38 C
Phnom Penh

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​មិន​គាំទ្រ​សាលដីកា​តុលា​ការ​​​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ការពារគោលនយោបាយតឹងរ៉ឹងរបស់លោកចំពោះជម្លោះដែនដីក្នុងសមុទ្រចិនខាងត្បូង ក្រោយពីមានសេចក្ដីរាយការណ៍ព័ត៌មានថា រដ្ឋាភិបាលរបស់លោកបានធ្វើឲ្យខូចសេចក្ដីថ្លែងការណ៍រួមមួយទៀតរបស់អាស៊ានស្ដីពីបញ្ហានេះ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា (លេខ៤ពីស្ដាំ) ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន កាលពីថ្ងៃអង្គារ នៅក្នុងខេត្តយូណាន ប្រទេសចិន។ Reuters
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា (លេខ៤ពីស្ដាំ) ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន កាលពីថ្ងៃអង្គារ នៅក្នុងខេត្តយូណាន ប្រទេសចិន។ Reuters

ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសមភាគីចិននៅខេត្តយូណាន ប្រទេសចិន កាលពីសប្ដាហ៍មុន មានសេចក្ដីរាយការណ៍ព័ត៌មានលើកឡើងពីមន្ត្រីការទូតអនាមិកដែលបានអះអាងថា ប្រទេសកម្ពុជា ភូមា និងឡាវ បានបង្ខំចិត្តហៅត្រឡប់សេចក្ដីថ្លែងការណ៍រួមមួយតាមរយៈការដកការគាំទ្ររបស់ខ្លួនពីសេចក្តីថ្លែងការណ៍នោះ។

យោងតាមសេចក្ដីរាយការណ៍ព័ត៌មានថា សេចក្ដីថ្លែងការណ៍នោះបានសម្ដែង “ការព្រួយបារម្ភខ្លាំងអំពីស្ថានការណ៍វិវឌ្ឍថ្មីៗនេះ និងដែលកំពុងបន្តកើតមាន” នៅសមុទ្រនោះដែលចិន កំពុងប្រែក្លាយតំបន់ថ្មប៉ប្រះទឹកទៅជាកោះសិប្បនិមិត្ត ហើយកសាងព្រលានយន្តហោះលើនោះក្នុងដែនសមុទ្រដែលហ្វីលីពីន និងប្រទេសផ្សេងៗទៀតប្រជែងអះអាងសិទ្ធិកាន់កាប់ដែរ។

លោក ហ៊ុន សែន មានប្រសាសន៍ថា លោកយល់ថាលោកត្រូវតែនិយាយ មានឯកអគ្គរដ្ឋទូតបរទេសមួយរូបនៅកម្ពុជា ដែលលោកមិនបញ្ចេញឈ្មោះ បានព្យាយាមឡប់ប៊ី (បញ្ចុះបញ្ចូល) លោកជួសមុខឲ្យហ្វីលីពីន។

ប្រទេសហ្វីលីពីន បានដាក់ពាក្យប្ដឹងចិន ចំពោះការបង្កើតកោះក្នុងសមុទ្រចិនខាងត្បូងទៅតុលាការមញ្ឈត្តកម្មក្នុងទីក្រុងឡាអេ។ ចំណែកឯរដ្ឋាភិបាលក្រុងប៉េកាំង បានលើកឡើងថា ខ្លួននឹងមិនទទួលស្គាល់សាលដីកាណាមួយចេញដោយតុលាការនេះឡើយ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់ក្រុមនិស្សិតបញ្ចប់ការសិក្សាកាលពីម្សិលមិញ ក្នុងពិធីប្រគល់សញ្ញាបត្រក្នុងរាជធានីភ្នំពេញថា “បានជាងមួយខែរួចមកហើយ មានឯកអគ្គរដ្ឋទូតនៃប្រទេសមួយដែលមិនស្ថិតក្នុងក្របខ័ណ្ឌអាស៊ាន បានមកជួបខ្ញុំ សុំឱ្យខ្ញុំគាំទ្រសាលដីការបស់តុលាការ។ តុលាការមិនទាន់ចេញសេចក្តីសាលដីកាទេ ប៉ុន្តែ ពួកគេបែរជាឡប់ប៊ីយើងឱ្យគាំទ្រសាលដីការបស់តុលាការ នៅពេលតុលាការចេញសាលដីកា”។

លោកគូសបញ្ជាក់ថា លោកបានច្រានចោលសំណើរបស់ឯកអគ្គរដ្ឋទូតរូបនោះ ហើយអះអាងថា ករណីនេះមិនមែនជាបញ្ហារបស់អាស៊ានទេ។ លោកមានប្រសាសន៍ថា “ខ្ញុំសូមប្រកាសថា ជំហររបស់កម្ពុជា គឺមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍រួមដែលគាំទ្រសាលដីការបស់តុលាការទេ។ វាជាជម្លោះរវាងហ្វីលីពីន និងចិន ពីព្រោះហ្វីលីពីន ប្តឹងចិន ដូច្នេះទុកឱ្យហ្វីលីពីន និងចិន ដោះស្រាយបញ្ហានេះដោយខ្លួនឯងទៅ។ ចាំបាច់អីត្រូវការការគាំទ្ររបស់អាស៊ាន?”។

លោកនាយករដ្ឋមន្ត្រីក៏បានថ្កោលទោសដែរចំពោះអ្នកដែលចោទប្រកាន់កម្ពុជាថាបានបំផ្លាញសាមគ្គីភាពរបស់អាស៊ានដោយសារជំហររបស់កម្ពុជា លើបញ្ហាសមុទ្រចិនខាងត្បូង ហើយបានបន្ទោសហ្វីលីពីន ចំពោះការព្យាយាមទាញប្រទេសកម្ពុជា ទម្លាក់ចូលក្នុងជម្លោះនេះ។

លោកលើកឡើងទៀតថា “ពួកគេមានជម្លោះដែនដី ប៉ុន្តែពួកគេឱ្យកម្ពុជា ទទួលខុសត្រូវ។ ខ្ញុំនឹងមិនអនុញ្ញាតឱ្យអ្នកណាប្រើប្រាស់ខ្ញុំ និងកម្ពុជា ទៅប្រឆាំងប្រទេសដទៃឡើយ ពីព្រោះយើងនៅតែរក្សាអព្យាក្រឹត្យលើបញ្ហានេះ”។

លោក ហ៊ុន សែន មិនបានលើកឡើងចំៗអំពីសេចក្ដីរាយការណ៍ព័ត៌មានរបស់ប្រព័ន្ធផ្សាយអន្តរជាតិដែលនិយាយថា កម្ពុជាបានជួយហៅត្រឡប់សេចក្ដីថ្លែងការណ៍រួមនៅក្នុងប្រទេសចិនកាលពីសប្ដាហ៍មុននោះទេ។ សេចក្ដីរាយការណ៍ព័ត៌មាននោះបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់កម្ពុជានៅក្នុងការបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយគ្មានសេចក្ដីថ្លែងការណ៍រួមជាលើកដំបូងក្នុងរយៈពេល៤៥ឆ្នាំ នៅពេលខ្លួនធ្វើ

ជាប្រធានអាស៊ានក្នុងឆ្នាំ២០១២ តាមរយៈការបដិសេធមិនអនុញ្ញាតឲ្យលើកឡើងអំពីជម្លោះដែលកំពុងបន្តកើតមាននៅសមុទ្រចិនខាងត្បូង។

ការខកខាននេះបាននាំឲ្យមានទស្សនៈយល់ឃើញថា កម្ពុជាក្នុងឋានៈជាប្រទេសពឹងផ្អែកលើចិន ដែលជាវិនិយោគិនធំបំផុតរបស់ខ្លួន ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាពជួសមុខឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងបំណងបំបែកបំបាក់អាស៊ាន ហើយពន្យារពេលកិច្ចព្រមព្រៀងលើក្រមប្រតិបត្តិដែលត្រូវបានស្នើឡើងសម្រាប់គ្រប់គ្រងនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូង ដែលជាច្រកដឹកជញ្ជូនមមាញឹកបំផុតមួយរបស់ពិភពលោក។

នៅឯពិធីប្រគល់សញ្ញាបត្រកាលពីម្សិលមិញលោក ហ៊ុន សែន បានច្រានចោលគំនិតនេះ ដោយទាញទឡ្ហីករណ៍ថា ការខកខានរបស់អាសា៊នក្នុងការបញ្ចប់បង្ហើយក្រមប្រតិបត្តិក្រោមប្រធានក្រោយៗរបស់អាស៊ានបានបង្ហាញថា កម្ពុជាមិនមែនជាឧបករណ៍របស់ចិនទេ។

សំដៅដល់ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម លោកមានប្រសាសន៍ថា កម្ពុជាមិនអាចចេញសេចក្ដីថ្លែងការណ៍រួមនៅក្នុងឆ្នាំ២០១២បានដោយសារប្រទេសជាសមាជិកពីរបានអះអាងនៅពេលនោះថា ខ្លួនប្រកាសប្រជុំកោះមានជម្លោះក្នុងសមុទ្រចិនខាងត្បូងជាសម្បត្តិរបស់ខ្លួន។ ”តែកម្ពុជាមិនមែនជាចៅក្រមកាត់សេចក្ដីទេ”។

អំឡុងកិច្ចប្រជុំកំពូលនៅឆ្នាំ២០១២ក្នុងរាជធានីភ្នំពេញ ប្រទេសហ្វីលីពីន បាននិយាយថា ខ្លួនគ្រាន់តែចង់ឲ្យសេចក្តីថ្លែងការណ៍រួមទទួលស្គាល់ថា ការប្រឈមមុខដាក់គ្នាកាលពីពេលថ្មីៗនេះរវាងនាវាចិន និងហ្វីលីពីន ត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំនានាប៉ុណ្ណោះ ហើយបានរិះគន់កម្ពុជា យ៉ាងខ្លាំងចំពោះការមិនព្រមធ្វើដូច្នេះ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស