អង្គការក្រៅរដ្ឋាភិបាលប៊ែលហ្ស៊ិក អាប៉ូប៉ូ (Apopo) បានប្រកាសកាលពីថ្ងៃសៅរ៍ថា ជាងពីរឆ្នាំបន្ទាប់ពីពួកគេបានចាប់ផ្តើមការសាកល្បងក្នុងប្រទេសនេះ “សត្វកណ្តុរវីរជន” ហិតមីន ជាលើកដំបូងហើយ បានជួយបោសសម្អាតវាលមានមីនក្នុងប្រទេសកម្ពុជា។
អង្គការអាប៉ូប៉ូបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ធ្វើការជាមួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) សត្វកណ្តុរអាហ្វ្រិក១៤ក្បាលបានចាប់ផ្តើមហិតរកគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះកាលពីថ្ងៃទី៣ខែឧសភាលើផ្ទៃដី៨,៩ហិកតា មុនពេលបោសសម្អាតការដ្ឋានទាំងស្រុងក្នុងស្រុកវ៉ារិន ខេត្តសៀមរាបកាលពីថ្ងៃសុក្រ។
ដោយប្រើឃានវិញ្ញាណដ៏ពូកែរបស់វា សត្វកកេរទាំងនេះអាចរកឃើញរំសេវផ្ទុះទាំងលោហៈ ទាំងប្លាស្ទិក ហើយមិនដូចសត្វឆ្កែទេ សត្វកណ្តុរគឺស្រាលមិនធ្វើឲ្យមីនផ្ទុះទេ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា សត្វកណ្តុរបានជួយពួកគេរកឃើញគ្រាប់មីនក្នុងដីនិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ១៣គ្រាប់ ភាគច្រើនជាមីនប្រឆាំងមនុស្សប្រភេទ៧២អាធ្វើនៅប្រទេសចិន ដែលត្រូវបានប្រើជាញឹកញាប់ដោយខ្មែរក្រហម។
លោក រតនា បានមានប្រសាសន៍ថា លោកមិនអាចធ្វើអត្ថាធិប្បាយអំពីសមត្ថភាពរបស់សត្វកណ្តុរបាននៅឡើយទេ ពីព្រោះគម្រោងនេះស្ថិតក្នុងដំណាក់ការសាកល្បងនៅឡើយ ប៉ុន្តែរហូតមកដល់ពេលនេះ “លទ្ធផលវិជ្ជមានណាស់”។
ដំបូង អង្គការអាប៉ូប៉ូបានចាប់ផ្តើមបង្ហាត់សត្វកណ្តុរឲ្យដោះមីននៅប្រទេសតង់
ហ្សានីក្នុងឆ្នាំ២០០៨ និងបានបោសសម្អាតចម្ការមីនដោយជោគជ័យនៅប្រទេសម៉ូហ្សំប៊ិក និងប្រទេសអង់ហ្គោឡានៅឆ្នាំ២០១០។
នៅខែវិច្ឆិកាឆ្នាំ២០១៣ អង្គការនេះទទួលបានការអនុញ្ញាតឲ្យចាប់ផ្តើមសាកល្បងនៅប្រទេសកម្ពុជា ដែលជាប្រទេសមួយក្នុងចំណោមប្រទេសរងគ្រោះដោយគ្រាប់មីនច្រើនបំផុតនៅក្នុងពិភពលោក។
លោក រតនា បានមានប្រសាសន៍ថា ចម្ការមីនទំហំប្រហែល៨ហិកតាក្នុងស្រុកប្រាសាទបាគងនៅខេត្តសៀមរាប ក៏ត្រូវបានបោសសម្អាតដោយសត្វកណ្តុរដែរនៅដើមឆ្នាំនេះ ក្នុងផែនការបោសសម្អាត៣០ហិកតា ប៉ុន្តែការងារនេះត្រូវបានកាត់បន្ថយដោយសារតែកង្វល់អភិរក្សព្រៃឈើ។
លោក ភូ សំអាត អភិបាលស្រុក បានមានប្រសាសន៍ថា ដើម្បីឲ្យក្រុមដោះមីនកម្ចាត់មីនអស់ពីតំបន់នោះ ពួកគេចាំបាច់ត្រូវកាប់ឆ្ការព្រៃនៅភូមិត្រាចក្នុងស្រុកនោះ ដែលការពារដោយអាជ្ញាធរអប្សរា ជាទីភ្នាក់ងាររដ្ឋដែលមើលខុសត្រូវចំពោះឧទ្យានបុរាណអង្គរ។
លោក សំអាត បាននិយាយថា “អាជ្ញាធរអប្សរានឹងមិនអនុញ្ញាតឲ្យស៊ីម៉ាក់រកមីនក្នុងតំបន់នេះទេ ពីព្រោះព្រៃនឹងបាត់បង់សោភ័ណភាព…ដូច្នេះ ស៊ីម៉ាក់និងអប្សរាបានពិភាក្សាអំពីរឿងនេះ និងបានសម្រេចផ្អាកគម្រោងដោះមីននេះសិន”៕ និត (រាយការណ៍បន្ថែមដោយ អូន ភាព)