27 C
Phnom Penh

រដ្ឋាភិបាលកម្ពុជា​ស្នើសុំឱ្យ​ប្រទេស​ជប៉ុន​ជួយ​​អភិវឌ្ឍ​អគារ​ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេលស្ទើរតែពីរឆ្នាំបន្ទាប់ពីអភិបាលរាជធានីភ្នំពេញបានប្រកាសថា អគារស្ថិតក្នុងស្ថានភាពអស្ថិរភាពមក កាលពីថ្ងៃសុក្រ ក្រសួងរៀបចំដែនដីបានស្នើឲ្យជប៉ុនជួយអភិវឌ្ឍអគារប្រវត្តិសាស្ត្រ ប៉ុន្តែចាស់ទ្រុឌទ្រោមទៅហើយនេះឲ្យក្លាយទៅជាកន្លែងលំនៅដ្ឋានដែលពលរដ្ឋអាចមានលទ្ធភាពទិញរស់នៅបាន។

cam-photo-white-buildingអគារដែលបានសាងសង់រួចរាល់ក្នុងឆ្នាំ១៩៦៣ ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម សីហនុ ជាប្លុកលំនៅដ្ឋានសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាបនេះ ជាលំនៅដ្ឋានសម្រាប់ប្រជាជនរាប់រយគ្រួសារ និងកន្លែងប្រកបអាជីវកម្មខ្នាតតូចនានាស្ថិតនៅតាមបណ្ដោយមហាវិថីសុធារស ក្នុងខណ្ឌចំការមន។

កាលពីខែកញ្ញា ឆ្នាំ២០១៤ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីមានប្រសាសន៍ថា អគារនេះគ្រោងនឹងវាយកម្ទេចចោលដោយសារអស្ថិរភាពសំណង់ និងការថែទាំមិនបានល្អ។ ដោយប្រឈមាការថ្កោលទោសជាសាធារណៈ សាលារាជធានីមិនបានធ្វើតាមការសន្យាឡើយ ប៉ុន្តែបានលើកឡើងថា អ្នកភូមិនឹងត្រូវទទួលខុសត្រូវចំពោះបញ្ហាក្នុងការថែរក្សា និងបញ្ហាសុវត្ថិភាពដែលអាចកើតមាន។

យោងតាមសារបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក ជា សុផារ៉ាអំឡុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជារបស់លោក Hideki Miyauchi អនុរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជប៉ុន និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីរបស់ប្រទេសកម្ពុជា កាលពីថ្ងៃសុក្របានអំពាវនាវឱ្យប្រទេសជប៉ុនជួយគាំទ្រក្នុងការអភិវឌ្ឍអគារនេះ។

សារនោះមានខ្លឹមសារថា ”ខ្ញុំបានស្នើឲ្យបង្កើតអនុស្សរណៈនៃការយោគយល់រវាងក្រសួងទាំងពីរ ដើម្បីសហការនៅក្នុងគម្រោងសំខាន់ៗដូចជា ការអនុវត្តគោលនយោបាយថ្នាក់ជាតិសម្រាប់ការសាងសង់លំនៅដ្ឋានរបស់រដ្ឋក្នុងតម្លៃសមរម្យសម្រាប់អ្នកភូមិដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាប ជាពិសេសគិតដល់លទ្ធភាពនៃការអភិវឌ្ឍអគារសនេះ”។

លោក ជា សុផារ៉ា បានបន្ថែមថា កិច្ចព្រមព្រៀងដែលអាចកើតមាននេះនឹងផ្ដោតលើការបង្កើតផែនការសម្រាប់ ”ការអភិវឌ្ឍជាអាទិភាព” ព្រមទាំងការចុះបញ្ជីដីធ្លី និងប្រសិទ្ធភាពទាំងមូលនៅក្រសួង។ សារដដែលនេះមិនបានលើកឡើងថា តើលោក Miyaauchi បានឆ្លើយតបចំពោះសំណើនេះដូចម្តេចឡើយ ហើយអ្នកនាំពាក្យស្ថានទូតជប៉ុនមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រុមមន្ត្រីកម្ពុជា និងជប៉ុនបានចុះទៅពិនិត្យមើលអគារសនេះកាលពីពេលថ្មីៗនេះ ប៉ុន្តែបានបង្វែរសំណួរអំពីផែនការជាក់លាក់ទៅក្រសួងរៀបចំដែនដី។

លោក ជា សុផារ៉ា បានដាក់ទូរស័ព្ទអ្នកយកព័ត៌មានចុះ ហើយលោក សេង លួត អ្នកនាំពាក្យក្រសួងបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើផែនការថ្មីនេះពាក់ព័ន្ធការជួសជុលឬការអភិវឌ្ឍថ្មីឬយ៉ាងណានោះឡើយ។

លោក ខៀវ ប៊ុនធឿនអាយុ៤៦ឆ្នាំ ដែលបានរស់នៅក្នុងអគារសនេះតាំងពីឆ្នាំ១៩៩០ បាននិយាយថា គាត់បានឃើញមន្ត្រីប្រហែល១០នាក់ចុះមកពិនិត្យមើលអគារនេះ ហើយគាត់អន្ទះសាចង់ដឹងព័ត៌មានបន្ថែមទៀតអំពីអ្វីដែលកើតឡើងនៅពេលខាងមុខ។

លោក ប៊ុនធឿន បាននិយាយថា “យើងរីករាយណាស់ដែលរដ្ឋាភិបាលចង់អភិវឌ្ឍអគារសនេះ ពីព្រោះនេះជាកន្លែងដែលយើងមានការងារធ្វើដើម្បីផ្គត់ផ្គង់ដល់ជីវភាពរស់នៅរបស់យើង ហើយវាស្ថិតនៅជិតសាលារៀនរបស់កូនៗយើងទៀតផង”។

លោកបានបន្ថែមថា “ប្រជាជនភាគច្រើនមិនចង់ផ្លាស់ទីលំនៅទេ យើងចង់អភិវឌ្ឍកន្លែងនេះដោយខ្លួនឯង។ ឥឡូវនេះ យើងនឹងរង់ចាំមើលផែនការរបស់ក្រសួង”។

លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានមានប្រសាសន៍ថា លោកសង្ឃឹមថា ផែនការណាមួយនឹងគិតដល់ប្រយោជន៍របស់អ្នកភូមិជាធំ។

ដោយលើកឡើងពីគម្រោងអភិវឌ្ឍផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញដែលធ្វើឲ្យប្រជាជនរាប់រយគ្រួសារគ្មានផ្ទះសំបែងនោះ លោកថ្លែងថា “ខ្ញុំគាំទ្រគំនិតនេះ ប៉ុន្តែគេមិនគួរធ្វើអ្វីដូចក្រុមហ៊ុននៅបុរីកីឡាបានធ្វើឡើយ គឺការសន្យាសាងសង់អគារ១០ ប៉ុន្តែបានសាងសង់តែប្រាំបីប៉ុណ្ណោះ”៕ សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស