរដ្ឋ ទូទាំងប្រទេស និងអង្គការអន្តរជាតិនានាយល់”។

cam-photo-front-channa-2លោក សំ សុគង់ មេធាវីរបស់លោក នី ចរិយា បានថ្លែងថា តុលាការបានផ្ដល់ហេតុផលប្រាំយ៉ាងសម្រាប់ការច្រានចោលសំណើសុំនៅក្រៅឃុំ៖ ទី១ គឺដើម្បីរក្សាទុកចុងចោទក្នុងមន្ទីរឃុំឃាំង ទី២ ដើម្បីរក្សាសុវត្ថិភាពរបស់ចុងចោទទី៣ ដើម្បីទប់ស្កាត់ចុងចោទកុំឲ្យសមគំនិត ផ្តល់សក្ខីកម្មក្លែងក្លាយ ពីព្រោះការស៊ើបអង្កេតមិនទាន់ចប់ និងដោយសារបទល្មើសទាំងនេះត្រូវមានទោសជាប់ពន្ធនាគារជាង១ឆ្នាំ។

មេធាវីរូបនេះមានប្រសាសន៍ទៀតថា លោកបានព្យាយាមបញ្ចុះបញ្ចូលតុលាការថា កូនក្ដីរបស់លោកមិនបង្កហានិភ័យគេចខ្លួនតាមជើងហោះហើរទេ ប៉ុន្តែ មិនទទួលបានជោគជ័យឡើយ។ ”យើងគិតថា សេចក្ដីសម្រេចរបស់តុលាការមិនត្រឹមត្រូវទេ។ យើងបានផ្ដល់ហេតុផលគ្រប់គ្រាន់សម្រាប់ការដោះលែង ប៉ុន្តែ តុលាការមិនបានពិចារណាអ្វីដែលយើងបានលើកឡើងទេ”។ មេធាវីរូបនេះបានបន្តថា ពួកលោកនឹងប្តឹងទាស់សេចក្តីសម្រេចនេះទៅតុលាការកំពូលនៅប៉ុន្មានថ្ងៃខាងមុខនេះ។

សមាគមអាដហុកបានច្រានចោលការអះអាងអំពីការសូកប៉ាន់ ដោយនិយាយថា ខ្លួនបានផ្តល់ឧបត្ថម្ភសរុបចំនួន២០៤ដុល្លារដល់នាងអំឡុងពេលសមត្ថកិច្ចសួរនាំនាង ហើយមិនដែលសុំឲ្យនាងនិយាយកុហកទេ។

នៅខាងក្រៅសាលាឧទ្ធរណ៍កាលពីម្សិលមិញ នគរបាលបានឃាត់ខ្លួននិងក្រោយមកបានដោះលែងស្ត្រីម្នាក់វិញដែលធ្វើការតវ៉ាប្រឆាំងការចាប់ខ្លួនក្រុមនេះ។

មនុស្សប្រហែល២០នាក់បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការអំឡុងការតវ៉ា ”ថ្ងៃច័ន្ទពណ៌ខ្មៅ” ប្រចាំសប្ដាហ៍ចុងក្រោយបំផុតដើម្បីទាមទារឲ្យដោះលែងក្រុមនេះដែលមានឈ្មោះនៅលើអាវយឺតខ្មៅពាក់ដោយអ្នកចូលរួម។

អ្នកស្រី ស ស៊ន សកម្មជនមកពីសហគមន៍បុរីកីឡាក្នុងរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល៩ព្រឹក បន្ទាប់ពីប្រវាយប្រតប់គ្នាមួយប្រាវជាមួយនគរបាលដែលបានហែកបដារបស់អ្នកតវ៉ា។

cam-photo-adhoc-jumpលោក មេត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីបានថ្លែងថា អ្នកស្រី ស ស៊ន ត្រូវបានចាប់ខ្លួនចំពោះការបិទចរាចរណ៍នៅខាងក្រៅបរិវេណតុលាការ។ លោកមានប្រសាសន៍ទៀតថា ”បើពួកគាត់ធ្វើជាអ្នកសង្កេតការណ៍សវនាការ វាមិនបញ្ហាទេ។ ប៉ុន្តែ ពួកគាត់មកមានបដាមកជាមួយ ហើយពួកគាត់មិនស្តាប់ការណែនាំរបស់យើងនោះទេ។ ពួកគាត់បានព្យាយាមបិទច្រកទ្វារចូលសាលាឧទ្ធរណ៍ដើម្បីកុំឲ្យរថយន្តឆ្លងកាត់បាន”។ អ្នកនាំពាក្យដដែលបានបញ្ជាក់ថា អ្នកស្រី ស ស៊ន ត្រូវបានដោះលែងវិញបន្ទាប់ពីចុះកិច្ចសន្យាឈប់តវ៉ាទៀត។

អ្នកស្រី ភោគ សុភិន ជាអ្នកតវ៉ាម្នាក់ទៀតនិយាយថា ពួកគាត់មិនបានធ្វើអ្វីខុសទេ។ “យើងគ្រាន់តែមកទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សប៉ុណ្ណោះ ប៉ុន្តែ ប៉ូលិសបានមកបំផ្លាញបដារបស់យើង ហើយចាប់ខ្លួនពួកយើង”។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសែរាជវង្សដែលគាំទ្រគណបក្សប្រឆាំង និងដែលពាក់អាវខ្មៅចូលរួមជាមួយការតវ៉ា មានព្រះបន្ទូលថា ការប្រើប្រាស់តុលាការពីសំណាក់គណបក្សប្រជាជនកម្ពុជា ដើម្បីវាយប្រហារទៅលើបណ្តាអង្គការសិទ្ធិមនុស្ស បានធ្វើឲ្យអ្នកបោះឆ្នោតកាន់តែច្រើនងាកមកគាំទ្រគណបក្សប្រឆាំង។

ព្រះអង្គបានបន្តថា “ខ្ញុំចង់បង្ហាញការគាំទ្ររបស់ខ្ញុំសម្រាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ ក្នុងប្រទេសមួយដែលគ្មានច្បាប់ គឺមានតែអំណាច”៕ សុខុម

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស