31.4 C
Phnom Penh

ដំណើរ​​​រឿង​​​របស់​​​សាក្សី​​​ និង​​​តុលាការ​​​ទាក់​​​ទិន​​​គ្រោះថ​​​្នាក់​​​ចរាចរណ៍​​​បណ្តាល​​​​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​ផ្ទុយ​​​គ្នា​​​ទាំង​​​ស្រុង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុងតាខ្មៅ, ខេត្តកណ្តាល-ដំណើររឿងកាលពីម្សិលមិញរបស់សាលាដំបូងខេត្តនេះដែលស្តីពីការរៀបរាប់ឡើងវិញរបស់សាក្សីដ៏សំខាន់ម្នាក់ទាក់ទិនហេតុការណ៍គ្រោះថ្នាក់រថយន្តបណ្តាលឲ្យមានមនុស្សស្លាប់ និងដែលបានធ្វើឲ្យមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់រួចផុតពីពិរុទ្ធភាពនោះ ផ្ទុយទាំងស្រុងទៅនឹងអ្វីដែលសាក្សីរូបនេះអះអាងថា ខ្លួនបានប្រាប់តុលាការ។

cam-photo-sameth-channaកាលពីថ្ងៃទី១២ ខែមេសា លោក នួន សុម៉េត អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអតីតអភិបាលរងរាជធានីភ្នំពេញត្រូវបាននគរបាលឃាត់ខ្លួននៅក្នុងខេត្តកណ្តាលបន្ទាប់ពីរថយន្តដែលលោកបើកបរបានបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាតាមបណ្តោយផ្លូវជាតិលេខ១។ អ្នកបើកបរម៉ូតូឈ្មោះ មិត្ត សុធា បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយប្រពន្ធរបស់គាត់ឈ្មោះ ខន យ៉េត បានស្លាប់១៧ថ្ងៃក្រោយមកដោយសាររបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។

ដោយធ្វើតាមសេចក្តីបង្គាប់ពី លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងនោះ នគរបាលបានដោះលែងលោក នួន សុម៉េត នៅល្ងាចថ្ងៃកើតហេតុនោះ។ លោក លឹម សុគន្ថា បានលើកឡើងថា លោកបានអនុញ្ញាតឲ្យលោក នួន សុម៉េត រួចខ្លួន ព្រោះមន្ត្រីរូបនេះស្នើសុំឲ្យមានការដោះលែងដោយហេតុថា លោកបានព្រមព្រៀងសងសំណងចំនួន៥.៥០០ដុល្លារដល់គ្រួសារជនរងគ្រោះ និងដោយសារនគរបានកំណត់ថា លោកគ្មានកំហុស។ ដោយដកស្រង់ការរៀបរាប់របស់សាក្សី នគរបាលបានលើកឡើងថា ដំបូងឡើយរថយន្តម៉ាក តូយ៉ូតា ឡង់គ្រីស័រ របស់លោក នួន សុម៉េត ត្រូវរថយន្តធុនធំដែលបើកមកពីមុខបុក ជាហេតុធ្វើឲ្យមន្ត្រីរូបនេះបាត់បង់ម្ចាស់ការរួចក៏ជ្រុលទៅបុកម៉ូតូតែម្តង។

ទោះជាយ៉ាងណា កាលពីថ្ងៃទី១២ ខែឧសភា សាក្សីដ៏សំខាន់តែម្នាក់គត់រូបនេះដែលនគរបាលប្រាប់អត្តសញ្ញាណថា មានឈ្មោះ តាត សាំង បានប្រាប់អ្នកយកព័ត៌មាននូវអ្វីដែលគាត់លើកឡើងថា បានរៀបរាប់ប្រាប់ក្រុមអ្នកសើុបអង្កេត៖ គាត់មិនបានឃើញហេតុការណ៍បុកគ្នាឡើយ ប៉ុន្តែបានឮស្នូរបុកតែម្តងប៉ុណ្ណោះ មិនមែនពីរដងទេ។

បន្ទាប់ពីត្រូវបានសាកសួរដោយព្រះរាជអាជ្ញារង សម រិទ្ធីវាសនា កាលពីម្សិលមិញ លោក តាត សាំង បានលើកឡើងថា គាត់បាននិយាយរៀបរាប់ដដែល។

លោក តាត សាំង ដែលកំពុងតែធ្វើការនៅកន្លែងជួសជុលម៉ូតូរបស់ខ្លួនតាមបណ្តោយផ្លូវជាតិើលេខ១នេះ ពេលហេតុការណ៍បានកើតឡើងនោះបាននិយាយថា “ខ្ញុំមិនបានឃើញរថយន្តធុនធំបុករថយន្តនេះទេ ខ្ញុំឮត្រឹមតែស្នូរសំឡេងបុកប៉ុណ្ណោះ”។គាត់បានលើកឡើងទៀតថា គាត់បានឃើញត្រឹមតែរថយន្តធុនធំបើកចេញពីកន្លែងកើតហេតុប៉ុណ្ណោះ បន្ទាប់ពីគាត់បានងើបមើល។

ទោះជាយ៉ាងណា លោក សម រិទ្ធីវាសនា បានលើកឡើងថា លោក តាត សាំង បានប្រាប់លោកថា គាត់ពិតជាបានឃើញហេតុការណ៍គ្រោះថ្នាក់នេះ។

លោកបានមានប្រសាសន៍ថា “សាក្សីបានឆ្លើយថា គាត់បានឃើញរថយន្តធុនធំបុករថយន្តរបស់ ឯកឧត្តម នួន សុម៉េត ដោយធ្វើឲ្យរថយន្តរបស់គាត់ជ្រុលទៅបុកម៉ូតូតែម្តង”។

ព្រះរាជអាជ្ញារងរូបនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការពិតដែលថា ការរៀបរាប់ប្រាប់របស់លោក តាត សាំង នៅក្នុងតុលាការ និងការរៀបរាប់ប្រាប់របស់គាត់ទៅកាន់អ្នកយកព័ត៌មានផ្ទុយគ្នាទាំងស្រុងនោះឡើយ។

លោកបានថ្លែងថា “ប្រសិនបើរថយន្តរបស់ឯកឧត្តម នួន សុម៉េត ត្រូវរថយន្តធុនធំបុក យើងនឹងពិចារណាថា តើគាត់ជាអ្នកខុស ឬថាតើគាត់បើកបរដោយធ្វេសប្រហែសឬយ៉ាងណា”។

លោក សម រិទ្ធីវាសនា បានសាកសួរលោក នួន សុម៉េត តាមក្រោយនៅថ្ងៃដដែល ប៉ុន្តែ បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ពេលគេទាក់ទងបាន។

ឥឡូវនេះតុលាការនឹងសម្រេចថា តើត្រូវដាក់ការចោទប្រកាន់បឋមលើលោក នួន សុម៉េត ហើយបញ្ជូនសំណុំរឿងនេះទៅចៅក្រុមសើុបសួរ ឬលើកលែងការចោទប្រកាន់ទាំងស្រុង ឬយ៉ាងណា។

ពេលចាកចេញពីតុលាការកាលពីម្សិលមិញ លោក នួន សាម៉េត បានលើកឡើងថា លោកជាជនរងគ្រោះ។

លោកបានមានប្រសាសន៍មុនពេលប្រញាប់ប្រញាល់ចាកចេញថា “ខ្ញុំគឺជាជនរងគ្រោះ ហើយខ្ញុំមកនេះដោយអនុលោមទៅតាមនីតិវិធីតុលាការ”។

លោក សារុំ សុខា ក្មួយប្រុសរបស់ជនរងគ្រោះ មិត្ត សុធា ដែលជាអ្នកនិយាយចរចារឿងផ្តល់ប្រាក់សំណងជាមួយលោក នួន សុម៉េត នៅថ្ងៃកើតហេតុនោះក៏ត្រូវបានសាកសួរផងដែរកាលពីម្សិលមិញ។ គាត់បានលើកឡើងថា ព្រះរាជអាជ្ញារងរូបនេះគ្រាន់តែចង់បញ្ជាក់ឲ្យបានច្បាស់ថា គ្មានការដាក់ការចោទប្រកាន់ទេ ព្រោះអីគាត់បានព្រមព្រៀងជាមួយលោក នួន សុម៉េត ហើយ។

ក្មួយប្រុសរបស់ជនរងគ្រោះរូបនេះ បាននិយាយថា “ខ្ញុំគ្រាន់តែចង់ប្រាប់ថា ខ្ញុំបានដកពាក្យបណ្តឹងរួចហើយ ហើយចុងបញ្ចប់បញ្ហានេះ ព្រោះយើងទទួលបានប្រាក់សំណងរួចរាល់ហើយ”។ គាត់បានលើកឡើងទៀតថា ខ្លួនពិបាកជឿណាស់ដែលថា រថយន្តរបស់លោក នួន សុម៉េត ត្រូវរថយន្តធុនធំបុកប៉ុណ្ណឹងហើយ មិនធ្លាក់ផ្លូវនោះ។

នគរបាលបានអះអាងថា សាក្សីផ្សេងទៀតក្រៅពីលោក តាត សាំង ក៏បានលើកឡើងផងដែរថា រថយន្តរបស់លោក នួន សុម៉េត ដំបូងឡើយត្រូវបានបុកដោយរថយន្តធុនធំដែលបានបើកគេចចេញពីកន្លែងកើត ហើយរកមិនឃើញនោះ ប៉ុន្តែ លោកបានបដិសេធមិនប្រាប់ឈ្មោះសាក្សីទាំងនោះឡើយ។

ទោះជាយ៉ាងណា សាក្សីបីនាក់ដែលនិយាយប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌអនាមិកកាលពីខែមេសាសុទ្ធតែបានលើកឡើងថា រថយន្តរបស់លោក នួន សុម៉េត មិនត្រូវបានរថយន្តធុនធំបុកទេ ហើយបានបើកខុសគន្លងផ្លូវ ពេលបុកជាមួយម៉ូតូ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស