27 C
Phnom Penh

អាជ្ញាធរ​បញ្ជាឱ្យ​រុះរើ​សំយាប​​ដំឡើង​​​សម្រាប់​អ្នក​គាំទ្រ​លោក កឹម សុខា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសរសេរលិខិតផ្ញើជូនគណបក្សសង្គ្រោះជាតិសុំឲ្យពួកគេហាមអ្នកគាំទ្រកុំឲ្យបិទផ្លូវសំខាន់នៅមុខទីស្នាក់ការរបស់ខ្លួន ហើយរុះរើសំយាបដែលពួកគេបានដំឡើងនៅទីនោះកាលពីពេលថ្មីៗនេះ។

cam-photo-awning-channaក្រុមអ្នកគាំទ្របាននិងកំពុងនៅកំដរការពារខាងក្រៅទីស្នាក់ការកណ្ដាលគណបក្សចាប់តាំងពីថ្ងៃទី២៦ ខែឧសភាមក នៅពេលនគរបាលប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សដែលកំពុងសម្ងំលាក់ខ្លួននៅខាងក្នុង។

មនុស្សរាប់រយនាក់បាននៅទីនោះគ្រប់ពេលវេលាដើម្បីរារាំងការចាប់ខ្លួនរូបលោកហើយបានហៀរចូលទៅលើផ្លូវជាតិលេខ២។ គណបក្សក៏បានដំឡើងសំយាបដែកនៅមុខទីស្នាក់ការកាលពីដើមខែនេះ ដើម្បីផ្ដល់កន្លែងជ្រកដល់អ្នកគាំទ្រផងដែរ។

កាលពីថ្ងៃអង្គារ លោក ប៉ិច កែវមុនី អភិបាលខណ្ឌបានសរសេរលិខិតមួយច្បាប់ផ្ញើជូនគណបក្សនេះបញ្ជាឲ្យពួកគេហាមអ្នកគាំទ្រកុំឲ្យហៀរលើផ្លូវ ឲ្យរុះរើសំយាប និងជូនដំណឹងដល់អាជ្ញាធរពីគម្រោងជួបជុំគ្នាណាមួយ។

ដោយអង្គុយនៅក្រោមសំយាបពណ៌ខៀវកាលពីព្រឹកម្សិលមិញ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកគាំទ្រប្រហែល២០នាក់ថា គណបក្សនឹងស្វែងរកព័ត៌មានបន្ថែមអំពីសំណើនេះ មុនពេលអនុវត្តតាមបទបញ្ជា។

លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា “តំណាងរាស្ត្រ និងមន្ត្រីគណបក្សសង្គ្រោះជាតិរបស់យើងនឹងទៅសួរពួកគេពីមូលហេតុដែលពួកគាត់ត្រូវរុះរើសំយាបនេះ ប៉ុន្តែពួកគេក៏បានសុំឲ្យយើងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ផងដែរ ហើយពួកគេក៏បាននិយាយថា យើងមិនបានជូនដំណឹងពីការជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិឡើយ”។

ដោយសំដៅដល់ទីស្នាក់ការគណបក្ស លោកបានបន្ថែមថា “យើងបានជួបជុំគ្នានៅក្នុងផ្ទះរបស់យើងតែប៉ុណ្ណោះ”។ហេតុអ្វីបានជាយើងត្រូវប្រាប់ពួកគេ ឬសុំការអនុញ្ញាត? តើច្បាប់ឬមាត្រាណាដែលចែងថា ការជួបជុំគ្នានៅក្នុងផ្ទះរបស់យើង ត្រូវប្រាប់ពួកគេនោះ”។

លោក ម៉ា សុភាព អភិបាលរងខណ្ឌបានអះអាងថា សំយាបនេះរំលោភចូលដីសាធារណៈ ហើយត្រូវតែរុះរើចេញ ដូចសំយាបរបស់អាជីវកម្មឯកជនមួយចំនួន ដែលមានបញ្ហាដូចគ្នានេះដែរ។

លោកបានថ្លែងថា “សំយាបដែលយើងបានឃើញនោះគឺវាហួសពី…ចិញ្ចើមផ្លូវ”។ តាមពិតសំយាបនេះស្ថិតនៅក្នុងដីគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែម្យាងទៀតលោក ម៉ា សុភាព បាននិយាយថា ការពង្រីកនេះមិនត្រូវបានអនុញ្ញាតទេ។

លោកបានថ្លែងថា “វាដំឡើងដោយខុសច្បាប់។ ពួកគេមិនដែលធ្វើសំណើទៅពួកយើងទេ។ មួយសប្ដាហ៍ទៀត បើពួកគេនៅតែមិនព្រមរុះរើចេញ យើងប្រហែលជាចុះទៅទីនោះម្ដងទៀត ហើយប្រាប់ពួកគាត់ម្តងទៀតឲ្យរុះរើ”។

លោក ម៉ា សុភាព បានបន្ថែមថា អាជ្ញាធរមិនយល់ទាស់ទេ បើគណបក្សសង្គ្រោះជាតិជួបជុំគ្នានៅក្នុងកន្លែងរបស់ខ្លួននោះ ប៉ុន្តែបានលើកឡើងថា អ្នកគំាទ្របានបង្កឲ្យមានការកកស្ទះចរាចរណ៍។

លោកបានបន្ថែមថា “ពួកគេជួបជុំគ្នានៅលើផ្លូវតែម្ដង។ ធ្វើអ៊ីចឹងម៉េចកើត? យើងនឹងអនុញ្ញាតបើពួកគាត់ជួបជុំគ្នានៅក្នុងទីស្នាក់ការ”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស