33.3 C
Phnom Penh

ស្ត្រីបួននាក់​ត្រូវ​បាន​ចាប់ខ្លួន​​ខណៈ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​​បន្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រីបួននាក់ស្លៀកពាក់ខ្មៅត្រូវបានរុញ ធាក់ និងស្រែកឱ្យចូលក្នុងរថយន្តនគរបាលកាលពីម្សិលមិញ ដោយរំឭកដល់ការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅម្ដងទៀត ខណៈយុទ្ធនាការនេះដែលទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សបួននាក់ និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ពីពន្ធនាគារនោះ បានឈានចូលដល់សប្ដាហ៍ទី៧។

cam-photo-front-channa-4នៅម៉ោងប្រហែល៩ព្រឹក សកម្មជនប្រាំរូបមកពីសហគមន៍ដែលរងការបណ្ដេញចេញបានប្រមូលផ្ដុំគ្នានៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ខណៈដែលនគរបាល និងសន្តិសុខខណ្ឌជាច្រើននាក់បានឡោមព័ទ្ធតំបន់នោះ។

រយៈពេលប្រហែលកន្លះម៉ោងក្រោយមក ក្រុមអ្នកតវ៉ាបានចាប់ផ្ដើមហែក្បួនតាមផ្លូវជុំវិញនោះទាមទារឲ្យដោះលែងមន្ត្រីបួនរូបរបស់សមាគមសិទ្ធិមនុស្សអាដហុក និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ដែលជាប់ពន្ធនាគារតាមការចោទប្រកាន់ថាបានសូកប៉ាន់ស្រីកំណាន់ដែលជារបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងឲ្យបដិសេធរឿងស្នេហាលួចលាក់។

បន្ទាប់ពីហែក្បួនបានចម្ងាយប្រហែល២គីឡូម៉ែត្រ ក្រុមសន្តិសុខបានលោតចេញពីក្នុងរថយន្ត ហើយបិទផ្លូវរបស់ពួកគាត់ ដោយហែកបដាចោលមុនពេលចាប់ខ្លួនអ្នកទាំងបួន។

អ្នកស្រី អឹុម ស្រីទូច ដែលក៏ត្រូវបានចាប់ខ្លួនផងដែរអំឡុងការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” លើកទី២កាលពីខែមុន បានស្រែកខណៈពេលត្រូវបានអូសចូលក្នុងរថយន្តថា “សូមសម្ដេច ហ៊ុន សែន ដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងនេះ។ នៅពេលពួកគាត់ត្រូវបានដោះលែង យើងនឹងឈប់ស្លៀកពាក់ខ្មៅដើម្បីធ្វើការតវ៉ាទៀតហើយ”។

ង៉ូវ ណារី ច្រាយ នីម រិន ស្រ៊ិន រួមជាមួយអ្នកស្រី ស្រីទូច ត្រូវបានឃុំខ្លួននៅនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបពេញមួយថ្ងៃ។

លោក ឃឹម ស៊ុនសុដា អភិបាលរងខណ្ឌដែលបានដឹកនាំការចាប់ខ្លួននេះបានមានប្រសាសន៍ថា ក្រុមអ្នកតវ៉ាមិនបានសុំការអនុញ្ញាតដើម្បីធ្វើការតវ៉ាទេ។

លោកបានថ្លែងថា ”នៅពេលពួកគេធ្វើដូចនេះ វាបង្កឲ្យមានអសណ្ដាប់ធ្នាប់សង្គម និងភាពចលាចលនៅពេលពួកគេស្លៀកពាក់ខ្មៅ ហើយកាន់បដានៅតាមផ្លូវ”។

លោកបានបន្ថែមថា “ក្រុមអ្នកតវ៉ាមុខតែដដែលៗហ្នឹង ហើយយើងបានទាក់ទងជាមួយពួកគេច្រើនលើកច្រើនសាមកហើយ។ ឥឡូវនេះយើងមិនដឹងថា តើត្រូវធ្វើអ្វីជាមួយពួកគេតទៅទៀតទេ ដូច្នេះហើយយើងបានសម្រេចបញ្ជូនរបាយការណ៍នេះទៅថ្នាក់លើដើម្បីសុំការសម្រេចចុងក្រោយ”។

នៅពេលទាក់ទងនៅពេលល្ងាច លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា អ្នកទាំងបួនត្រូវបានដោះលែងវិញហើយ ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។

អ្នកស្រី ណារី បានអះអាងថា អ្នកស្រីត្រូវបានដោះលែងវិញនៅម៉ោង៦និង១៥នាទីល្ងាច បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាថានឹងឈប់ធ្វើការតវ៉ាទៀត ជាកិច្ចសន្យាដែលក្រុមនេះបានចុះ ហើយមិនអើពើជាច្រើនលើកច្រើនសាអំឡុងយុទ្ធនាការថ្មីបំផុតនេះ និងការតវ៉ាមុនៗសម្រាប់បុព្វហេតុផ្សេងទៀត។

អ្នកស្រី ណារី និយាយថា “ពួកគេអះអាងថា នៅសប្ដាហ៍ក្រោយប្រសិនបើយើងបន្តស្លៀកពាក់ខ្មៅ ហើយចូលរួមការតវ៉ាដោយគ្មានការអនុញ្ញាតពីពួកគេទេនោះ ពួកគេនឹងចាប់ខ្លួនយើងហើយបញ្ជូនទៅតុលាការ”។

អ្នកស្រី ណារី បាននិយាយថា “ខ្ញុំគិតថា យើងមិនបានធ្វើអ្វីខុសទេ ពីព្រោះគ្មានច្បាប់ណាដែលចែងថា យើងមិនអាចស្លៀកពាក់ខ្មៅបាននោះឡើយ”។ អ្នកស្រីបន្ថែមថា អ្នកស្រីមិនទាន់សម្រេចចិត្តថាតើត្រូវធ្វើការតវ៉ានៅសប្ដាហ៍ក្រោយឬយ៉ាងណានោះឡើយ។

ការតវ៉ា ”ថ្ងៃច័ន្ទពណ៌ខ្មៅ” ដាច់ដោយឡែកមួយទៀតដែលមានមនុស្សប្រហែល៤០នាក់ ត្រូវបានធ្វើឡើងនៅក្នុងសហគមន៍បឹងកក់នៅម៉ោងប្រហែល៥ល្ងាច ហើយបានបញ្ចប់ទៅវិញដោយសន្តិវិធី ខណៈកម្លាំងសន្តិសុខដែលបានបំបែកការតវ៉ាបែបនេះក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បានបំបែកគ្នានៅពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង”៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស