បុរសជនជាតិឥណ្ឌាម្នាក់ដែលសាលាដំបូងខេត្តសៀមរាបបានដោះលែងកាលពីឆ្នាំមុន ក្រោយពេលត្រូវបានចាប់ខ្លួនពីបទរំលោភបំពានផ្លូវភេទក្មេងស្រីអាយុ១៤ឆ្នាំម្នាក់នោះត្រូវបានផ្តន្ទាទោសកំបាំងមុខកាលពីម្សិលមិញ ប៉ុន្តែ អាជ្ញាធរមិនបានព្យាយាមចាប់ខ្លួនជននេះទេ ហើយគេក៏មិនដឹងថា ជននេះនៅកន្លែងណាដែរ។
ចៅក្រុមប្រធានក្រុមប្រឹក្សាជំនុំជម្រះ សិុន សុវណ្ណរ័ត្ន បានលើកឡើងថា Raj Deo អាយុ៤៦ឆ្នាំត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទរំលោភបំពានផ្លូវភេទ ហើយត្រូវបានបង្គាប់ឲ្យបង់ប្រាក់សំណងចំនួន៣លានរៀលទៅឲ្យគ្រួសារក្មេងស្រីរូបនេះ។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយដោយលើកហេតុផលថា វាជា “ក្រមសីលធម៌របស់ចៅក្រម”។
ក្រមព្រហ្មទណ្ឌចែងថា ការរំលោភបំពានផ្លូវភេទអនីតិជនអាចត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ ហើយពិន័យជាប្រាក់ពី៤លានរៀលដល់១០លានរៀល។
លោក Raj Deo ដែលធ្វើការជាអ្នកលក់ខោអាវនៅក្រុងសៀមរាបត្រូវនគរបាលការពារអនីតិជនចាប់ខ្លួននៅក្នុងខែធ្នូ បន្ទាប់ពីនគរបាលទទួលបានបណ្តឹងពីក្មេងស្រីរងគ្រោះ នេះបើយោងតាមអង្គការសកម្មភាពដើម្បីកុមារ (APLE) ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងជនរួមភេទជាមួយកុមារ ដែលជួយនៅក្នុងការសើុបអង្កេតនេះ។
ប៉ុន្តែ លោក Raj Deo ត្រូវបានដោះលែងឲ្យនៅក្រៅឃុំមិនយូរប៉ុន្មានបន្ទាប់ពីត្រូវបានសាកសួរនៅសាលាដំបូងខេត្ត នេះបើយោងតាមការឲ្យដឹងកាលពីម្សិលមិញ ពីលោកព្រះរាជអាជ្ញារង ថេង សំណាង ដែលបដិសេធមិនពន្យល់ថា តើហេតុអ្វីបានជាជននេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំ និងថា តើហេតុអ្វីបានជាគ្មានការព្យាយាមចាប់ខ្លួនជននេះបើជននេះត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទហើយនោះ។
លោកមានប្រសាសន៍ថា ” ពេលប្រកាសអំពីការផ្តន្ទាទោស តុលាការមិនបានចេញដីកាចាប់ខ្លួនទេ”។ លោកបានបង្វែរសំណួរទាំងអស់ទៅលោក យិន ស្រាង អ្នកនាំពាក្យតុលាការដែលបដិសេធមិនធ្វើអត្ថាធិប្បាយ។
លោកស្រី ដួង ថាវរី នាយិកាការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តនេះបានលើកឡើងថា លោកស្រីដឹងថា លោក Raj Deo បានរត់គេចខ្លួនបាត់ហើយ ប៉ុន្តែថា លោកស្រីមិនអាចតាមស្វែងរក ឬចាប់ខ្លួនជននេះបានឡើយដោយសារតុលាការមិនបានចេញដីការចាប់ខ្លួន។
លោក សំលៀង សិលា នាយកប្រចាំប្រទេសនៃអង្គការសកម្មភាពដើម្បីកុមារបានសំដែងការជំទាស់ទៅនឹងការផ្តន្ទាទោសដែលស្រាលបែបនេះ និងការដែលតុលាការទំនងជាមិនរវីរវល់។
លោកបានមានប្រសាសន៍ថា “នោះគឺជាការផ្តន្ទាទោសដែលមិនអាចទទួលយកបាន បើផ្អែកលើការពិត និងភ័ស្តុតាងដែលប្រមូលបាន ព្រមទាំងសេចក្តីការណ៍នាពេលកន្លងមកអំពីការរំលោភបំពាន។ ជននេះបានដើរតាមផ្លូវគ្រប់ច្រកល្ហកនៅទូទាំងក្រុងសៀមរាប ហើយក៏បានបៀតបៀនក្មេងងាយរងគ្រោះផងដែរ ជាពិសេសក្មេងស្រីលក់វត្ថុអនុស្សាវរីយទៅឲ្យជនបរទេស”។
លោកបានថ្លែងបន្ថែមថា “យើងមានការខកចិត្តដែលឮថា ជននេះត្រូវបានដោះលែងនៅក្រៅឃុំ ហើយការព្យាយាមរបស់យើងដើម្បីនាំជននេះមកឃុំខ្លួនវិញបានបរាជ័យ។មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចាប់ជននេះមកឃុំឃាំងតាមរយៈការបើកសវនាការ ប៉ុន្តែ ជននេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ទោះបីជាមានភ័ស្តុតាងគ្រប់គ្រាន់ក៏ដោយ”។
លោកបានថ្លែងទៀតថា “ក្នុងពេលនេះយើងកំពុងតែធ្វើការជាមួយអាជ្ញាធរដើម្បីកំណត់ទីតាំងរបស់ជននេះ “។ លោកបានបន្ថែមថា ប្រសិនបើការខិតខំប្រឹងប្រែងនេះមិនជោគជ័យទេនោះអង្គការសកម្មភាពដើម្បីកុមារនឹងស្វែងរកជំនួយបន្ថែមពីស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ។
លោក សួង សុភា មេធាវីរបស់លោក Raj Deo បានលើកឡើងថា លោកមិនដឹងថា កូនក្តីរបស់លោកនៅទីណានោះឡើយ ប៉ុន្តែ ថាជននេះមិនបានប្រព្រឹត្តបទល្មើសដួចការចោទប្រកាន់ឡើយ។
លោកបានមានប្រសាសន៍ថា “គាត់មិនបានប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទក្មេងស្រីនោះទេ។ ខ្ញុំគិតថា គ្រួសារជនរងគ្រោះដាក់ពាក្យប្តឹងគាត់ព្រោះពួកគេចង់បានប្រាក់សំណង”៕ស៊ុយឈាង