ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ការញាំញីរបស់ដង្កូវហ្វូងបានរីករាលដាលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយឥឡូវនេះកំពុងតែបំផ្លាញផលដំណាំក្នុងខេត្តចំនួន១០ ដោយសីុកូនរុក្ខជាតិដែលទើបលូតលាស់បន្ទាប់ពីជួបប្រទះគ្រោះរាំងស្ងួតមួយក្នុងចំណោមគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតកាលពីពេលថ្មីៗនេះ។
លោក ឌី សំអាន អនុប្រធាននាយកដ្ឋានការពារផលដំណាំនៅក្រសួងកសិកម្មបានមានប្រសាសន៍ថា ស្ថានភាពនៅដើមខែមិថុនា ពេលពងដង្កូវហ្វូងនេះអំឡុងរដូវប្រាំងចាប់ផ្តើមញាស់ ខណៈដែលភ្លៀងធ្លាក់ដំបូងត្រូវបានបន្ទោសចំពោះផលប៉ះពាល់នេះ។
លោកបានថ្លែងថា “ផលប៉ះពាល់នេះគឺធំធេងណាស់ ដោយរុក្ខជាតិភាគច្រើននៅក្នុងតំបន់នោះកំពុងរងផលប៉ះពាល់”។ លោកបានថ្លែងថា ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំបានប៉ះពាល់ខ្លាំងបំផុត។
ដោយបដិសេធមិននិយាយជាក់លាក់ថា តើផ្ទៃដីប៉ុន្មានត្រូវបានបំផ្លាញនោះ លោក បានថ្លែងថា “ប៉ុន្តែ ក្រសួងបានចាត់តាំងមន្ត្រីជាច្រើននាក់ឲ្យទៅធ្វើការជាមួយកសិករដើម្បី កំណត់ពីទំហំនៃការខូចខាត”។
លោក សំអាន បានបន្ទោសទៅលើគ្រោះរាំងស្ងួតដែលអូសបន្លាយ និងភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានលក្ខខណ្ឌប្រសើរបំផុតសម្រាប់ ដង្កូវហ្វូងទាំងនេះរីករាលដាល។
លោកបានថ្លែងថា “ដង្កូវទាំងនេះបានបំផ្លាញរុក្ខជាតិទាំងអស់ដែលវាបានជួបដូចជាចេក ឪឡឹក ល្ពៅ និងសណ្តែកជាដើម”។លោកអះអាងថា ប្រសិនបើស្ថានភាពបច្ចុប្បន្ន នេះនៅតែបន្តនោះ ទិន្នផលនឹងធ្លាក់ចុះស្របជាមួយនឹងលទ្ធភាពរបស់កសិករក្នុងការសងបំណុលដែលពួកគាត់បានខ្ចីដើម្បីទិញគ្រាប់ពូជ និងជីជាដើម។
លោក ទូច ធា ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ដំណាំសរុបលើផ្ទៃដីទំហំ១៥ហិកតាត្រូវបានបំផ្លាញ គឺក្នុងចំនួនច្រើនបំផុតដែលលោកបានឃើញនៅក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ។ លោកបានផ្តល់អនុសាសន៍ថា ការបូមទឹកដាក់ឱ្យពេញវាលស្រែនឹងកម្ចាត់ដង្កូវហ្វូងទាំងនេះបាន។
លោកបានថ្លែងថា “បន្ទាប់ពីរយៈពេល២៤ម៉ោង ឬ៤៨ម៉ោងដង្កូវទាំងនេះនឹងងាប់ ហើយបន្ទាប់មកបង្ហូរទឹកចេញជាថ្មីម្តងទៀត”។ លោកបានបន្ថែមថា ចំពោះលទ្ធផលឆាប់រហ័សនោះលោកបានផ្តល់អនុសាសន៍ឱ្យ លែងទាចូលទៅក្នុងស្រែដើម្បីសីុដង្កូវទាំងនេះ ឬយកផេះបាចចូលក្នុងទឹក។
ដោយបញ្ជាក់ពីតម្រូវការក្នុងការថែទាំនៅពេលប្រើប្រាស់ថ្នាំសម្លាប់កត្តាចង្រៃនោះ លោកបានមានប្រសាសន៍ថា “ចំពោះដំណាំផ្សេងៗទៀតកសិករអាចប្រើថ្នាំពុលបាន”។
កាលពីខែមិថុនា ឆ្នាំ១៩៩៨ ផ្ទៃដីស្រែនិងច្បារដំណាំទំហំ២.៣៤៥ហិកតានៅក្នុងខេត្តចំនួន៣ត្រូវបានបំផ្លាញដោយដង្កូវហ្វូងដែលក៏កើតបន្ទាប់ពីគ្រោះរាំងស្ងួតផងដែរ៕ សារុន