27 C
Phnom Penh

រដ្ឋាភិបាល​លើក​ឡើ​ងថា នៅ​ក្នុង​ញត្តិ​មាន​ស្នាម​មេដៃ​ជាន់​គ្នា​ចំនួន​៨៦​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា ការសើុបអង្កេតលើស្នាមមេដៃចំនួន១៧០.០០០ដែលគណបក្សសង្គ្រោះជាតិបានប្រមូលសម្រាប់ញត្តិអំពាវនាវសុំឲ្យព្រះមហាក្សត្រជួយធ្វើអន្តរាគមន៍នៅក្នុងវិបត្តិនយោបាយនោះ បានរកឃើញករណីផ្សេងៗគ្នាចំនួន៨៦ក្នុងនោះមានស្នាមមេដៃ១ត្រូវបានផ្តិតក្បែរឈ្មោះជាច្រើន។

កាលពីខែមុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឲ្យមានការសើុបអង្កេតនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានដាក់ញត្តិថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី អំពាវនាវសុំឲ្យព្រះអង្គជួយបញ្ចប់ការគាបសង្កត់ផ្នែកនយោបាយជាច្រើន ដោយបច្ចុប្បន្នលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកំពុងស្នាក់នៅក្នុងទីស្នាក់ការកណ្តាលរបស់បក្សលោកដើម្បីគេចចេញពីការចាប់ខ្លួន។

មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ខ្លួនមិនជឿថា គណបក្សសង្គ្រោះជាតិអាចប្រមូលស្នាមមេដៃបានយ៉ាងច្រើនយ៉ាងឆាប់រហ័សបែបនេះឡើយ ហើយបានចោទប្រកាន់គណបក្សនេះថា អាចមានការប្រើល្បិចកលបំភាន់ភ្នែកព្រះមហាក្សត្រ។ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់គេហទំព័រព័ត៌មានFresh News កាលពី ថ្ងៃសុក្រថា ការសង្ស័យនេះទំនងជាត្រឹមត្រូវ។

លោកបានមានប្រសាសន៍ថា “ឥឡូវនេះគណៈកម្មការសើុបអង្កេតនឹងពិនិត្យស្នាមមេដៃកំពុងតែរៀបចំរបាយការណ៍ពិសេសសម្រាប់រដ្ឋាភិបាលកម្ពុជាអំពីស្នាមមេដៃដែលមានភាពមិនប្រក្រតីនៅក្នុងញត្តិរបស់គណបក្សសង្គ្រោះជាតិ”។

ដោយសំដៅដល់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រដែលយកញត្តិទៅកាន់ព្រះបរមរាជវាំងនោះ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា “តាមគំនិតខ្ញុំ ខ្ញុំសូមឲ្យលោក យ៉ែម បុញ្ញប្ញទ្ធិទទួលខុសត្រូវចំពោះភាពមិនប្រក្រតីនៅក្នុងស្នាមមេដៃទាំងនេះ”។

លោកបានបន្ថែមថា “ម្យ៉ាងវិញទៀតលោក យ៉ែម បុញ្ញប្ញទ្ធិ ដាច់ខាតត្រូវចាត់វិធានការស្វែងរកមនុស្សទាំង៨៦នាក់នេះដែលផ្តិតមេដៃជាន់គ្នា។ បើមិនដូច្នេះទេ រដ្ឋាភិបាលនឹងធ្វើរបាយការណ៍អំពីភាពមិនប្រក្រតីនេះដើម្បីថ្វាយដំណឹងដល់ព្រះមហាក្សត្រ”។

លោក យ៉ែម  បុញ្ញប្ញទ្ធិ មិនអាចទាក់ទងសុំការអត្ថាធិប្បាយទាក់ទិននឹងបញ្ហានេះបានឡើយកាលពីម្សិលមិញ។ ជំនួយការរបស់លោកលើកឡើងថា លោកកំពុងជាប់រវល់នឹងកិច្ចការប្រជុំរបស់បក្ស។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា វាប្រហែលជាមានភាពងាយស្រួលសម្រាប់មនុស្សដែលមានបំណងមិនល្អក្នុងការញាត់ស្នាមមេដៃក្លែងក្លាយចូលទៅក្នុងញត្តិ ខណៈគណបក្សប្រឆាំងកំពុងប្រមូលស្នាមមេដៃ ហើយថា គណបក្សប្រជាជនកម្ពុជាកំពុងតែខ្ជះខ្ជាយពេលវេលា ហើយគួរតែងាកមកផ្តោតលើបញ្ហាដែលត្រូវបានលើកឡើងនៅក្នុងញត្តិវិញ។

លោក សុន ឆ័យ បានមានប្រសាសន៍ទាក់ទិននឹងលទ្ធភាពដែលអាចមានការក្លែងបន្លំថា “ការប្រមូលស្នាមមេដៃធ្វើឡើងយ៉ាងត្រឹមត្រូវដោយមន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិដែលជួយប្រមូលស្នាមមេដៃហើយវាប្រហែលជាមាននរណាម្នាក់ធ្វើរឿងនេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួន”។

លោកបានបន្ថែមថា “ក្នុងចំណោមស្នាមមេដៃជាង១មឺុន វាតែងតែមានកំហុសហើយ។ អ្វីដែលរដ្ឋាភិបាលគួរធ្វើ គឺយកអ្វីដែលពលរដ្ឋបានរៀបចំ ហើយបន្ទាប់មករៀបចំចម្លើយរបស់ពួកគាត់សម្រាប់ព្រះមហាក្សត្រ”។

គណបក្សសង្គ្រោះជាតិបានបើកឱកាសឲ្យមានការប្រមែប្រមូលពលរដ្ឋជាង១៧០.០០០នាក់ដែលគណបក្សនេះនិយាយថា គាំទ្រញត្តិរបស់ខ្លួន ដោយនាំពួកគាត់មករាជធានីភ្នំពេញដើម្បីបញ្ជាក់ថា ពួកគាត់គាំទ្រញត្តិេនះនៅក្នុងការតវ៉ាទ្រង់ទ្រាយធំ។

គណបក្សនេះក៏កំពុងតែប្រមូលស្នាមមេដៃបន្ថែមទៀតសម្រាប់ញត្តិថ្មីមួយដើម្បីដាក់ថ្វាយព្រះមហាក្សត្រអំពាវនាវឲ្យព្រះអង្គជួយស្តារអភ័យឯកសិទ្ធិស្របច្បាប់ដើម្បីការពារតំណាងរាស្ត្រជាប់ឆ្នោត។ បច្ចុប្បន្នលោក អ៊ំុ សំអាន អ្នកនាំពាក្យគណបក្សប្រឆាំង និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាកំពុងជាប់ពន្ធនាគារ ហើយគណបក្ស ប្រជាជនកម្ពុជា បានអនុម័តឲ្យមានការចាប់លោក កឹម សុខា ដាក់ពន្ធនាគារបន្ថែមទៀត។

ការខិតខំរបស់គណបក្សសង្គ្រោះជាតិត្រូវបានរារាំងដោយនគរបាលទូទាំងប្រទេសតាមរយៈការចាប់ខ្លួន ឃាត់ខ្លួន និងទីបំផុតបានដោះលែងវិញនូវអ្នកដែលកំពុងប្រមូលស្នាមមេដៃសម្រាប់ញត្តិ។

កាលពីម្សិលមិញលោកស្រី វ៉ែន តារា នាយកប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិប្រចាំខេត្តប៉ៃលិនបានលើកឡើងថា សកម្មជនគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួនចំនួន១១នាក់បន្ថែមទៀតកាលពីថ្ងៃសៅរ៍។

លោកស្រីបានថ្លែងថា “ពួកគេបានកោះហៅសកម្មជនរបស់យើងជាង១០នាក់រួមទាំងជំទប់ទី២ម្នាក់ផងដែរសម្រាប់ការសាកសួរ ហើយបានបង្ខំឲ្យពួកគាត់ចុះកិច្ចសន្យា”។ លោកស្រីបានពន្យល់ថា ពួកគាត់ត្រូវបានឃាត់ខ្លួនចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១១និង៤៥នាទីថ្ងៃត្រង់ ពេលលោកស្រីបានទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត។

លោកស្រីបានមានប្រសាសន៍ទៀតថា “ពួកគេបានចោទប្រកាន់សកម្មជនរបស់យើងថា បានរំលោភបំពានច្បាប់…ហើយអះអាងថា យើងមិនអាចប្រមូលស្នាមមេដៃបានទេ លុះត្រាតែយើងស្នើសុំការអនុញាតជាមុនសិន។ ការចាត់វិធានការមកលើសកម្មជនរបស់ខ្ញុំ គឺជាការគំរាមមួយដើម្បីធ្វើឲ្យប្រជាពលរដ្ឋខ្លាចមិនហ៊ានផ្តល់ស្នាមមេដៃ”។

លោក ជា ចាន់ឌីន ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា លោកពិតជាបានចាប់ខ្លួនមនុស្សចំនួន១១នាក់មែន ប៉ុន្តែ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។

នៅក្នុងក្រុងសៀមរាប គណបក្សសង្គ្រោះ ជាតិក៏បានប្រមូលផ្តុំគ្នាដែរកាលពីម្សិលមិញ នៅកន្លែងទីសក្ការបូជាព្រះអង្គចេកព្រះអង្គចម ដើម្បីបួងសួងសូមឲ្យបរិយាកាសនយោបាយមានភាពល្អប្រសើរនៅកម្ពុជាមុនពេលធ្វើដំណើរទៅកាន់អង្គរវត្ត។

លោក ម៉ែន សុថារិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា មានអ្នកគាំទ្រប្រហែល១.០០០នាក់ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រហែល២០រូបបានចូលរួមនៅក្នុងពិធីនេះ។

កាលពីសប្តាហ៍មុន លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា លោក កឹម សុខា ប្រហែលជាចូលរួមនៅក្នុងពិធីនេះ ប៉ុន្តែ ផ្ទុយទៅវិញលោកនៅតែស្នាក់នៅក្នុងទីស្នាក់ការកណ្តាល របស់បក្សក្នុងរាជធានីភ្នំពេញដើម្បីសុវត្ថិភាព ដែលរហូតមកទល់ពេលនេះមានរយៈពេលជិតមួយខែហើយ។លោក ម៉ែន សុថារិន្ទ្រ បានលើកឡើងទៀតថា តំណាងរាស្ត្រផ្សេងៗ ទៀតបានស្នាក់នៅទីនោះជាមួយលោក។

លោកបានមានប្រសាសន៍ទាក់ទិននឹងពិធីនៅក្នុងខេត្តសៀមរាបថា “យើងបានបួងសួងសុំឲ្យពលរដ្ឋខ្មែរទាំងអស់រួបរួមគ្នាដើម្បីនាំសុខសន្តិភាពជូនប្រជាពលរដ្ឋ និងដើម្បីឲ្យមេដឹកនាំគណបក្សកំពុងកាន់អំណាច និងមេដឹកនាំគណបក្សសង្គ្រោះជាតិរួមដៃគ្នាជួយប្រជាពលរដ្ឋ”។

លោកបានបន្ថែមថា “យើងបានបួងសួងដល់ដួងព្រលឹងដ៏ស័ក្តិសិទ្ធិ និងព្រលឹងរបស់អតីតព្រះមហាក្សត្រឲ្យជួយអូសទាញពលរដ្ឋខ្មែរចេះពិភាក្សាគ្នា ស្រឡាញ់គ្នា សាមគ្គីគ្នា និងដោះស្រាយបញ្ហារបស់ប្រទេសជាតិ”៕

ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស