31 C
Phnom Penh

សកម្មជន​បឹង​កក់​ចូល​តុលាការ​វិញ​ទាក់ទិន​នឹង​ការ​បញ្ជា​វាយតប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី យ៉ម បុប្ផា សកម្មជនប្រឆាំងការបណ្តេញចេញពីដីធ្លីដ៏លេចធ្លោ បានចូលសាលាឧទ្ធរណ៍ជាថ្មីក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ គឺបីឆ្នាំកន្លះបន្ទាប់ពីត្រូវបានកាត់ឲ្យជាប់ទោសថាបានបញ្ជាឲ្យមានការវាយលើអ្នករត់ម៉ូតូឌុបពីរនាក់។

cam-photo-bopha-channaអ្នកស្រី បុប្ផា ត្រូវបានកាត់ឲ្យជាប់ទោសនៅខែធ្នូឆ្នាំ២០១២ ជាមួយប្តីរបស់អ្នកស្រី ដែលត្រូវបានដោះលែងវិញនៅពេលបន្តិចក្រោយមក ហើយដែលអ្នកស្រីបានលែងលះ ពីបទបញ្ជាឲ្យបងប្អូនប្រុសពីរនាក់របស់អ្នកស្រីវាយអ្នករត់ម៉ូតូឌុប។ អ្នកស្រីជាប់ពន្ធនាគារជាងមួយឆ្នាំ មុនពេលព្យួរទោស។

កាលពីថ្ងៃច័ន្ទក្នុងសវនាការ អ្នកស្រី បុប្ផា បានអះអាងពីភាពគ្មានទោសកំហុសរបស់អ្នកស្រី ដោយបាននិយាយថា សមត្ថកិច្ចបានលើកករណីនេះឡើងចំពោះអ្នកស្រី “ដើម្បីគំរាមស្មារតីរបស់សកម្មជនបឹងកក់” និងបានអំពាវនាវឲ្យទម្លាក់ចោលការដាក់ទោសនេះ។

អ្នកស្រីបាននិយាយថា “សូមលោកចៅក្រមឲ្យខ្ញុំរួចពីការចោទប្រកាន់ទាំងនេះទៅ ពីព្រោះខ្ញុំមិនបានប្រព្រឹត្តខុសទេ”។ អ្នកស្រីបាននិយាយបន្ថែមថា អ្នកស្រីមិនបានដឹងថាតើបងប្អូនប្រុសរបស់អ្នកស្រី គឺ យ៉ម កន្លង់ និង យ៉ម សិដ្ឋ បានពាក់ព័ន្ធក្នុងការវាយតប់នេះឬយ៉ាងណាទេ។ ក្រុមមន្ត្រីនិយាយថា ពួកគេត្រូវបានកាត់ឲ្យជាប់ទោសកំបាំងមុខ ហើយត្រូវគេស្វែងរកចាប់ខ្លួននៅឡើយ។

ដោយហៅការជាប់ពន្ធនាគារ៤៤៤ថ្ងៃរបស់អ្នកស្រីថា “មិនត្រឹមត្រូវ” នោះ អ្នកស្រីបាននិយាយថា ប្រសិនបើសាលក្រមដែលរំពឹងទុកនៅសប្តាហ៍ក្រោយមិនបានតាមបំណងរបស់អ្នកស្រីទេនោះ អ្នកស្រីនឹងប្តឹងសាទុក្ខជាថ្មីទៀតទៅតុលាការកំពូល។

លោក ចាន់ សុជាតិ មេធាវីរបស់អ្នកស្រី បុប្ផា បាននិយាយនៅឯតុលាការថា វាច្បាស់ថាអ្នករត់ម៉ូតូឌុបត្រូវគេវាយមែន ប៉ុន្តែថា កូនក្តីរបស់លោកមិនបានជាប់ពាក់ព័ន្ធទេ។

លោកបានប្រាប់ចៅក្រមជំនុំជម្រះ ប៉ុល សំអឿន ថា “ឧប្បត្តិហេតុនេះពិតជាបានកើតឡើងលើជនរងគ្រោះមែន ប៉ុន្តែវាមិនមែនបញ្ជាដោយកូនក្តីរបស់ខ្ញុំទេ ហើយនគរបាលមិនមានភ័ស្តុតាងសមរម្យដើម្បីចោទប្រកាន់កូនក្តីរបស់ខ្ញុំឡើយ”។

លោក វ៉ាត សារ៉ាត ឪពុករបស់អ្នករត់ម៉ូតូម្នាក់ និងជាឪពុកមារបស់អ្នករត់ម៉ូតូម្នាក់ទៀត បានចោទអ្នកស្រី បុប្ផា ថាបានកុហកក្នុងតុលាការ។

លោកបាននិយាយតាមទូរស័ព្ទបន្ទាប់ពីសវនាការថា “ខ្ញុំសង្ឃឹមថា តុលាការវិនិច្ឆ័យទោសអ្នកស្រីទៅតាមច្បាប់”។

អ្នកស្រី បុប្ផា ត្រូវបានកាត់ឲ្យជាប់ទោសពីបទថា បានបញ្ជាឲ្យវាយតប់លើបុរសពីរនាក់ ដែលត្រូវគេនិយាយថា បានកាច់កញ្ចក់ឡានរបស់គ្រួសារអ្នកស្រី ហើយដំបូងឡើយត្រូវតុលាការសម្រេចឲ្យជាប់ពន្ធនាគារបីឆ្នាំ ប៉ុន្តែសាលាឧទ្ធរណ៍បានតម្កល់សាលក្រមព្យួរទោសរបស់គេ។

តុលាការកំពូលបានឲ្យអ្នកស្រីនៅក្រៅឃុំកាលពីខែធ្នូឆ្នាំ២០១៣ ប៉ុន្តែបានបង្គាប់ឲ្យសាលាឧទ្ធណ៍ស៊ើបអង្កេតរឿងក្តីនេះឡើងវិញ ដោយលើកឡើងនូវការភាន់ច្រឡំក្នុងការស៊ើបអង្កេតរបស់ខ្លួន។

ចៅក្រម សំអឿន បាននិយាយថា នីតិវិធីឧទ្ធរណ៍ត្រូវបានពន្យារពេលយ៉ាងហោចណាស់បីលើក ដោយគ្មានការពន្យល់អំពីមូលហេតុ ប៉ុន្តែបានបន្ទោសលើការផ្លាស់លំនៅនាពេលថ្មីៗរបស់អ្នកស្រី បុប្ផា ទៅខេត្តកំពង់ឆ្នាំង ថាជាកត្តាមួយធ្វើឲ្យស្មុគស្មាញ៕និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស