31 C
Phnom Penh

លោក ហ៊ុន សែន វាយ​​​ប្រហារ​​​ពាក្យ​​​សម្តី​​​លើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការវាយប្រហារពាក្យសម្តីលើគណបក្សសង្គ្រោះជាតិដោយរិះគន់គណបក្សប្រឆាំងនេះចំពោះការរៀបចំពិធីបួងសួងកាលពីចុងសប្តាហ៍និង “ការប្រមាថ” ដល់ព្រះមហាក្សត្រនៅក្នុងការដាក់ថ្វាយញត្តិដែលមានស្នាមមេដៃជាន់គ្នា។

គណបក្សសង្គ្រោះជាតិបានរៀបចំពិធីមួយនៅក្នុងក្រុងសៀមរាបកាលពីថ្ងៃអាទិត្យដើម្បីបួងសួងសុំឲ្យបរិយាកាសនយោបាយមានភាពប្រសើរឡើងនៅក្នុងប្រទេស បន្ទាប់ ពីមានការចាប់ខ្លួនអ្នករិះគន់រដ្ឋាភិបាលអស់រយៈពេលរាប់ខែ និងការគំរាមចាប់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដាក់ពន្ធនាគារ ប៉ុន្តែមិនបានធ្វើនោះ។

លោក ប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិយាយទៅកាន់អ្នកគាំទ្រនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់គណបក្សនេះក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិយាយទៅកាន់អ្នកគាំទ្រនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់គណបក្សនេះក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាលនៅក្នុងរាជធានីភ្នំពេញថា”សូមផ្តាំផ្ញើ មិនបាច់ទៅធ្វើបុណ្យធ្វើទានសែនព្រេនឯណាទេ។ធ្វើកុំឲ្យតែខុសច្បាប់ទៅ មិនដែលជាប់គុកទេ”។

លោកបានបន្ថែមថា “ដល់ធ្វើខុសច្បាប់ ទោះបីទៅព្រះអង្គដងកើ ព្រះអង្គចេកព្រះអង្គចម ទៅប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត ទៅប្រាសាទឯណា ទៅដល់ព្រះឥន្ទព្រហ្មឯណា ក៏នៅតែជាប់គុកដែរ”។

បន្ទាប់មកលោកនាយករដ្ឋមន្ត្រីបានប្តូរការផ្តោតអារម្មណ៍ ដោយទំនងជាវាយប្រហារ ពាក្យសម្តីទៅលើលោក កឹម សុខា ចំពោះការមិនបានបង្ហាញខ្លួនពេលតុលាការកោះហៅក្នុងនាមជាសាក្សីនៅក្នុងសំណុំរឿងមួយដែលចោទប្រកាន់ស្រីកំណាន់ដែលគេចោទថា ជារបស់លោកពីបទសញ្ចរកម្ម។បក្សសង្គ្រោះជាតិបានលើកឡើងថា អភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា ការពារលោកមិនឲ្យឆ្លើយតបចំពោះការកោះហៅបែបនេះ។

លោក ហ៊ុន សែន បានថ្លែងថា “ទៅឲ្យគេសួរបន្តិចទៅ រួចហើយគេឲ្យមកវិញតើមាននរណាគេចាប់… ប៉ុន្តែ វាបង្កើតអារឿងតូច ទៅជារឿងធំ អាហ្នឹងមកពីអី មកពីមេធាវីវាសេីុកៗមើលអាមាត្រា៥៣៨មើលមិនឃើញ”។

មាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌសំដៅដល់បទល្មើសនៃ “ការបដិសេធមិនបង្ហាញខ្លួន” នៅក្នុងតុលាការ ហើយចែងថា នឹងមានការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី១ខែទៅ៦ខែចំពោះនរណាដែលបំពានច្បាប់នេះ។

លោក កឹម សុខា ក៏បានបដិសេធមិនបង្ហាញ ខ្លួននៅក្នុងតុលាការសម្រាប់ការសាកសួរពាក់ព័ន្ធការចោទប្រកាន់បឋមដែលថា លោកបានរំលោភបំពានច្បាប់នេះផងដែរ។

បន្ទាប់មកទៀតលោក ហ៊ុន សែន បានលើកឡើងអំពីការរិះគន់ចំពោះបទបញ្ជារបស់លោកដែលឲ្យក្រសួងមហាផ្ទៃសើុបអង្កេតលើស្នាមមេដៃចំនួន១៧០.០០០ដែលគណបក្សសង្គ្រោះជាតិបានប្រមូលដើម្បីគាំទ្រញត្តិអំពាវនាវសុំឲ្យព្រះមហាក្សត្រជួយធ្វើអន្តរាគមន៍ដើម្បី បញ្ចប់ការគាបសង្កត់ផ្នែកនយោបាយ។ លោក ហ៊ុន សែន បានលើកឡើងថា ឥឡូវនេះភ័ស្តុតាងនៃការបោកប្រាស់បានលេចឡើងហើយ។

លោកបានមានប្រសាសន៍ថា “រឿងផ្តិតមេដៃនេះមិនទាន់រួចខ្លួនទេ លេងម្នាក់ផ្តិតមេដៃ៨២ [ក្បែរឈ្មោះផ្សេងៗគ្នា] នេះជាការប្រមាថព្រះមហាក្សត្រធ្ងន់ណាស់ បោករាស្ត្រធំណាស់”។

ការលើកឡើងនេះស្រដៀងគ្នាទៅនឹងការលើកឡើងរបស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃដែលនិយាយនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយគេហទំព័រព័ត៌មាន Fresh News កាលពី សប្តាហ៍មុនថា មានស្នាមមេដៃជាន់គ្នាចំនួន៨៦ករណី។

លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា “ខ្ញុំត្រូវបំពេញកាតព្វកិច្ចធ្វើយ៉ាងមេ៉ចក្នុងឋានៈជានាយករដ្ឋមន្ត្រីមិនត្រូវបោកស្តេចតាមគេទេ។ សូមអ្នកការទូតនានាកុំថា ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដោះស្រាយ បើមិនប្រើច្បាប់ មានតែប្រើកាំភ្លើង?”។

នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិអំឡុងពេលព្រឹក លោក ប៉ុល ហំម តំណាងរាស្ត្រជាន់ខ្ពស់បានលើកឡើងថា គណបក្សសង្គ្រោះជាតិមិនព្រួយបារម្ភអំពីការគំរាមរបស់គណបក្សប្រជាជនកម្ពុជាទេ។ លោកបានលើកឡើងថា រដ្ឋាភិបាលគួរតែធ្វើអ្វីតាមខ្លួនចង់ទៅ រួមមានការស្រាវជ្រាវរកអ្នកដែលទទួលខុសត្រូវចំពោះស្នាមមេដៃជាដើម បើជឿជាក់ថា មានការធ្វើខុសមែននោះ។

លោកបានមានប្រសាសន៍ថា “គឺក្រសួងមហាផ្ទៃដែលជាអ្នកមានលទ្ធភាពពិនិត្យបញ្ហានេះ ដូច្នេះហេតុអ្វីបានជាពួកគេមិនអាចរកឲ្យឃើញស្នាមមេដៃដោយខ្លួនឯង។ សូមធ្វើដោយខ្លួនឯងទៅ”។

ពេលសួរថា តើនឹងមានការចាប់ខ្លួនណាមួយដែរ ឬទេពាក់ព័ន្ធស្នាមមេដៃជាន់គ្នានេះ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងថា សូមគណបក្សសង្គ្រោះជាតិដេកឲ្យបានស្កប់ស្កល់ បើជឿជាក់ថា សមាជិករបស់ខ្លួនមិនបានធ្វើអ្វីខុស។

លោកបានមានប្រសាសន៍ថា “កុំបារម្ភ!។ គុកបើកចំហសម្រាប់តែអ្នកដែលធ្វើខុសច្បាប់តែប៉ុណ្ណោះ។ ដូច្នេះបើគ្មាននរណាធ្វើខុសទេ មិនចាំបាច់ព្រួយបារម្ភឡើយ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស