38 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ប្រទេស​អាឡឺម៉ង់​ជួយ​ក្នុង​ការ​នាំ​សម្រុះ​សម្រួល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃពុធ គណបក្សសង្គ្រោះជាតិបាននិយាយថា រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍអាល្លឺម៉ង់ដែលមកធ្វើទស្សនកិច្ច បានយល់ព្រមបញ្ជូនសារបន្តទៅសហភាពអឺរ៉ុប ស្វែងរកជំនួយក្នុងការនាំសម្រុះសម្រួលរកដំណោះស្រាយចំពោះភាពតានតឹងនយោបាយបច្ចុប្បន្នក្នុងប្រទេសកម្ពុជា រវាងគណបក្សប្រឆាំងនិងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។

cam-photo-germany-channaលោក ហ្គឺដ មូល្លឺ (Gerd Muller) បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជាកាលពីរសៀលថ្ងៃពុធ បន្ទាប់ពីមានជំនួបជាមួយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និង លោក ជិន ប៊ុនសៀន អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលធ្វើនិយតកម្មលើគម្រោងវិនិយោគបរទេស។

លោក សុខា សព្វថ្ងៃកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទិននឹងរឿងស្រីស្នេហ៍ ជាករណីមួយដែលត្រូវគេយល់ឃើញជាទូទៅថាជារឿងនយោបាយ។ លោកកំពុងសម្ងំសុខនៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងក្រុងភ្នំពេញ ចាប់តាំងពីមានការប៉ុនប៉ងមិនបានសម្រេចរបស់នគរបាលដើម្បីចាប់ខ្លួនលោកនៅទីនោះកាលពីខែមុន ដោយសារមិនបានធ្វើតាមដីកាកោះរបស់តុលាការចំនួនពីរលើក។

តំណាងរាស្ត្រគណបក្សប្រឆាំង សមាជិកនិងអ្នកគាំទ្រមួយចំនួន ត្រូវបានចាប់ខ្លួនក្នុងពេលប៉ុន្មានខែថ្មីៗនេះ ហើយគណបក្សនេះបានប្រតិកម្មតបវិញដោយធ្វើពហិការមិនចូលសភា។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកកាសែតថា បន្ទាប់ពីការជួបជាមួយលោក កឹម សុខា នៅទីស្នាក់ការកណ្តាលនាព្រឹកថ្ងៃពុធ លោក មូល្លឺ បានយល់ព្រមថា ប្រទេសអាឡឺម៉ង់នឹងបញ្ជូនសារបន្តទៅសហភាពអឺរ៉ុប។

លោកបាននិយាយថា “គេនឹងបញ្ជូនសំណើរបស់យើងបន្ត ដើម្បីមានកិច្ចប្រជុំមួយនៅសហភាពអឺរ៉ុបជាមួយប្រទេសសមាជិកទាំង២៨ ដើម្បីពិភាក្សារកដំណោះស្រាយចំពោះបញ្ហានយោបាយក្នុងប្រទេសកម្ពុជា ជាមួយយើងនិងការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា”។

ស្ថានទូតអាឡឺម៉ង់បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសំណើរបស់គណបក្សប្រឆាំង ហើយសន្និសីទកាសែតគ្រោងទុកជាមួយលោក មូល្លឺ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានលុបចោលទៅវិញ។

សេចក្តីថ្លែងការណ៍មួយពីស្ថានទូតនេះបានទទួលស្គាល់ថា ស្ថានការណ៍នយោបាយនិងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានលើកមកពិភាក្សាក្នុងជំនួបរបស់រដ្ឋមន្ត្រីអាឡឺម៉ង់រូបនេះ ប៉ុន្តែមិនបានបរិយាយច្រើនទេ។

លើទំព័រហ្វេសប៊ុករបស់លោក លោក ហ៊ុន សែន បានចេញសេចក្តីប្រកាសបែបប្រទូសទាក់ទិននឹងការសន្ទនារបស់លោកជាមួយលោក មូល្លឺ។

កាបង្ហោះនោះបាននិយាយថា “ទាក់ទិននឹងគណបក្សប្រឆាំង សម្តេចតេជោ [លោក ហ៊ុន សែន] បានមានប្រសាសន៍ថា បុគ្គលដែលធ្វើខុស គឺមិនត្រូវយកអង្គការចាត់តាំងនយោបាយ ឬយកអង្គការក្រៅរដ្ឋាភិបាល មកធ្វើជាអាវក្រោះការពារខ្លួននោះទេ”។

ការបង្ហោះនោះបាននិយាយបន្ថែមថា លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សហភាពអឺរ៉ុប “កុំស្តាប់និងទទួលតែព័ត៌មានពីខាងបក្សប្រឆាំងតែម្ខាង គឺត្រូវឱ្យស្គាល់ពីអង្គហេតុនិងអង្គច្បាប់ឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការបកស្រាយខុស”។

សភាអឺរ៉ុបកាលពីសប្តាហ៍មុនបានអនុម័តសេចក្តីសម្រេចមួយ ដោយជំរុញសហភាពអឺរ៉ុបឲ្យពិចារណាអំពីកញ្ចប់ជំនួយមានទឹកប្រាក់រាប់លានដុល្លារមកកម្ពុជា ប្រសិនបើស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជាមិនបានប្រសើរនោះទេ។

នៅដើមឆ្នាំនេះដែរ ប្រទេសអាឡឺម៉ង់បានបញ្ចប់ការផ្តល់មូលនិធិលើគម្រោងដីធ្លីរដ្ឋាភិបាល ដោយសារការមិនសប្បាយចិត្តនឹងជំហានដ៏យឺតយ៉ាវនៃកំណែទម្រង់ពាក់ព័ន្ធ ក្នុងនោះមានទាំងកង្វះស្ថាប័នឯករាជ្យដើម្បីកាត់សេចក្តីជម្លោះដីធ្លីផង៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស