30 C
Phnom Penh

នគរបាល​ចាប់ខ្លួន​ជន​ជាតិចិនតៃវ៉ាន់​៨នាក់​​ពាក់ព័ន្ធការ​កំហែង​ទារប្រាក់តាម​ប្រព័ន្ធអីុនធឺណិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រតិបត្តិការមួយដែលគាំទ្រដោយចិនដើម្បីតាមដានសមាជិកក្រុមកំហែងទារប្រាក់ដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញបានឈានដល់ការចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៨នាក់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមាន ការឆ្មក់ចូលកាលពីលើកមុនដែលបានចាប់ខ្លួនជនសង្ស័យជាជនជាតិចិន និងចិនតៃវ៉ាន់ បានរហូតដល់២៧នាក់។

ប៉ុន្តែ ខណៈដែលមន្ត្រីជនជាតិចិនតៃវ៉ាន់មួយក្រុមត្រូវបានបញ្ជូនមករាជធានីភ្នំពេញដើម្បីចរចាពីការធ្វើមាតុភូមិនិវត្តពល រដ្ឋរបស់ខ្លួននោះ កម្ពុជាមានបំណងនិរទេសជនសង្ស័យទាំង៣៥នាក់ទៅប្រទេសចិនវិញតាមសំណើរបស់ក្រុងប៉េកាំង ដោយលើកឡើងថា រដ្ឋាភិបាលប្រកាន់ខ្ជាប់ទៅ នឹងគោលនយោបាយ “ចិនតែមួយ”។

យោងតាមលោក អ៊ុក ហៃសិលា ប្រធានផ្នែក សើុបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានឲ្យដឹងថា ការចាប់ខ្លួនកាលពីថ្ងៃសៅរ៍ធ្វើឡើងអំឡុងការឆ្មក់ចូលអាផាតមិនមួយស្ថិតក្នុងខណ្ឌឫស្សី កែវ។

ឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា បានថ្លែងថា“យើងរឹបអូសបានកុំព្យូទ័រ ទូរស័ព្ទលើតុ និងឧបករណ៍បញ្ជូនសំឡេង”។

លោកបានមានប្រសាសន៍ថា ជនជាតិចិនតៃវ៉ាន់៨នាក់ត្រូវបានចាប់ខ្លួន គឺ៧នាក់ជាបុរស និងម្នាក់ជាស្ត្រី បានចូលរួមជាមួយជនជាតិចិនតៃវ៉ាន់១៣នាក់ និងជនជាតិចិន១៤នាក់នៅទីស្នាក់ការរបស់នាយកដ្ឋានអន្តោប្រវេសន៍។លោកបានថ្លែងថា “យើងនឹងបញ្ជូនពួកគេទាំងអស់ទៅប្រទេសចិនវិញ ប្រហែលនៅក្នុងសប្តាហ៍នេះ។ យើងមិនធ្វើឲ្យខុសគ្នាទេ ពីព្រោះមាន ‘ចិនតែមួយ'”។

យោងតាមនគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនសង្ស័យទាំងនេះបានប្រើប្រាស់បច្ចេកវិទ្យាបញ្ជូនសំឡេងតាមប្រព័ន្ធអីុនធឺណិតដើម្បីកំហែងទារប្រាក់ពីជនរងគ្រោះនៅកោះតៃវ៉ាន់ និងប្រទេសចិនដោយផ្តោត គោលដៅលើជនដែលងាយរងគ្រោះដោយការគំរាមតាមឈ្មោះក្លែងក្លាយ។

លោកស្រី Frances Lee អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់បានមានប្រសាសន៍ថា បន្ទាប់ពីក្រុមដំបូងមានមនុស្ស២៧នាក់ត្រូវបានចាប់ខ្លួននៅភូមិគ្រឹះមួយក្នុងខណ្ឌចំការមនកាលពីថ្ងៃទី១៣ខែមិថុនាមក មន្ត្រីមួយក្រុមដឹកនាំដោយអគ្គកុងស៊ុលតៃវ៉ាន់ប្រចាំប្រទេសវៀតណាមគឺលោក Ling Kuan- Chung បានមកដល់រាជធានីភ្នំពេញដើម្បី ចរចាពីការធ្វើមាតុភូមិនិវត្តរបស់ពួកគេ។

លោកស្រី Lee បានថ្លែងថា ការចរចាកំពុងបន្ត ហើយលោកស្រីបានបដិសេធមិននិយាយអំពីការអះអាងរបស់ចិនចំពោះជនសង្ស័យទាំងនេះ ឬអ្នកសមគំនិតនៅកម្ពុជា ដោយផ្ទាល់ទេ។

លោកស្រីថ្លែងតាមទូរស័ព្ទពីទីក្រុងតៃបិុថា “នេះជាបញ្ហាតុលាការ មិនមែនជាបញ្ហានយោបាយទេ។ដូច្នេះប្រសិនបើមានការគាប សង្កត់នយោបាយមិនសមរម្យណាមួយដោយភាគីទី៣ ខ្ញុំមិនគិតថា វាត្រឹមត្រូវឡើយ”។

លោក ចេង ហុងបូ អ្នកនាំពាក្យស្ថានទូតចិនប្រចាំរាជធានីភ្នំពេញបានបង្វែរសំណួរអំពីករណីនេះទៅសហសេវិកម្នាក់។ បុរសម្នាក់ដែលបដិសេធមិនប្រាប់ឈ្មោះប៉ុន្តែនិយាយថា លោកទទួលបន្ទុកការអនុវត្តច្បាប់នៅស្ថានទូតបានមានប្រសាសន៍ថា ជនសង្ស័យទាំង៣៥នាក់នឹងត្រូវបញ្ជូនទៅប្រទេសចិនវិញ។

លោកបានថ្លែងថា “មិត្តភក្តិកម្ពុជារបស់យើងកំពុងរៀបចំលិខិតស្នាម”។ នៅពេលសួរថា តើហេតុអ្វីបានជាជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ទាំងនេះនឹងមិនត្រូវបាននិរទេសទៅកោះតៃវ៉ាន់នោះ លោកបានថ្លែងថា “សូមសួរមិត្តភក្តិកម្ពុជារបស់យើងទៅ” ហើយលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ៕សារុន (រាយការណ៍បន្ថែមដោយSonia Kohlbacher)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស