34 C
Phnom Penh

អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប បដិសេធ​បទចោទ​ប្រកាន់​បោក​ប្រាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនអចលនទ្រព្យដែលជាប់ពន្ធនាគារ បានប្រាប់តុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រថា បទចោទបោកប្រាស់លើរូបលោកកើតចេញពីការយល់ច្រឡំសាមញ្ញទាក់ទិននឹងការសងបំណុលចំនួន៤០០.០០០ដុល្លារប៉ុណ្ណោះ។

លោក ប៊ុណ្ណា ប្រធានក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ត្រូវបានចាប់និងឃុំខ្លួនជាបណ្តោះអាសន្ននៅថ្ងៃទី១០ ខែមិថុនា  ទាក់ទិននឹងការចោទប្រកាន់ថា លោកបានចេញសែកមានទឹកប្រាក់៤០០.០០០ដុល្លារទៅពាណិជ្ជករ កែវ ហ៊ុន និងភរិយារបស់លោក ហ៊ុន ឈ្មោះ សុក ទុង ដោយគ្មានទឹកប្រាក់ក្នុងគណនីធនាគាររបស់លោក។

លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុបចាកចេញពីតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុបចាកចេញពីតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ប្រធានក្រុមហ៊ុនរូបនេះត្រូវបានសាកសួរនៅតុលាការក្រុងកាលពីព្រឹកថ្ងៃសុក្រ ប៉ុន្តែបានបដិសេធមិននិយាយទៅកាន់អ្នកកាសែត ក្នុងខណៈដែលគេនាំលោកចូលរថយន្តដែលបើកសំដៅទៅពន្ធនាគារ ប៉េហ្ស៊ី។

លោក ចេវ តុលា មេធាវីរបស់លោក ប៊ុណ្ណា បាននិយាយថា កូនក្តីរបស់លោកត្រូវបានសាកសួរដោយចៅក្រម ឡុង កេសភិរម្យ រយៈពេលជាងមួយម៉ោង។ លោក តុលា បាននិយាយថា លោក ប៊ុណ្ណា បានប្រាប់ចៅក្រមស៊ើបសួររូបនេះថា លោកបានចេញសែកតម្កល់ប្រាក់ចំនួន៤០០.០០០ដុល្លារទៅឲ្យលោក ហ៊ុន និងលោកស្រី ទុង ក្នុងឆ្នាំ ២០១៤ ដើម្បីសងបំណុលវិញ ប៉ុន្តែ ក្រោមលក្ខខណ្ឌថា វាអាចប្រើបានតែនៅពេលណាលោកមានប្រាក់ គ្រប់គ្រាន់ក្នុងគណនីរបស់លោកប៉ុណ្ណោះ។

មេធាវីរូបនេះបាននិយាយថា កិច្ចសន្យាជាលាយលក្ខណ៍អក្សរមានខ្លឹមសារថា អ្នកធានាជាភាគីទី៣នឹងសងប្រាក់វិញ ប្រសិនបើលោក ប៊ុណ្ណា មិនអាចសងបានដោយខ្លួនឯងនៅត្រឹមខែមីនា ឆ្នាំនេះនោះទេ។ លោកបាននិយាយបន្ថែមថា នៅពេលលោក ហ៊ុន បានទៅដកយកប្រាក់ពីសែកនោះក្នុងខែមីនា តែវាមិនមានទឹកប្រាក់ ស្រាប់តែលោកក៏បានប្តឹងលោក ប៊ុណ្ណា។

លោកបាននិយាយថា “កូនក្តីរបស់ខ្ញុំបានសងប្រាក់៧០.០០០ដុល្លារនៃប្រាក់៤០០.០០០ដុល្លារនោះហើយ ហើយគាត់មានគម្រោងបន្តសងទៀត ប៉ុន្តែ គាត់ប្រហែលយឺតពេលបន្តិចបន្តួច ដូច្នេះ លោក កែវ ហ៊ុន ក៏បានប្តឹងគាត់”។

លោក តុលា បានលើកឡើងថា ប្រាក់មិនទាន់បានសងនោះជាចំណែកដ៏តូចមួយនៃតម្លៃក្រុមហ៊ុនរបស់លោក ប៊ុណ្ណា ប៉ុណ្ណោះ។

លោកបាននិយាយថា “ប្រាក់ ៤០០.០០០ដុល្លារ ជាចំនួនប្រាក់តិចតួច ប្រសិនបើយើងប្រៀបធៀបវាជាមួយនឹង ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប របស់គាត់ ដែលមានតម្លៃរាប់លានដុល្លារឯណោះ។ ខ្ញុំគិតថា ដើមបណ្តឹង គួរយោគយល់គាត់ ពីព្រោះមុខជំនួញនៅពេលនេះគឺយឺតបន្តិច ហើយការរកស៊ីតែងតែជំពាក់គ្នា”។

លោក តុលា បានបន្ថែមថា គាត់បានដាក់សំណើសុំនៅក្រៅឃុំជាផ្លូវការឲ្យកូនក្តីរបស់លោកនៅរសៀលថ្ងៃសុក្រ។

មេធាវីរបស់លោក ហ៊ុន គឺលោក ហូ ពេជ្ររតនា បានបដិសេធមិននិយាយអំពីករណីនេះទេ ហើយបានបង្វែរសំណួរទៅតុលាការ។ ចៅក្រម កេសភិរម្យ មិនអាចទាក់ទងបានទេ ចំណែកឯលោក លី សុផាណា អ្នកនាំពាក្យតុលាការ បាននិយាយថា លោកជាប់រវល់ណាស់មិនអាចធ្វើអត្ថាធិប្បាយបានទេ៕និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស