ដោយមានសេរីភាពនៅឡើយក្រោយឆ្លងផុតមួយយប់ទៀត លោក កឹម សុខា អនុប្រធានគណបក្សនេះនៅតែមានស្មារតីរឹងមាំកាលពីម្សិលមិញ បន្ទាប់ពីកងកម្លាំងនគរបាលប្រដាប់អាវុធបានចំណាយពេលពេញមួយថ្ងៃនោះ “ហ្វឹកហាត់” នៅចំណុចកាត់ជ្រុងពីកន្លែងស្នាក់អាស្រ័យរបស់លោកក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សក្នុងរាជធានីភ្នំពេញ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីគណបក្សសង្គ្រោះជាតិមួយរូប។
លោក កឹម សុខា បានសម្ងំនៅក្នុងទីស្នាក់ការបក្សចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ដែលនៅពេលនោះនគរបាលបានព្យាយាមសម្រុកចូលទីស្នាក់ការនេះ និងបានឃាត់រថយន្តរបស់ភរិយាលោកនៅក្នុងការប៉ុនប៉ងចាប់ខ្លួនលោកចំពោះការមិនចូលខ្លួនឆ្លើយបំភ្លឺតាមដីកាកោះហៅរបស់តុលាការទាក់ទិនរឿងអាស្រូវផ្លូវភេទ។

កាលពីម្សិលមិញ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិពីរបីរយនាក់បានលើកគ្នាចូលទៅក្នុងតំបន់ខាងមុខទីស្នាក់ការកណ្ដាលគណបក្សពីម៉ោងប្រហែល៧ព្រឹក ដើម្បីរារាំងការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា ទៀតចំពោះការមិនគោរពតាមដីកាតុលាការមួយទៀត ដោយលើកនេះចំពោះបទល្មើសព្រហ្មទណ្ឌដែលមិនបានចូលខ្លួនឆ្លើយបំភ្លឺក្នុងតុលាការពីរលើកចុងក្រោយ។
អ្នកគាំទ្រជាច្រើនបានពាក់អាវសដើម្បីបង្ហាញការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារអភ័យឯកសិទ្ធិរបស់លោក កឹម សុខា ពីការចោទប្រកាន់ក្នុងឋានៈជាតំណាងរាស្ត្រជាប់ឆ្នោត និងរូបភាពរបស់បណ្ដាញទំនាក់ទំនងសង្គមដែលបង្ហាញពីនគរបាលប្រដាប់អាវុធក្នុងបរិវេណមួយនៅម្តុំកាច់ជ្រុងបានចូលលាយឡំក្នុងចំណោមអ្នកគាំទ្រ។
នគរបាលខ្លះប្រដាប់ដោយកាំភ្លើងវែង ហើយបានហ្វឹកហាត់តម្រង់ជួរក្នុងបរិវេណនោះដែលនៅចម្ងាយត្រឹមតែពីរបីរយម៉ែត្រ។ រនាំងដែកត្រូវបានដាក់ពង្រាយលើចិញ្ចើមផ្លូវចម្ងាយប្រហែល១គីឡូម៉ែត្រពីទីស្នាក់ការបក្ស ប៉ុន្តែគ្មានអ្នកណាប៉ះពាល់វាពេញមួយថ្ងៃ។
គិតរហូតមកទល់យប់ជ្រៅកាលពីយប់មិញ គ្មានការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា នោះទេ ហើយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់នៅពេលល្ងាចនោះថា នគរបាលគ្រាន់តែធ្វើការហ្វឹកហាត់តាមទម្លាប់ប៉ុណ្ណោះ ហើយមិនបានបង្កការគំរាមកំហែងដល់លោក កឹម សុខា នៅថ្ងៃដែលលោកត្រូវឡើងតុលាការនោះទេ។
លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា “ពួកគេគ្រាន់តែធ្វើការហ្វឹកហាត់ប៉ុណ្ណោះ។ តើយើងចាំបាច់ត្រូវស្វែងរកកាលវិភាគសម្រាប់ពួកគេធ្វើការហ្វឹកហាត់?” មុនពេលទទួលស្គាល់ថា នគរបាលពិតជាប្រមូលផ្ដុំគ្នាមែនដោយសារគណបក្សសង្គ្រោះជាតិប្រមូលផ្ដុំគ្នានៅចំណុចផ្លូវកាច់ជ្រុង។
លោកបានលើកឡើងទៀតថា ”ពួកគេត្រូវត្រៀមរៀបចំទុក មុនពេលអសន្តិសុខកើតឡើង។ ឧទាហរណ៍ ប្រជាពលរដ្ឋ ឬអ្នកកាសែតដូចអស់លោកអាចនឹងភ័យខ្លាច ហើយរត់គេច”។

ទោះជាយ៉ាងណា លោក សារ៉ន កំសត់ អ្នកនាំពាក្យនគរបាលជាតិបានបដិសេធថា នគរបាលគ្មានបំណងចាប់ខ្លួនលោក កឹម សុខា ទេ ហើយថា ពួកគេគ្រាន់តែចូលរួមវគ្គហ្វឹកហាត់មួយតាមការគ្រោងទុកប៉ុណ្ណោះ។
លោកក៏មានប្រសាសន៍ដែរថា សាលាដំបូងរាជធានីភ្នំពេញមិនទាន់ចេញដីកាចាប់ខ្លួនលោក កឹម សុខា នៅឡើយទេ ហើយលោកនឹងមិនត្រូវបានចាប់ខ្លួនឡើយរហូតទាល់តែមានដីកា។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិដែលបានសួរសុខទុក្ខលោក កឹម សុខា ដល់ក្នុងទីស្នាក់ការបក្សកាលពីពេលព្រឹក មានព្រះបន្ទូលថា អនុប្រធានគណបក្សប្រឆាំងរូបនេះមានស្មារតីល្អ។
ព្រះអង្គបានបន្តថា ”គាត់សុខសប្បាយធម្មតា។ គាត់មានស្មារតីរឹងមាំ ហើយអ្វីៗល្អប្រសើរ។ គាត់និយាយថា គាត់សង្ឃឹមថាអ្វីៗនឹងស្ងប់ស្ងាត់ ហើយសង្ឃឹមថា គាត់នឹងអាចចាកចេញពីទីស្នាក់ការគណបក្សដោយមានសេរីភាព។ ខ្ញុំមិនអាចនិយាយជួសគាត់បានទេ ប៉ុន្តែខ្ញុំដឹងថា ដរាបណាស្ថានភាពនៅតែបែបនេះ គាត់នឹងមិនចាកចេញទេ។ នៅពេលស្ថានភាពស្ងប់ស្ងាត់ និងវិលទៅរកសភាពធម្មតាវិញ ពេលនោះគាត់នឹងចាកចេញពីទីស្នាក់ការគណបក្ស”។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបន្ថែមថា ព្រះអង្គជឿថា ការមិនបានព្យាយាមចាប់ខ្លួនកាលពីម្សិលមិញ ជាប្រផ្នូលល្អសម្រាប់អនាគតរបស់លោក កឹម សុខា។
ព្រះអង្គបានមានបន្ទូលថា “វាជាសញ្ញាល្អ។ វាដល់ពេលត្រូវចាប់ផ្តើមពិភាក្សាឡើងវិញហើយ។ វាជាសញ្ញាពីរដ្ឋាភិបាល”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា លោក កឹម សុខា នឹងស្នាក់នៅទីស្នាក់ការកណ្តាលរបស់គណបក្សសិនក្នុងពេលនេះ ប៉ុន្តែ កំពុងតែពិចារណាអំពីការចូលរួមពិធីមួយដែលត្រូវធ្វើឡើងនៅក្នុងក្រុងសៀមរាបនៅថ្ងៃអាទិត្យ។ លោកបានមានប្រសាសន៍ថា “នៅថ្ងៃទី១៩យើងនឹងធ្វើពិធីតាមបែបពុទ្ធសាសនាមួយដើម្បីបួងសួងបន់ស្រន់ឲ្យមានការគោរពសិទ្ធិមនុស្ស គោរពអភ័យឯកសិទ្ធិសភា ប៉ុន្តែ គាត់អាចចូលរួម ឬអាចមិនចូលរួម”។
លោកបានបន្ថែមថា “យើងនឹងជម្រាបជូនឲ្យដឹងតាមក្រោយអំពីថា តើគាត់នឹងចេញមកបង្ហាញមុខជាសាធារណៈ ឬក៏អត់ ព្រោះយើងត្រូវការតាមដានស្ថានភាព និងនីតិវិធីនៅក្នុងសំណុំរឿងរបស់លោក កឹម សុខា សិន”។
នៅអំឡុងពេលព្រឹក មេធាវីបីរូបដែលតំណាងឲ្យលោក កឹម សុខា បានអញ្ជើញទៅកាន់តុលាការជំនួសមុខឲ្យអនុប្រធានគណបក្សរូបនេះ ដើម្បីពន្យល់ថា តើហេតុអ្វីបានជាលោកមិនបង្ហាញខ្លួន។ គណបក្សសង្គ្រោះជាតិបានលើកឡើងថា អភ័យឯកសិទ្ធិរបស់លោក កឹម សុខា រួចផុតពីការផ្តន្ទាទោសក្នុងនាមជាតំណាងរាស្ត្រ បានការពារឃាឃាំងលោកមិនឲ្យបង្ហាញខ្លួនសម្រាប់ការសាកសួរ ជាចំណុចដែលក្រុមមេធាវីបានលើកឡើងម្តងទៀតកាលពីម្សិលមិញ។
លោក លី សុបញ្ញា អ្នកនាំពាក្យសាលាដំបូងរាជធានីបានលើកឡើងថា អវត្តមានរបស់លោក កឹម សុខា នឹងត្រូវពិនិត្យឲ្យបានហ្មត់ចត់ឡើងវិញក្នុងពេលនេះ។
លោកបានមានប្រសាសន៍ថា “ចៅក្រមសើុបសួរ ថាន់ ឡេង កំពុងតែពិនិត្យសើរើសំណុំរឿងនេះអំពីបញ្ហាលោក កឹម សុខា មិនបង្ហាញខ្លួននៅព្រឹកមិញនេះ ដូច្នេះចៅក្រមអាចបន្តនីតិវិធីបន្ទាប់”។ លោកបានបង្វែរសំណួរអំពីនីតិវិធីទាំងនោះទៅចៅក្រមស៊ើបសួររូបនេះដែលមិនអាចទាក់ទងបាន។

លោក កែម ឡី អ្នកវិភាគនយោបាយដែលជាប្រធានក្រុមតស៊ូមតិ” ខ្មែរដើម្បីខ្មែរ” បានលើកឡើងថា លោកគិតថា គណបក្សប្រជាជនកម្ពុជាកំពុងតែពិចារណាឡើងវិញនូវផែនការចាប់ខ្លួនលោក កឹម សុខា បន្ទាប់ពីឃើញមានប្រតិកម្មដ៏ខ្លាំង។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា បន្ទាប់ពីពួកគេបានឃើញប្រតិកម្មដ៏ខ្លាំងពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ និងប្រតិកម្មដ៏ខ្លាំងពីប្រជាពលរដ្ឋនៅក្នុងប្រទេសនោះ គណបក្សកំពុងកាន់អំណាចនេះមិនចង់ចាប់ខ្លួនលោកកឹម សុខា ឬសូម្បីតែលោក សម រង្ស៊ី”។
លោកបានបន្ថែមថា “ឥឡូវលោក កឹម សុខា មិនអាចចុះទៅតាមសហគមន៍បានទេ ហេតុដូច្នេះវាត្រូវតាមយុត្តិសាស្ត្រ។ ឥឡូវនេះពួកគាត់ក៏កំពុងតែធ្វើតេស្តចលនាសង្គមផងដែរថា តើវានឹងមានអ្វីកើតឡើង ពេលពួកគេចាប់ខ្លួនមេដឹកនាំរូបនេះ ?”។
លោក កែម ឡី បានលើកឡើងទៀតថា លោក កឹម សុខា មិនអាចលាក់ខ្លួនពួនអាត្មារហូតនោះឡើយ ហើយថា លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលកំពុងរស់នៅក្នុងទីក្រុងបារីស ដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារនោះ គួរតែឆ្លៀតចាប់យក “ឱកាសមាស” នេះវិលត្រឡប់មកវិញ ហើយរួមដៃគ្នាជាមួយលោក កឹម សុខា តតាំងជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានមានថ្លែងថា “ខ្ញុំសូមផ្តល់យោបល់ឲ្យលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជា ហើយលោក កឹម សុខា ដើរចេញពីកន្លែងលាក់ខ្លួនពួនអាត្មាទៅ [ជួបគាត់] នៅអាកាសយានដ្ឋានជាមួយនឹងសមាជិកសភានិងសកម្មជនទាំងអស់ដើម្បីតតាំងនឹងអ្វីដែលរដ្ឋាភិបាលចង់ធ្វើ”។
លោកបានបន្ថែមថា “មិនចាំបាច់ត្រូវការការចរចាទេ។ ពួកគាត់ត្រូវហ៊ានតតាំងនឹងការរំលោភអំណាច ទោះបីជាពួកគាត់ត្រូវចាប់ខ្លួនក៏ដោយ៕ សុខុម និងស៊ុយឈាង (រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន និង គុច ណារ៉េន)