រយៈពេលជិតមួួយឆ្នាំ ព្រះតេជគុណ វង្ស ចិត្រ អាចប្រើប្រាស់តួនាទីនិងអំណាចក្នុងនាមជាព្រះចៅអធិការវត្តមួយនៅជនបទក្នុងខេត្តសៀមរាប រំលោភបំពានសាមណេរយ៉ាងតិច១០អង្គនៅក្នុងការគ្រប់គ្រងរបស់ខ្លួន។
ដោយត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា លោក វង្ស ចិត្រ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ ជាសាលក្រមដែលអាជ្ញាធរនិយាយថា បានឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរនៃបទល្មើសរបស់ខ្លួន និងផលប៉ះពាល់យូរអង្វែងទៅលើជនរងគ្រោះ។
ប៉ុន្តែ បើទោះជាដឹងថា ជនចាប់រំលោភជាបន្តបន្ទាប់ និងជាអតីតយោធារូបនេះបានគង់នៅវត្តចំនួនបីទៀត ចាប់តាំងពីបួសដែលគង់នៅវត្តចំនួនបីទៀតចាប់តាំងពីបួសដែលទើបតែបានប៉ុន្មានឆ្នាំកន្លងមកក៏ដោយ ក៏មន្ត្រីតុលាការ និងគណៈសង្ឃជាន់ខ្ពស់បានលើកឡើងកាលពីម្សិលមិញថា មិនមានគម្រោងសើុបអង្កេតរឿងកន្លងមករបស់ជននេះសម្រាប់ជនរងគ្រោះដែលអាចមានច្រើនទៀតឡើយ។
បន្ទាប់ពីការចាប់ខ្លួនលោក វង្ស ចិត្រ លោកស្រី ដួង ថាវរី មន្ត្រីនគរបាលជាន់ខ្ពស់ប្រឆាំងការជួញដូរមនុស្សក្នុងខេត្តសៀមរាបបានមានប្រសាសន៍ថា ក្រុមសើុបអង្កេតនឹងពង្រីកការសើុបង្កេតរបស់ខ្លួនទៅដល់វត្តដែលអតីតសង្ឃត្រូវបានផ្សឹកអង្គនេះគង់នៅមុនៗ ដោយបារម្ភថាជននេះបានរំលោភសាមណេរច្រើនអង្គទៀត មុនពេលផ្លាស់មកកាន់ខេត្តនេះ ។
ប៉ុន្តែ កាលពីម្សិលមិញ លោកស្រី ដួង ថាវរី បានមានប្រសាសន៍ថា នគរបាលនឹងមិនធ្វើតាមការសន្យារបស់ខ្លួនទេ បើគ្មានការអនុញ្ញាតជាក់លាក់ពីតុលាការនោះ។
លោកស្រីបានថ្លែងថា “យើងមានសេចក្តីរាយការណ៍ថា អតីតសង្ឃអង្គនេះធ្លាប់គង់នៅវត្តផ្សេងទៀត ប៉ុន្តែ យើងមិនមានភ័ស្តុតាងថា គាត់បានប្រព្រឹត្តបទល្មើសនៅទីនោះឡើយ”។
លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៍ថា ចៅក្រមបានធ្វើការងាររបស់ខ្លួនរួចហើយ ដោយការកាត់ឱ្យលោក វង្ស ចិត្រ ជាប់ទោសចំពោះបទល្មើសរបស់ខ្លួននៅក្នុងខេត្តេនះ។
បើទោះជាស្គាល់ទីតាំងវត្តមុនៗដែលអតីតសង្ឃ វង្ស ចិត្រ គង់នៅក្នុងខេត្តបាត់ដំបង និងខេត្តកំពតក៏ដោយ ក៏លោកបានថ្លែងថា ជនរងគ្រោះដែលអាចមានជាច្រើនទៀតត្រូវតែចេញមុខមកដាក់ពាក្យបណ្តឹងដើម្បីឲ្យតុលាការចាត់វិធានការបន្ថែមទៀត។
ដោយសំដៅដល់ជនរងគ្រោះដែលអាចមានផ្សេងទៀត លោកបានមានប្រសាសន៍ថា “យើងមិនស្គាល់អាសយដ្ឋានរបស់ពួកគេទេ។ ប៉ុន្តែ បើជនរងគ្រោះថ្មីចេញមុខដាក់ពាក្យបណ្តឹង តុលាការនឹងបន្តនីតិវិធី”។
លោក ចេម ម៉ាកខាបេ (James McCabe) ប្រធានប្រតិបត្តិការនៅអង្គភាពការពារកុមារជាអង្គការមិនមែនរដ្ឋាភិបាលដែលបានជួយនគរបាលក្នុងការសើុបអង្កេតលោក វង្ស ចិត្រ ក៏បានលើកឡើងកាលពីសប្តាហ៍មុនផងដែរថា អង្គភាពនេះមិនបានសើុបអង្កេតឱ្យបានសកម្មពីវត្តផ្សេងៗទៀតឡើយ ដោយលោកបន្ទរតាមការលើកឡើងរបស់លោក យិន ស្រាង។
លោកបានមានប្រសាសន៍ថា “ប្រសិនបើជនរងគ្រោះណាចង់ចេញមុខដាក់ពាក្យបណ្តឹងយើងនឹងប្រព្រឹត្តដូចគ្នានឹងជនរងគ្រោះផ្សេងៗទៀតដែរ”។
ប៉ុន្តែ មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ជនរងគ្រោះជាប្រុសដែលរងការរំលោភបំពានផ្លូវភេទមិនចេញមុខតាមឆន្ទៈរបស់ខ្លួនឡើយ ហើយផ្ទុយទៅវិញត្រូវស្វែងរក ហើយសាកសួរដោយផ្ទាល់តែម្តង។
លទ្ធផលដែលបានមកពីការស្ទាបស្ទង់ពីអំពើហិង្សាលើកុមារនៅក្នុងប្រទេសកម្ពុជាដែលចងក្រងដោយក្រសួងស្ថាប័នរដ្ឋាភិបាលនានាសហការជាមួួយអង្គការយូនីសេហ្វ ក្នុងឆ្នាំ២០១៣ បានរកឃើញថា ក្មេងប្រុសមិនត្រឹមតែមិនបានរាយការណ៍ពីអំពើហិង្សាផ្លូវភេទប៉ុណ្ណោះទេ ថែមទាំងមិនបានចាត់ទុកទង្វើនោះថា ជា “អំពើហិង្សា” ទៀតផង។
ការសិក្សាដដែលនេះបន្តថា “ក្មេងប្រុសមិនបានចាត់ទុកអំពើហិង្សាផ្លូវភេទថា ជាប្រភេទនៃអំពើហិង្សាឡើយ បើទោះជាពួកគេបើកចំហឲ្យពិភាក្សាពីរឿងនេះនៅពេលសួរសំណួរដោយផ្ទាល់ក៏ដោយ។ក្មេងប្រុសមួយចំនួនបាននិយាយថាពួកគេមិនបានប្រាប់នរណាម្នាក់អំពីហេតុការណ៍ជាក់លាក់ឡើយ ព្រោះពួកគេខ្មាសអៀនណាស់ ពួកគេគិតថា គ្មានអង្គហេតុ គ្មាននរណាម្នាក់អាចជួយបានទេ ហើយបារម្ភខ្លាចត្រូវគេចោទថា ចេះដឹងរឿងមនុស្សធំ”។
ដូចអ្នកដែលបានសើុបអង្កេតបទល្មើសរបស់លោក វង្ស ចិត្រ លើសាមណេរជាច្រើនអង្គនៅក្នុងខេត្តសៀមរាបដែរ ព្រះតេជគុណ ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃគណៈមហានិកាយបានមានសង្ឃដីកាថា ព្រះសង្ឃមិនបានព្យាយាមកំណត់អត្តសញ្ញាណជនរងគ្រោះដែលអាចមានផ្សេងទៀតឡើយ។
ព្រះអង្គមានសង្ឃដីកាថា ការខិតខំប្រឹងប្រែងដើម្បីកំណត់ទំហំបទល្មើសរបស់លោក វង្ស ចិត្រ និងអ្នកដែលប្រហែលជាបានដឹងនិងបានជំរុញឲ្យមានការធ្វើខុសនោះ នៅទ្រឹងដដែល លុះណាតែគណៈសង្ឃជាន់ខ្ពស់ភាគច្រើនសម្រេចចាត់វិធានការ។
ព្រះអង្គមានសង្ឃដីកាថា “ប្រសិនបើយើងទទួលបានរបាយការណ៍ យើងនឹងសើុបអង្កេតវត្តដែលអតីតសង្ឃអង្គនេះធ្លាប់គង់នៅ ដើម្បីរកឲ្យឃើញថា តើជននេះបានប្រព្រឹត្តបទល្មើសមែន ឬមិនមែន ប៉ុន្តែ ឥឡូវនេះយើងមិនមានរបាយការណ៍ទេ”។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា តុលាការបានធ្វើការងារទាំងអស់ដែលត្រូវធ្វើក្នុងករណីនេះ។ លោកបានថ្លែងថា “យើងមិនត្រូវចាត់វិធានការបន្ថែមទៀតទេ ពីព្រោះតុលាការបានអនុវត្តតាមនីតិវិធីរបស់ខ្លួនស្របតាមច្បាប់”។
លោកបានបន្ថែមថា “ក្រសួងបានរៀបចំសិក្ខាសាលាស្តីពីវិន័យព្រះពុទ្ធសាសនា សីលធម៌ និងគុណធម៌ ហើយយើងទទួលបានការផ្តល់មតិត្រឡប់វិជ្ជមានច្រើនជាងអវិជ្ជមាន”៕សារុន