ព័ត៌មានជាតិ

នគរបាល​ដោះលែង​មន្ត្រី​​​ម្នាក់​​ដែល​ជាប់ចោទ​ថា បាន​​គំរាម​បាញ់​អ្នក​កាសែត​

By

June 17, 2016

ក្រុមអាជ្ញាធរបាននិយាយកាលពីម្សិលមិញថា មន្ត្រីនគរបាលម្នាក់ដែលត្រូវបានឃុំខ្លួនបន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានគំរាមបាញ់អ្នកកាសែតម្នាក់នៅក្នុងខេត្តប៉ៃលិននោះ ត្រូវបានដោះលែងរយៈពេលពីរខែមកហើយ ដើម្បីឲ្យទៅចូលរួមវគ្គបណ្ដុះបណ្ដាលមួយនៅក្នុងខេត្តផ្សេង។

លោក ឃា សុខន ជាមន្ត្រីនគរបាលម្នាក់នៅក្នុងស្រុកសាលាក្រៅ ត្រូវបានចាប់ខ្លួនកាលពីដើមខែមេសា បន្ទាប់ពីមានពាក្យបណ្ដឹងពីអ្នកកាសែតម្នាក់ឈ្មោះ អ៊ុក ទូច ចោទមន្ត្រីនគរបាលរូបនេះថាបានគំរាមបាញ់គាត់ចំពោះការស៊ើបអង្កេតការអះអាងដែលថា មន្ត្រីនគរបាលរូបនេះបាញ់បោះពេលស្រវឹងស្រា។

នៅពេលនោះ លោក យឹម សម្បត្តិ ស្នងការរងនគរបាលខេត្តមានប្រសាសន៍ថា លោក សុខន បានបាញ់សំដៅចោរម្នាក់។ ប៉ុន្តែលោក ញឹក ថុល អធិការនគរបាលស្រុកមានប្រសាសន៍ថា មន្ត្រីរបស់លោក “ស្រវឹងជោកជាំមិនអាចគ្រប់គ្រងខ្លួនឯងបាន ដូច្នេះគាត់បានបាញ់កាំភ្លើងលេង”។

ពីដំបូងអាជ្ញាធរបានលើកឡើងថា លោក សុខន នឹងត្រូវឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តអំឡុងពេលចូលឆ្នាំខ្មែរ ខណៈដែលពួកគេបានស៊ើបអង្កេតការចោទប្រកាន់នេះ។ ទោះជាយ៉ាងណា កាលពីម្សិលមិញ លោក សម្បត្តិ បានមានប្រសាសន៍ថា មន្ត្រីរូបនេះត្រូវបានបញ្ជូនទៅខេត្តបាត់ដំបងជាប់គ្នានេះកាលពីពាក់កណ្ដាលខែមេសា ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលមួយដោយមានការអនុញ្ញាតពីតុលាការ។

លោកបានថ្លែងថា ”យើងបានសម្រេចបញ្ជូនគាត់ទៅសិក្សានៅសាលាមួយក្នុងតំបន់ ពីព្រោះគាត់ត្រូវបានចាត់តាំងរួចហើយដោយក្រសួងមហាផ្ទៃ។ នៅពេលចប់វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល២ខែ យើងនឹងមានការជួបប្រជុំជាមួយស្នងការនគរបាលខេត្តដើម្បីសម្រេចថា តើត្រូវដាក់ទណ្ឌកម្មគាត់ឬយ៉ាងណា។ ប៉ុន្តែឥឡូវនេះយើងទុកឲ្យគាត់រៀនចប់សិន”។

ស្នងការរងរូបេនះបានមានប្រសាសន៍ថា លោក សុខន ត្រូវបានតុលាការសាកសួរអំពីការគំរាមសម្លាប់ ប៉ុន្តែលោកមិនបានដឹងលទ្ធផលទេ។ លោកក៏មិនអាចនិយាយថាតើខែនេះវគ្គបណ្ដុះបណ្ដាលនឹងចប់នៅពេលណាដែរ។

លោក ជុំ សែនសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោក ថុល គឹមហ៊ឹង អ្នកនាំពាក្យតុលាការបានអះអាងថា លោក សុខន ត្រូវបានសាកសួរហើយ ប៉ុន្តែបានលើកឡើងថា លោកមិនបានដឹងអ្វីផ្សេងទេ។

លោក អ៊ុក ទូច ជាអ្នកយកព័ត៌មានម្នាក់នៅកាសែតកម្ពុជាអភិវឌ្ឍន៍ និងគេហទំព័រព័ត៌មានឆន្ទៈខ្មែរ បាននិយាយថា លោក សុខន បានមកផ្ទះរបស់គាត់ ហើយបានយកកាំភ្លើងអាកា៤៧ ភ្ជង់គាត់នៅថ្ងៃដែលគាត់បានស៊ើបអង្កេតហេតុការណ៍បាញ់បោះនោះ។

គាត់បាននិយាយកាលពីម្សិលមិញថា គាត់មានការខកចិត្តជាមួយនឹងដំណើរការស៊ើបអង្កេតរបស់តុលាការ។ លោកបាននិយាយបន្តថា “វាកន្លងផុតជាង២ខែមកហើយ ហើយតុលាការមិនបានចាត់វិធានការណាមួយលើជនសង្ស័យរូបនេះឡើយ។ ខ្ញុំគិតថា វាមិនយុត្តិធម៌ចំពោះរូបខ្ញុំទេ។ ប្រសិនបើពួកគេមិនធ្វើអ្វីទេនោះ ខ្ញុំនឹងចុះផ្សាយអត្ថបទដើម្បីគាស់កកាយរឿងនេះឡើងវិញ៕ សារុន