លោក កង សុខន អគ្គស្នងការរងនគរបាលជាតិបានឲ្យដឹងកាលពីម្សិលមិញថា អាជ្ញាធរលើកឡើងថា ខ្លួនបានរកឃើញភាពមិនប្រក្រតីនៅក្នុងចំណោមស្នាមមេដៃចំនួន១៧០.០០០ដែលគណបក្សសង្គ្រោះជាតិបានប្រមូលដើម្បីគាំទ្រញត្តិស្វះស្វែងសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ នរោត្តម សីហមុនី នៅក្នុងវិបត្តិនយោបាយនាពេលបច្ចុប្បន្ន។
នាយឧត្ដមសេនីយ៍ កង សុខន ដែលទទួលបន្ទុកនៅក្នុងការស៊ើបអង្កេតលើញត្តិនេះបានលើកឡើងថា បញ្ហាមួយចំនួនត្រូវបានរកឃើញនៅក្នុងការត្រួតពិនិត្យដំបូងលើស្នាមមេដៃប្រហែល៥ភាគរយ។
នាយឧត្ដមសេនីយ៍រូបនេះមានប្រសាសន៍បន្ទាប់ពីជួបប្រជុំជាមួយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិស្ដីពីបញ្ហានេះនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា “យើងបានរកឃើញអ្វីដែលគួរឲ្យកត់សម្គាល់”។
លោកបានមានប្រសាសន៍បន្ថែមថា “មានស្នាមមេដៃខ្លះជាន់ឈ្មោះរបស់អ្នកផ្សេង។ ខ្លះមានឈ្មោះ ប៉ុន្តែ គ្មានស្នាមមេដៃខ្លះមានស្នាមមេដៃ ប៉ុន្តែ គ្មានឈ្មោះ។ ខ្លះមានឈ្មោះមានស្នាមមេដៃ ប៉ុន្តែ គ្មានអាសយដ្ឋានជាក់លាក់”។
ទោះជាយ៉ាងណា នាយឧត្ដមសេនីយ៍ កង សុខន បាននិយាយថា លោកមិនទាន់ហ៊ានធ្វើការសន្និដ្ឋានណាមួយនៅឡើយទេអំពីភាពស្របច្បាប់នៃញត្តិរបស់គណបក្សសង្គ្រោះជាតិ ដោយលើកឡើងថា ការស៊ើបអង្កេតនឹងចំណាយពេលតែ១ខែប៉ុណ្ណោះ។
លោកបានថ្លែងថា ”គណៈកម្មការរបស់យើងនឹងខិតខំធ្វើការដើម្បីបញ្ចប់វាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ពេលយើងបញ្ចប់បាន៣០ភាគរយ យើងអាចធ្វើការសន្និដ្ឋានបានខ្លះៗហើយ ប៉ុន្តែ រហូតមកទល់ពេលនេះយើងបញ្ចប់ទើបតែបាន៥ភាគរយប៉ុណ្ណោះ”។
លោកមិនបាននិយាយថា តើស្នាមមេដៃនៅក្នុងញត្តិដែលត្រូវបានពិនិត្យរួចហើយមានបញ្ហាប៉ុន្មានភាគរយឡើយ។
កាលពីសប្ដាហ៍មុន លោក ម៉ៅ ច័ន្ទតារា ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានអះអាងថា គ្មានឧបករណ៍ឬមូលនិធិដើម្បីពិនិត្យស្នាមមេដៃ ហើយនាយឧត្ដមសេនីយ៍ កង សុខន មិនបាននិយាយថាតើមានអ្វីប្រែប្រួលនោះឡើយកាលពីម្សិលមិញ។
លោកបានមានប្រសាសន៍ថា “យើងមិនចង់ធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា ចាប់តាំងពីពេលនោះមកគណបក្សប្រមូលបានស្នាមមេដៃចំនួន២២០.០០០បន្ថែមទៀត ដើម្បីគាំទ្របុព្វហេតុរបស់ខ្លួន ហើយនៅក្នុងការគំរាមធ្វើបាតុកម្មដែលមិនជាក់លាក់មួយ លោកបាននិយាយថា នគរបាលគួរតែហៅអ្នកផ្ដល់ស្នាមមេដៃគាំទ្រញត្តិមករាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍ថា ”តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ [គ្រាន់តែ] យកស្នាមមេដៃដាក់ថ្វាយព្រះមហាក្សត្រប៉ុណ្ណោះ ព្រោះយើងតំណាងឲ្យពលរដ្ឋ”។
លោកបានបន្តថា ”ប្រសិនបើពួកគេចង់បញ្ជាក់ឲ្យបានច្បាស់ថា តើវាពិតឬមិនពិតសូមហៅពលរដ្ឋទាំងអស់មករាជធានីភ្នំពេញ។ ប្រសិនបើពួកគេចង់បានស្នាមមេដៃបន្ថែម យើងអាចយកមកឲ្យពួកគេចំនួន២២០.០០០បន្ថែមទៀត”៕ ស៊ុយឈាង