32 C
Phnom Penh

សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ធំចោទប្រកាន់​ម្ចាស់ហាង​ខារ៉ាអូខេ​ម្នាក់ពីបទ​ធ្វើ​សញ្ចរកម្ម​ក្មេងស្រី​​អនី​តិជន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់ហាងខារ៉ាអូខេម្នាក់នៅក្នុងខេត្តកំពង់ធំត្រូវបានចោទប្រកាន់ពីបទសញ្ចរកម្មកាលពីម្សិលមិញ បន្ទាប់ពីអាជ្ញាធរបានឆ្មក់ចូលកន្លែងនោះកាលពីដើមខែនេះ ហើយបានរកឃើញថា គាត់បានធ្វើសញ្ចរកម្មបុគ្គលិកអាយុ១៥ឆ្នាំម្នាក់ទៅឱ្យភ្ញៀវ។

កងរាជអាវុធហត្ថបានឆ្មក់ចូលហាងខារ៉ាអូខេមួយនៅក្នុងស្រុកស្ទោងកាលពីល្ងាចថ្ងៃអង្គារឆ្លើយតបតាមបណ្តឹងរបស់ស្ត្រីជាម្តាយជនរងគ្រោះ។ ក្រុមមន្ត្រីបានចាប់ខ្លួនម្ចាស់ហាងឈ្មោះ បាន ស៊ី អាយុ៣៣ឆ្នាំ និងបានជួយសង្គ្រោះក្មេងស្រីមិនទាន់គ្រប់អាយុរូបនេះ ហើយបានបញ្ជូនអ្នកទាំងពីរទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។

លោក ប៊ុន ឃី នាយការិយាល័យយុត្តិធម៌នៃនគរបាលខេត្តបានមានប្រសាសន៍ថា “យើងបានបញ្ជូនគាត់ទៅសាលាដំបូងខេត្តនៅព្រឹកនេះនៅម៉ោងប្រហែល៩ព្រឹក ហើយ ជននេះស្ថិតក្នុងពន្ធនាគារហើយ”។

លោក អិុត សុធា ព្រះរាជអាជ្ញារងដែលទទួលបន្ទុកដោះស្រាយរឿងក្តីនេះបានមានប្រសាសន៍ថា លោក បាន ស៊ី ត្រូវបានចោទប្រកាន់ពីបទធ្វើសញ្ចរកម្មកុមារ ជាបទឧក្រិដ្ឋដែលអាចផ្ទន្ទាទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។

លោក អិុត សុធា បានមានប្រសាសន៍ថាគេមិនទាន់ច្បាស់ថា តើប្រពន្ធរបស់លោក បាន ស៊ី ដែលបានជួយគ្រប់គ្រងហាងខារ៉ាអូខេនេះ និងមានវត្តមានអំឡុងការឆ្មក់ចូលនោះដែរ នឹងត្រូវបានចោទប្រកាន់ឬយ៉ាងណានោះ ដោយលោកពន្យល់ថា ស្ត្រីរូបនេះមិនត្រូវបានចាប់ខ្លួនទេ ពីព្រោះគាត់មានផ្ទៃពោះ។

លោក កងសារូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបានមានប្រសាសន៍កាលពីម្សិលមិញថា នៅក្នុងពាក្យបណ្តឹង ម្តាយរបស់ក្មេងស្រីរងគ្រោះបាននិយាយថា កូនស្រីរបស់គាត់បានរត់ចេញពីផ្ទះប្រហែលពីរសប្តាហ៍មកហើយ បន្ទាប់ពីមានការទាស់ទែងពីរឿងប្តីថ្មីរបស់អ្នកស្រី។

លោកបានមានប្រសាសន៍ថា “គាត់បានបង្ហាញរូបថតកូនស្រីរបស់គាត់ដល់អ្នកភូមិនៅក្នុងស្រុកស្ទោង ហើយមនុស្សមួយចំនួនដែលបានចំណាំមុខនាង សង្ស័យថា នាងប្រហែលជាធ្វើការនៅក្នុងហាងខារ៉ាអូខេនេះ”។ លោកបន្ថែមថា បើទោះជាខារ៉ាអូខ េេនះមិនត្រូវបានបិទជាអចិន្ត្រៃយ៍ក៏ដោយ ក៏វាត្រូវបានបិទចាប់តាំងពីការឆ្មក់ចូលដែរ។

លោក ថាន់ ប៊ុនថេង អធិការរងនគរបាលស្រុកបានមានប្រសាសន៍ថា ក្មេងស្រីអាយុ១៥ឆ្នាំរូបនេះធ្វើការនៅហាងខារ៉ាអូខេនេះបាន១៧ថ្ងៃបន្ទាប់ពីបានរត់ចេញពីផ្ទះកាលពីចុងខែមុន។ លោកបានថ្លែងថា នាងបានធ្វើការមួយរយៈខ្លីនៅទីនោះជាអ្នកចាប់ទឹកកក និងជាអ្នកចាក់ឌីសកាលពីដើមឆ្នាំនេះ ប៉ុន្តែត្រូវបានណែនាំឱ្យរួមភេទជាមួយភ្ញៀវកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា “នាងបានប្រាប់នគរបាលថា នាងបានទៅជាមួយភ្ញៀវតែមួយដងប៉ុណ្ណោះ ហើយថា នាងទទួលបានប្រាក់១០០ដុល្លារ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស