33 C
Phnom Penh

ឌុច ងឿង​ឆ្ងល់​អំពី​សេចក្តី​ក្លាហាន​និង​ភាព​ពិត​របស់ ខៀវ សំផន នៅ​សាលាក្តី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីការផ្តល់សក្ខីកម្មជាច្រើនថ្ងៃដោយបានចោទលោក នួន ជា ថាសមនឹងទទួលទោសចំពោះអំពើព្រៃផ្សៃដែលប្រព្រឹត្តនៅមន្ទីរសន្តិសុខស២១ កាំង ហ្គេចអ៊ាវ អតីតមេគុក កាលពីថ្ងៃសុក្របានសំដៅលើលោក ខៀវ សំផន ព្រោះអះអាងថា លោកមិនបានដឹងពីការបោសសម្អាតផ្ទៃក្នុងនៅក្នុងរបបខ្មែរក្រហមរហូតដល់ក្រោយឆ្នាំ១៩៧៩។

cam-photo-duch-1សាកសួរពីលោក ដេល ឡៃសាក់ (Dale Lysak) ជំនួយការជាន់ខ្ពស់របស់ព្រះរាជអាជ្ញានៅសាលាក្តីខ្មែរក្រហម អតីតមេគុករូបនេះ ដែលមានឈ្មោះបដិវត្តន៍ហៅថា ឌុច បានចំអកចំពោះការអះអាងដែលថា ខៀវ សំផន បានឆ្លើយនឹងចៅក្រមសាកសួរ ថាគាត់មិនបានដឹងអំពីការចាប់ខ្លួនមនុស្សដ៏ច្រើនដែលកើតឡើងនៅក្នុងប្រទេស នៅពេលគាត់ធ្វើជាប្រមុខរដ្ឋនោះ។

លោក ឡៃសាក់ បាននិយាយថា ខៀវ សំផន “បានបដិសេធថាមិនបានដឹងអំពីការចាប់ខ្លួនណាមួយក្នុងអំឡុងរបប[កម្ពុជាប្រជាធិបតេយ្យ]ទេ។ គាត់អះអាងថា គាត់ទើបតែដឹងក្រោយឆ្នាំ១៩៧៩ប៉ុណ្ណោះ ថាគេចាប់ខ្លួនប្រជាជន”។

លោក ឡៃសាក់ បានសួរថា “តើល្បីទេក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលថាមេដឹកនាំធំៗ…ត្រូវគេបោសសម្អាតនោះ?”។

ចាប់ផ្តើមការឆ្លើយតបវែងៗ ឌុច បានរៀបរាប់ថា ព័ត៌មានត្រូវបានផ្សព្វផ្សាយក្នុងជួរបក្សរបៀបណា ក្នុងនោះមានទាំងការសារភាពរបស់កម្មាភិបាលធំៗ និងបានច្រានចោលការអះអាងរបស់ ខៀវ សំផន។

ឌុច បាននិយាយថា “ប្រសិនបើគាត់និយាយថា គាត់បានដឹងអំពីព័ត៌មាននោះក្រោយឆ្នាំ១៩៧៩ ខ្ញុំជឿថា គាត់មិនក្លាហានទេ។ គាត់មិនក្លាហានសមជាអ្នកបដិវត្តម្នាក់ទេ”។

ឌុច បាននិយាយបន្ថែមថា “គាត់គួរបម្រើប្រជាជន ហើយបើគាត់មានកំហុស គាត់គួរបង្ហាញវិប្បដិសារី ឬការស្តាយក្រោយចំពោះប្រជាជន”។

ឌុច ដែលជាប់ទោសមួយជីវិតនៅពន្ធនាគារខេត្តកណ្តាល ក្លាយជាកម្មាភិបាលខ្មែរក្រហមទី១ដែលត្រូវរកឃើញថាជាប់ពិរុទ្ធដោយសាលាក្តីនេះពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅឆ្នាំ២០១០ ក្រោយមកបានបន្តការចោទសួរយ៉ាងច្រើនលើ នួន ជា បងធំទី២ក្នុងរបបខ្មែរក្រហម។

អតីតមេគុករូបនេះបានចោទ នួន ជា ថាបានបញ្ជាឲ្យប្រហារជីវិតកម្មាភិបាលតំបន់បូព៌ា និងមានអំណាចពេញលេញលើស២១ ជាមន្ទីរឃុំឃាំងខ្មែរក្រហម ដែលមានមនុស្សច្រើនជាង១៥.000នាក់ត្រូវបានបញ្ជូនឲ្យទៅស្លាប់នៅទីនោះ។

អតីតមេគុករូបនេះបាននិយាយថា “នៅស២១ ខ្ញុំមិនដែលបានសម្រេចឲ្យធ្វើការចាប់ខ្លួនស្រេចតែចិត្តដោយគ្មានការអនុញ្ញាតពីបង ជា ម្តងណាទេ”។

បញ្ចប់ថ្ងៃទី៥នៃការសាកសួរ លោក ឡៃសាក់ បានបង្ហាញបញ្ជីដ៏វែងនៃមេដឹកនាំដែលត្រូវបោសសម្អាត ក្នុងនោះមានឧបនាយករដ្ឋមន្ត្រី វ៉ន វេត និងមេបញ្ជាការតំបន់ខាងជើង កុយ ធួន និងបានសួរ ឌុច ថាតើ នួន ជា បានពិភាក្សាអំពីថាតើទៅរួចទេដែលថាខ្មែរក្រហមបានកាន់អំណាចដោយមានជនក្បត់ដ៏ច្រើនបង្កប់ក្នុងបក្សកុម្មុយនិស្តកម្ពុជានោះ (CPK)។

លោក ឡៃសាក់ បានសួរថា “អ្នកទាំងអស់នេះត្រូវនាំមកស២១ដែលរងការចោទថាជាជនក្បត់និងត្រូវសម្លាប់ចោល។ នៅពេលដែលអ្នកមានការពិភាក្សាជាមួយ [រដ្ឋមន្ត្រីការពារប្រទេស] សុន សេន និង នួន ជា មាននរណាធ្លាប់សួរ ថាតើវាទៅរួចទេដែលថាបក្សកុម្មុយនិស្តកម្ពុជាបានធ្វើបដិវត្តន៍ដោយជោគជ័យ និងបានឈ្នះរដ្ឋាភិបាល លន់ នល់ ប្រសិនបើពាក់កណ្តាលនៃគណៈកម្មាធិការមជ្ឈិមបក្ស ដែលមានពាក់កណ្តាលនៃមេដឹកនាំបក្សនិងយោធាសុទ្ធតែជាជនក្បត់នោះ?”។

ឌុច បានឆ្លើយតបថា “ទេ គ្មានទេ។ គ្មាននរណាបានលើកបញ្ហានេះជាមួយខ្ញុំទេ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស