26.6 C
Phnom Penh

ការ​ដំឡើង​ប្រាក់​ខែ​រដ្ឋ​អាស្រ័យ​លើ​ការ​កាត់​បន្ថយ​ការ​ចំណាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុបាននិយាយកាលពីថ្ងៃអង្គារថា ការកាត់បន្ថយការចំណាយដែលមិនចាំបាច់តាមក្រសួងនានានឹងឲ្យរដ្ឋាភិបាលធានាបាននូវប្រាក់ខែអប្បបរមា២៥០ដុល្លារជូនមន្ត្រីស៊ីវិលទាន់ពេលការបោះឆ្នោតជាតិឆ្នាំ២០១៨។

ថ្លែងទៅកាន់តំណាងរាស្ត្រនិងអ្នកជំនាញហិរញ្ញវត្ថុអន្តរជាតិក្នុងសិក្ខាសាលាមួយស្តីពីហិរញ្ញវត្ថុសាធារណៈនៅសភាជាតិក្នុងក្រុងភ្នំពេញ លោក វង្ស សីវិសុទ្ធ បានបញ្ជាក់ថា ការដំឡើងប្រាក់ខែត្រូវតែអាស្រ័យលើកំណែទម្រង់រដ្ឋបាលទូទៅ។

លោក វិសុទ្ធ បាននិយាយថា “យើងនឹងផ្តោតលើការចំណាយដែលមិនចាំបាច់ ដើម្បីបង្កើនប្រាក់ខែ និងសម្រាប់កំណែទម្រង់ ដើម្បីធ្វើឲ្យគុណភាពសេវាសាធារណៈប្រសើរឡើង”។

លោកបាននិយាយថា “ការចំណាយត្រូវតែឲ្យចំគោលដៅ។ បើមិនចំទេ ខ្ញុំសុំអង្វរ សូមមេត្តាបញ្ឈប់ទៅ”។ លោកបាននិយាយបន្ថែមថា ក្រសួងទាំងអស់សុទ្ធតែបានរៀបចំធ្វើសិក្ខាសាលាច្រើនណាស់ និងបានអញ្ជើញភ្ញៀវពីក្រៅប្រទេសមកចូលរួមព្រឹត្តិការណ៍ទាំងនោះ ដោយធ្វើឲ្យមានការចំណាយដែលមិនចាំបាច់លើការធ្វើដំណើរនិងការស្នាក់នៅ។

លោក វិសុទ្ធ ក៏បានអំពាវនាវដល់ស្ថាប័ននានារបស់រដ្ឋាភិបាលឲ្យមានតម្លាភាពថែមទៀតក្នុងការរាយការណ៍អំពីការចំណាយលើការផ្គត់ផ្គង់រាល់ថ្ងៃ ដូចជាទឹកផឹក និងការចំណាយក្នុងពេលចុះមូលដ្ឋានជាដើម។

លោកស្រី លាស អាព្រិល (Leah April) អ្នកជំនាញជាន់ខ្ពស់គ្រប់គ្រងវិស័យសាធារណៈនៅធនាគារពិភពលោក បានប្រាប់អ្នកស្តាប់ថា ប្រាក់ខែខ្ពស់ជាងនេះសម្រាប់មន្ត្រីស៊ីវិលត្រូវតែមានកំណែទម្រង់សំខាន់បី ដើម្បីឲ្យរដ្ឋាភិបាលធានាបាននូវភាពប្រសើរឡើងស្របគ្នាក្នុងការផ្តល់េសវា។

លោកស្រីបាននិយាយថា “ដំបូង នៅកម្រិតមន្ត្រី ត្រូវផ្សារភ្ជាប់ការដំឡើងប្រាក់ខែទៅនឹងគុណភាពកាន់តែប្រសើរតាមរយៈការវាយតម្លៃការងារ។ បន្ទាប់មក នៅកម្រិតអង្គភាព អ្នកគ្រប់គ្រងតាមផ្នែកត្រូវបង្កើនគណនេយ្យភាពចំពោះលទ្ធផលគម្រោង។ ហើយចុងក្រោយ នៅកម្រិតសង្គម គួរតែបង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋឲ្យពិភាក្សានិងវាយតម្លៃសេវាកម្ម”។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំង ជាអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុសភា មិនមានវត្តមានក្នុងសិក្ខាសាលានោះទេ ប៉ុន្តែ បាននិយាយថា លោកស្វាគមន៍ការស្នើដំឡើងប្រាក់ខែជូនមន្ត្រីរាជការ ជាកិច្ចការដែលគណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការនៅមុនការបោះឆ្នោតឆ្នាំ២០១៣។

ប៉ុន្តែលោកមិនស្របនឹងគំនិតដែលថាការកាត់បន្ថយការចំណាយដែលមិនចាំបាច់តិចតួច ជាវិធីល្អបំផុតសន្សំបានប្រាក់ដើម្បីដំឡើងប្រាក់ខែនោះទេ។

ដោយលើកឡើងនូវវិក្កយបត្រទំនិញនិងការធ្វើដំណើរក្លែងក្លាយឬបំប៉ោង និងអំពើពុករលួយដោយមន្ត្រីធំៗនោះ លោកបានអះអាងថា “យ៉ាងហោចណាស់៣៥ភាគរយនៃការចំណាយតាមក្រសួងសព្វថ្ងៃនេះគឺចូលក្នុងហោប៉ៅ”។

លោកបាននិយាយថា “អ្វីៗគ្រប់យ៉ាងត្រូវតែកត់ត្រាទុក។ ក្រសួងនីមួយៗត្រូវចុះបញ្ជីឲ្យបានច្បាស់លាស់នូវការចំណាយរបស់ខ្លួន ធ្វើដូច្នេះគេអាចពិនិត្យជាសាធារណៈបាន។ ក្រសួងមិនដែលផ្សព្វផ្សាយរបាយការណ៍[ហិរញ្ញវត្ថុ]ជាសាធារណៈទេ”៕និត (រាយការណ៍បន្ថែមដោយ Peter Ford)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស