26 C
Phnom Penh

ក្រុម​អ្នក​បោកប្រាស់​អន្តរជាតិ​នឹង​ត្រូវ​និរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិចិននិងចិនតៃវ៉ាន់២៧នាក់នឹងត្រូវនិរទេសពីប្រទេសកម្ពុជា បន្ទាប់ពីចាប់ខ្លួនបានក្នុងភ្នំពេញកាលពីសប្តាហ៍មុនពីបទសង្ស័យរៀបចំការបោកប្រាស់តាមអីុនធឺណិតសំដៅលើប្រជាជនក្នុងស្រុកកំណើតរបស់ពួកគេ។

លោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេតនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មនុស្សទាំង២៧នាក់នោះនឹងត្រូវបញ្ជូនត្រឡប់ទៅវិញតាមសំណើប្រទេសចិន ហើយបានបដិសេធមិនបង្ហាញភាពខុសគ្នារវាងប្រទេសចិននិងតៃវ៉ាន់ ដោយសារការប្រកាន់ខ្ជាប់របស់រដ្ឋាភិបាលក្រុងភ្នំពេញទៅនឹងនយោបាយ “ចិនមួយ” របស់រដ្ឋាភិបាលក្រុងប៉េកាំង។

ឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា បានមានប្រសាសន៍ថា “យើងបានសម្រេចចិត្តនិរទេសពួកគេទៅប្រទេសចិនវិញហើយ”។ លោកបាននិយាយបន្ថែមថា លោកមិនប្រាកដថានៅពេលណាពួកគេនឹងចាកចេញពីប្រទេសទេ។ “យើងកំពុងរង់ចាំមើល ថាតើប្រទេសចិនរៀបចំផែនការបញ្ជូនពួកគេទៅវិញ ឬទិញសំបុត្រពីទីនេះទៅប្រទេសចិននោះទេ”។

ក្រុមមន្ត្រីបាននិយាយថា នគរបាលបានចាប់មនុស្ស២៧នាក់ គឺជនជាតិចិន១៥នាក់និងចិនតៃវ៉ាន់១២នាក់ នៅខណ្ឌចម្ការមនកាលពីថ្ងៃច័ន្ទមុន បន្ទាប់ពីទទួលបានព័ត៌មានពីសមត្ថកិច្ចចិន។

យោងតាមសេចក្តីរាយការណ៍ព័ត៌មានតៃវ៉ាន់ឲ្យដឹងថា ក្រុងតៃប៉ិបានបញ្ជូនសំណើមួយតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅក្រុងហូជីមិញ សុំឲ្យបញ្ជូនពលរដ្ឋរបស់ខ្លួនមកកោះតៃវ៉ាន់វិញ។ សេចក្តីរាយការណ៍ដដែលបាននិយាយថា ទោះជាយ៉ាងនេះក្តី ក្រុងប៉េកាំងចង់ឲ្យបញ្ជូនពួកគេទៅប្រទេសចិន ជាកន្លែងដែលជនរងគ្រោះរស់នៅ។

សង្ស័យថាប្រើវិធីបោកប្រាស់តាមបច្ចេកវិជ្ជាដែលអាចឲ្យនិយាយទាក់ទងគ្នាតាមអីុនធឺណិត (VoIP) នោះ វិធីជាក់លាក់របស់ក្រុមនេះក្នុងការជំរិតទារប្រាក់ពីមនុស្សនៅប្រទេសចិននិងកោះតៃវ៉ាន់ នៅមិនទាន់ច្បាស់នៅឡើយទេ។

លោក ឃុន សំបូរ អគ្គនាយករងនៃនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា “ពួកគេមានទូរស័ព្ទលើតុនិងប្រអប់ VoIP មួយដើម្បីប្តូរលេខទូរស័ព្ទពីកម្ពុជាទៅចិន”។

លោក កែម សារិន អ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានពន្យល់ថា ក្រុមនេះបានរកគោលដៅងាយរងគ្រោះនៅឯស្រុក ហើយបានគំរាមពួកគេឲ្យផ្ញើប្រាក់ ដោយប្រើលេខទូរស័ព្ទមិនឲ្យស្គាល់លេខនិងអត្តសញ្ញាណក្លែង។

លោកបានមានប្រសាសន៍ថា “ពួកគេស្គាល់ច្បាស់លាស់អំពីប្រវត្តិរបស់ជនរងគ្រោះ។ ឧទាហរណ៍ លោកមានសមាជិកម្នាក់ក្នុងគ្រួសាររបស់លោកដែលបានទៅបរទេស ហើយគេមិនដែលទាក់ទងគ្រួសាររបស់គេទេ។ ពួកគេប្តូរលេខទូរស័ព្ទដោយប្រើ IP ដើម្បីគំរាមគេឲ្យផ្ញើប្រាក់។ ពួកគេនិយាយថា ‘កូនរបស់លោកត្រូវគេចាប់ជំរិត’ ហើយបន្ទាប់មកគំរាមឲ្យឪពុកម្តាយរបស់ជនរងគ្រោះផ្ទេរប្រាក់មកឲ្យពួកគេ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស