យោងតាមសេចក្ដីរាយការណ៍ព័ត៌មានបានឲ្យដឹងថា ប្រទេសកម្ពុជា បានជួយរួមចំណែកធ្វើឲ្យខូចសេចក្ដីថ្លែងការណ៍រួមមួយរបស់អាស៊ានស្ដីពីបញ្ហាសមុទ្រចិនខាងត្បូងកាលពីសប្ដាហ៍មុន ដោយខ្លួនធ្លាប់ទទួលបានជោគជ័យក្នុងការធ្វើឲ្យសេចក្ដីថ្លែងការណ៍ស្រដៀងគ្នាមួយបរាជ័យ នៅពេលខ្លួនធ្វើជាប្រធានអាស៊ានកាលពី៤ឆ្នាំមុន។
ក្រសួងការបរទេសបានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំរយៈពេល២ថ្ងៃនៅទីក្រុងគុនមីង ប្រទេសចិន ដោយគាំទ្រចិន ដែលចង់ដោះស្រាយជម្លោះអធិបតេយ្យក្នុងដែនសមុទ្រមានជម្លោះក្ដៅគគុកដោយទ្វេភាគី។

ទីភ្នាក់ងារសារព័ត៌មាន Associated Press បានចុះផ្សាយថា អាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួមមួយនៅចុងបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃអង្គារ រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសមភាគីចិន ដោយបង្ហាញ “ការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានការណ៍វិវឌ្ឍថ្មីៗនេះ និងដែលកំពុងបន្តកើតមាន”។
ប្រទេសចិន អះអាងសិទ្ធិកាន់កាប់ភាគច្រើននៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយនៅក្នុងពិភពលោក ហើយបាននិងកំពុងប្រែក្លាយតំបន់ថ្មប៉ប្រះទឹកទៅជាកោះសិប្បនិមិត្ត ហើយកសាងព្រលានយន្តហោះលើនោះក្នុងដែនសមុទ្រដែលសមាជិកអាស៊ានផ្សេងទៀតដូចជាព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម អះអាងសិទ្ធិកាន់កាប់ដែរ។
ប៉ុន្តែសេចក្ដីថ្លែងការណ៍នោះត្រូវបានហៅត្រឡប់វិញភ្លាមៗដើម្បី “ធ្វើការកែប្រែ” នេះបើយោងតាមការចុះផ្សាយរបស់ Associated Press។ វាបានលើកឡើងពីមន្ត្រីការទូតហ្វីលីពីន មិនបញ្ចេញឈ្មោះមួយរូបដែលនិយាយថា ភូមា កម្ពុជា និងឡាវ បានដកការគាំទ្ររបស់ខ្លួនលើសេចក្ដីថ្លែងការណ៍នេះវិញដើម្បីកុំឲ្យចិន អាក់អន់ស្រពន់ចិត្ត។
ទីភ្នាក់ងារសារព័ត៌មានក្យូដូ (Kyodo News) ក៏បានលើកឡើងដែរពីក្រុមមន្ត្រីការទូតមិនបញ្ចេញឈ្មោះដែលបានអះអាងថា កម្ពុជា និងឡាវ បានជំទាស់ការចេញសេចក្ដីថ្លែងការណ៍រួម។
ទាំងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងនេះមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។ ចំណែកឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលថ្លែងថា លោកមិនដឹងថា តើកម្ពុជា ជាប់ពាក់ព័ន្ធការហៅត្រឡប់សេចក្ដីថ្លែងការណ៍នេះ ឬក៏អត់នោះទេ។
តាមសេចក្ដីរាយការណ៍ថា ការប្រែក្រឡាស់របស់កម្ពុជា បានឆ្លុះបញ្ចាំងពីតួនាទីបង្ខូចបរិយាកាសដែលខ្លួនធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២។
អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អាស៊ានក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំមុន កម្ពុជាបានរារាំងហ្វីលីពីន និងប្រទេសមួយចំនួនទៀតដែលខំព្យាយាមលើកឡើងពីបញ្ហាប្រឈមមុខដាក់គ្នាថ្មីៗនេះផ្នែកកងទ័ពជើងទឹកជាមួយប្រទេសចិន នៅសមុទ្រចិនខាងត្បូង។ ជាលទ្ធផល កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនោះបានបញ្ចប់ដោយគ្មានសេចក្ដីថ្លែងការណ៍បិទជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៤៥ឆ្នាំរបស់អាស៊ាន។
ការខកខាននេះបានធ្វើឲ្យមានទស្សនៈយល់ឃើញថា កម្ពុជាក្នុងនាមជាស្នៀតមួយរបស់ចិន ដែលជាវិនិយោគិនធំបំផុតរបស់កម្ពុជា អាចនឹងធ្វើឲ្យអាស៊ានបែកបាក់សាមគ្គីភាពដោយសារបញ្ហាសមុទ្រចិនខាងត្បូង។ ខណៈរដ្ឋាភិបាលក្រុងប៉េកាំង មើលឃើញអត្ថប្រយោជន៍នៅក្នុងការដោះស្រាយជម្លោះអធិបតេយ្យដោយទ្វេភាគី បណ្តាប្រទេសដែលប្រជែងគ្នាអះអាងសិទ្ធិកាន់កាប់មើលឃើញពីកម្លាំងរួមសាមគ្គី ហើយចង់ឲ្យចិន ដោះស្រាយជាមួយខ្លួនជាក្រុម។
កាលពីថ្ងៃសុក្រ ក្រសួងការបរទេសបានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនស្ដីពីកិច្ចប្រជុំក្នុងទីក្រុងគុនមីងនេះ ដោយមិននិយាយពី “ក្ដីបារម្ភខ្លាំង” ដូចបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានដែលត្រូវបានហៅត្រឡប់មកវិញនេះឡើយ។
ក្រសួងនេះលើកឡើងថា លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលត្រូវដោះស្រាយជម្លោះដោយទ្វេភាគី ហើយលោក “ចាំបានពីជំហររបស់កម្ពុជាដែលយល់ថា ជម្លោះអធិបតេយ្យ និងដែនសមត្ថកិច្ចត្រូវដោះស្រាយរវាងភាគីពាក់ព័ន្ធផ្ទាល់ដោយគ្មានការគំរាមកំហែង និងការប្រើប្រាស់កម្លាំងយោងទៅតាមគោលការណ៍នៃច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក និងកតិកាសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់នាវាចរណ៍”៕ សុខុម