31 C
Phnom Penh

ឧត្តម​​​សេនីយ៍ធ្លាក់​​​ស័ក្តិ​​​​​​​​​ចាញ់​​​ក្តី​​​នៅ​​​តុលាការកំពូល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ តុលាការកំពូលបានតម្កល់សាលដីកាជាប់ទោសនិងកាត់ឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំសម្រាប់អតីតឧត្តមសេនីយ៍មួយរូបនិងអ្នកសមគំនិតមួយរូបពីបទជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៣។

cam-photo-drug-general-channa-WEB-ONLYលោក ចាន់ ឫទ្ធីឌី អាយុ៤៥ឆ្នាំ និងអ្នកសមគំនិតឈ្មោះ ឌៀប ស៊ុនឡាយ អាយុ៥៤ឆ្នាំ ត្រូវបានតុលាការរកឃើញថាមានទោសពីបទជួញដូរគ្រឿងញៀនកាលពីខែធ្នូ ឆ្នាំ២០១៣ ពីបទចែកចាយគ្រឿងញៀន មេតំហ្វេតាមីន នៅក្នុងវីឡារបស់លោក ឫទ្ធីឌី ក្នុងក្រុងភ្នំពេញកាលពីឆ្នាំកន្លងទៅ។ កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំម្នាក់ៗ អ្នកទាំងពីរបានជំទាស់នឹងសាលដីកានោះ ប៉ុន្តែ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមកាលពីឆ្នាំមុន។

កាលពីថ្ងៃច័ន្ទ តុលាកាកំពូលបានបញ្ចប់រឿងក្តីនេះ។

លោក ឃឹម ប៉ុន ចៅក្រមជំនុំជម្រះបានប្រកាសកាលពីថ្ងៃច័ន្ទថា “តុលាការកំពូលសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍” ។ ប៉ុន្តែ ចៅក្រមរូបនេះមិនបានពន្យល់អំពីមូលហេតុនៃការសម្រេចរបស់តុលាការកំពូលទេ។

លោក ឫទ្ធីឌី មិនមានវត្តមានក្នុងពេលប្រកាសសាលដីកាទេ ហើយមេធាវីតែងតាំងរបស់លោក ឫទ្ធីឌី និងលោក ស៊ុនឡាយ ក៏អវត្តមានដែរ។

អ្នកទាំងពីរត្រូវបាននគរបាលចាប់ខ្លួនកាលពីឆ្នាំ២០១២ ក្រោយពីប៉ូលិសស៊ើបការសម្ងាត់បានក្លែងខ្លួនជាអ្នកជួញដូរគ្រឿងញៀន ហើយបានព្រមទិញមេតំហ្វេតាមីនចំនួន២០០ក្រាមពីលោក ឫទ្ធីឌី ពេលនោះលោកជាឧត្តសេនីយទោកងយោធពលខេមរភូមិន្ទក្នុងតម្លៃ១០.០០០ដុល្លារ។

លោក ឫទ្ធីឌី បានសារភាពថាមានម៉ាទឹកកកមួយគីឡូក្រាម ហើយថ្នាំញៀនគ្រាប់ចំនួន១៥គ្រាប់ដែលគេរកឃើញក្នុងពេលមានការឆ្មក់ចូលទៅក្នុងផ្ទះរបស់លោកកាលពីខែសីហា ឆ្នាំ២០១២ ក៏ប៉ុន្តែលោកបានបដិសេធថា មិនបានដឹងពីគ្រឿងញៀនប្រាំគីឡូបន្ថែមទៀតដែលរឹបអូសដោយប៉ូលិសកំចាត់គ្រឿងញៀននោះទេ។

នៅក្នុងសវនាការកាលពីឆ្នាំ២០១៣ លោក ស៊ុនឡាយ បានសារភាពថាបានធ្វើដំណើរទៅប្រទេសឡាវនៅឆ្នាំ២០០៧ ដើម្បីជួបអ្នកចែកចាយឱ្យលោក ឫទ្ធីឌី ។ ទោះជាយ៉ាងនេះក្តី នៅខាងក្រៅតុលាការកំពូលកាលពីថ្ងៃច័ន្ទ លោកបាននិយាយថា លោកមិនបានដឹងអ្វីទាំងអស់ទាក់ទងនឹងថ្នាំញៀនដែលប៉ូលិសបានរកឃើញកាលពីឆ្នាំ២០១២។

លោកបាននិយាយដោយប្រើឈ្មោះហៅក្រៅរបស់ឧត្តមសេនីយ៍ទោនេះថា “ខ្ញុំបានប្រាប់តុលាការថា ទោះបីជាខ្ញុំធ្លាប់ទាក់ទងលោក ឌី បានតែម្តងយូរមកហើយក៏ដោយ ក៏ខ្ញុំមិនពាក់ព័ន្ធដែរ”។

ក្រោយពីការចាប់ខ្លួនរូបលោកមក ប៉ូលិសបានរឹបអូសយកគ្រឿងសង្ហារិម និងរបស់របរមានតម្លៃផ្សេងៗពីវីឡាបីជាន់របស់លោក ឫទ្ធីឌី នៅខណ្ឌមានជ័យ និងបានហាមឃាត់គ្រូសារបស់លោកមិនឲ្យចូលក្នុងវីឡានេះទេ ដោយនិយាយថា ទ្រព្យសម្បត្តិទាំងនេះបានទិញដោយសារតែលុយបានមកពីលក់គ្រឿងញៀន៕ មាំ វិបុល

 

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស