33 C
Phnom Penh

អ្នកភូមិ​ដែល​វិល​ត្រឡប់​មករស់នៅលើ​ដី​របស់​ក្រុមហ៊ុន UDG វិញ​នឹង​ត្រូវ​បណ្តេញចេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យក្រសួងបរិស្ថានបាននិយាយកាលពីម្សិលមិញថា ក្រសួងមានគម្រោងបណ្តេញអ្នកភូមិប្រហែល២០០គ្រួសារនៅក្នុងខេត្តកោះកុងដែលកាលពីខែមុនបានត្រឡប់មកកាន់កន្លែងអតីតផ្ទះសំបែងរបស់គាត់វិញ នៅលើតំបន់អភិវឌ្ឍន៍កាន់កាប់ដោយជនជាតិចិនដែលមានទំហំទឹកប្រាក់៣,៨ពាន់លានដុល្លារនៅក្នុងការតវ៉ាទាមទារសំណង។

គ្រួសារទាំងនោះដែលកាលពីឆ្នាំ២០១១បានចាកចេញពីផ្ទះសំបែងរបស់គាត់នៅក្នុងតំបន់ទេសចរណ៍ឆ្នេរសមុទ្រទៅតាំងទីលំនៅថ្មីលើដីឥតជីជាតិស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីតាំងចាស់នោះ បានត្រឡប់មកវិញកាលពីខែមុន បន្ទាប់ពីដឹងថា អ្នកភូមិប្រហែល២២គ្រួសារទៀត ដែលមិនព្រមចាកចេញបានចរចាទាមទារសំណងបានរាប់ពាន់ដុល្លារច្រើនជាងអ្វីដែលពួកគាត់ទទួលបាន។

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍កាលពីម្សិលមិញថា អ្នកភូមិទាំង២០០គ្រួសារនេះមិនអាចអនុញ្ញាតឲ្យរស់នៅក្នុងតំបន់នេះយូរបានទេដោយសារថា ពួកគាត់បានប្រគល់ដីរបស់ខ្លួនទៅឲ្យក្រុមហ៊ុន Union Development Group (UDG) របស់ចិន៥ឆ្នាំមកហើយ។

លោក សៅ សុភាព បានថ្លែងថា “យើងនឹងធ្វើការពន្យល់ដល់អ្នកភូមិទាំងនោះ ហើយបន្ទាប់មកប្រាប់ពួកគាត់ថា ពួកគាត់រស់នៅទីនោះដោយខុសច្បាប់ ពីព្រោះពួកគាត់មិនមានសិទ្ធិរស់នៅលើដីនោះទេ ពីព្រោះពួកគាត់បានទទួលសំណងរួចហើយ”។

លោកបានបន្ថែមថា “យើងនឹងប្រើកម្លាំងដើម្បីអនុវត្តច្បាប់ក្នុងការបណ្តេញអ្នកភូមិទាំងនោះចេញពីដីប្រសិនបើពួកគាត់បដិសេធព្រោះថា ការវិលត្រឡប់មកវិញរបស់ពួកគាត់បានបង្កើតជាបញ្ហាដល់រដ្ឋាភិបាល”។

អ្នកនាំពាក្យរូបនេះបានបដិសេធមិននិយាយថា តើអាជ្ញាធរនឹងចាត់វិធានការនៅពេលណានោះឡើយ ដោយបន្ថែមត្រឹមតែថា ប្រហែលជានៅពេលឆាប់ៗនេះ។

លោក លី តាក់ហៃ អ្នកគ្រប់គ្រងក្រុមហ៊ុន UDG បានថ្លែងថា ក្រុមហ៊ុនរីករាយក្នុងការរង់ចាំអាជ្ញាធរធ្វើការបណ្តេញចេញ។

លោកបានថ្លែងថា “យើងគ្មានគម្រោងបណ្តេញអ្នកភូមិទាំងនោះចេញទេនៅពេលនេះ ពីព្រោះយើងរង់ចាំសេចក្តីសម្រេចពីរដ្ឋាភិបាល ពីព្រោះនេះជាភារកិច្ចរបស់រដ្ឋាភិបាល។ វាមិនមែនជាភារកិច្ចរបស់ក្រុមហ៊ុនទេ”។

លោក អ៊ុង វីរៈ ដែលគ្រួសាររបស់គាត់ស្ថិតក្នុងចំណោមគ្រួសារដែលបានត្រឡប់មកកន្លែងអភិវឌ្ឍន៍នេះវិញ បាននិយាយថា គ្រួសារមួយចំនួនរស់នៅក្រោមកៅស៊ូតង់ក្នុងតំបន់ដែលឥឡូវនេះមាន១៩៥គ្រួសារកើនឡើងពីខែមុនដែលមាន១៧៤គ្រួសារ។

លោកបានថ្លែងថា គ្រួសារទាំងនោះត្រៀមតស៊ូទាមទារសំណងឱ្យបានច្រើនដូចអ្នកភូមិ២២គ្រួសារដែលមិនព្រមចាកចេញ ដែលទទួលបានដីស្រែចម្ការទំហំ២ហិកតា និងប្រាក់ចន្លោះពី៣.០០០ដុល្លារ ដល់២០.០០០ដុល្លារសម្រាប់ផ្ទះចាស់របស់ពួកគាត់។

លោកបាននិយាយថា “យើងបានសាងសង់ជម្រកលើដីនេះ ហើយយើងបានដាក់មនុស្សប្រហែល៣០នាក់ឱ្យនៅក្រោមកៅស៊ូតង់នោះដើម្បីយាមការពារដី”។

លោកបានបន្ថែមថា “ប្រសិនបើក្រុមហ៊ុន និងអាជ្ញាធរប្រើអំពើហិង្សាមកលើពួកយើង យើងនឹងតបតវិញ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស