41.3 C
Phnom Penh

ឌុច និយាយ​ថា អ្នក​ទោស​ត្រូវ​សម្លាប់​ចោល​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​ទៅ​អ្នក​ដទៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កាំង ហ្គេចអ៊ាវ អតីតមេគុក បានប្រាប់សាលាក្តីខ្មែរក្រហមកាលពីថ្ងៃច័ន្ទថា អ្នកទោសមានជំងឺកាមរោគនិងជំងឺផ្សេងទៀតត្រូវគេបញ្ជូនទៅសម្លាប់ចោលភ្លាមៗនៅមន្ទីរសន្តិសុខស២១ដែលមានឈ្មោះអាក្រក់ក្នុងក្រុងភ្នំពេញ ព្រោះខ្លាចថាពួកគេនឹងចម្លងជំងឺទៅអ្នកទោសផ្សេងទៀត។

cam-photo-duchលោក កាំង ហ្គេចអ៊ាវ ហៅ ឌុច មើលខុសត្រូវចំពោះការធ្វើទារុណកម្មនិងការសម្លាប់មនុស្សច្រើនជាង១៥.០០០នាក់នៅពន្ធនាគារនេះក្នុងក្រុងភ្នំពេញ ហើយនៅឆ្នាំ២០១០បានក្លាយជាកម្មាភិបាលខ្មែរក្រហមទី១ជាប់ពិរុទ្ធក្នុងបទល្មើសដែលបានប្រព្រឹត្តអំឡុងរបប ប៉ុល ពត។

បច្ចុប្បន្ន លោកកំពុងផ្តល់សក្ខីកម្មក្នុងដំណាក់កាលទី២នៃសំណុំរឿង០០២លើលោក ខៀវ សំផន ប្រមុខរដ្ឋខ្មែរក្រហម និងលោក នួន ជា បងធំទី២ ដែលកំពុងត្រូវតុលាការវិនិច្ឆ័យទោសពីបទល្មើសជាច្រើន ក្នុងនោះមានអំពើប្រល័យពូជសាសន៍ផង។

បង្ហាញបញ្ជីអ្នកទោសពីស២១នៅតុលាការកាលពីថ្ងៃច័ន្ទ លោក ដេល ឡៃសាក់ (Dale Lysak) ជំនួយការជាន់ខ្ពស់របស់ព្រះរាជអាជ្ញា បានសួរ ឌុច ថាហេតុអ្វីអ្នកទោសប្រាំនាក់ត្រូវចុះឈ្មោះក្នុងបញ្ជីថាកើតជំងឺឆ្លង។

លោក ឡៃសាក់ បានសួរថា “មូលហេតុអ្វីដែលអ្នកមានជំងឺត្រូវបញ្ជូនពីព្រៃសទៅជើងឯក ទៅស២១ ដើម្បីប្រហារជីវិត?”

ឌុច បានឆ្លើយតបថា “អ្នកទោសមានជំងឺឆ្លង គឺថា ជំងឺកាមរោគនិងជំងឺរបេង”។

លោក ឡៃសាក់ បានសួរបន្តថា “តើមានមូលហេតុអ្វីត្រូវសម្លាប់អ្នកទាំងនោះ លោក សាក្សី?”

ឌុច បានឆ្លើយតបថា “មូលហេតុទី១គឺថា ពួកគេអាចចម្លងជំងឺទៅអ្នកទោសផ្សេងទៀត។ ទី២ យើងមិនមានការព្យាបាលខាងជំងឺកាមរោគនិងជំងឺរបេងទេ”។

បន្ទាប់មកទៀត អតីតមេគុករូបនេះត្រូវបានគេសួរទាក់ទិននឹងអ្នកទោសមួយក្រុមដែលមានរៀបរាប់ក្នុងបញ្ជីថា “ធ្វើការមិនកើត ដើរហើរសេរី និង ខុសសីលធម៌។

ដោយសូត្រសម្តីខ្មែរក្រហមដែលប្រើជាទូទៅ ឌុច បាននិយាយថា “ខ្ញុំជឿថា ការដោះស្រាយបញ្ហាទាំងនេះ ជាគោលការណ៍គឺថា យើងបានអនុវត្ត…គឺថា៖ ‘ទុកមិនចំណេញ ដកចេញមិនខាត’”។

នៅថ្ងៃនោះដដែល ឌុច បានប្រាប់ពីរបៀបដែល នួន ជា បានបញ្ជាគាត់ឲ្យថតសំឡេងសារភាពរបស់ទាហានវៀតណាម ដើម្បីយកទៅចាក់ផ្សាយ។

លោកបាននិយាយថា “មានបញ្ជាពីថ្នាក់លើចំពោះការសាកសួរទាហានយួន ហើយគោលបំណងគឺឲ្យពួកគេសារភាពថា ពួកគេបានឈ្លានពានកម្ពុជា ហើយពួកគេចង់ប្រើកម្ពុជាជាឆត្រឥណ្ឌូចិន”។

លោកបាននិយាយបន្ថែមថា “សំឡេងរបស់ពួកគេនឹងត្រូវថតផ្សាយ ហើយគេត្រូវការប្រាំនាទីម្នាក់ក្នុងមួយសប្តាហ៍”។

លោកបាននិយាយថា “ខ្ញុំបានទទួលបញ្ជាពីបង នួន ចំពោះការថតសំឡេងនៃការសារភាពនេះ” និងបាននិយាយបន្ថែមថា ថេង ជាក្មួយប្រុសរបស់ ប៉ុល ពត ក៏បានថតរូបការសារភាពនេះដែរ។

ឌុច បាននិយាយថា នៅពេលពួកគេត្រូវបានថតសំឡេងនិងថតរូប វាសនានៃអ្នកទោសវៀតណាមទាំងនោះត្រូវចប់។

លោកបាននិយាយថា “ជាគោលការណ៍ ទាំងជនស៊ីវិលទាំងទាហាន[វៀតណាម] ត្រូវតែកម្ទេចចោល”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស