34 C
Phnom Penh

ថ្ងៃ​​​សវនាការ​​​​​​របស់​​​ឧកញ៉ា​​​ដែល​​​ចោទ​​​​​​ពីបទបញ្ជា​​​​​​​​​សម្លាប់​​​​​​ត្រូវ​​​កំណត់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សវនាការជំនុំជម្រះលោក ថោង សារ៉ាត់ នឹងចាប់ផ្តើមនៅខែក្រោយនេះ ពោលគឺមានពេលជាងមួយឆ្នាំហើយ ក្រោយពីមន្ត្រីក្រសួងការពារជាតិធ្លាក់សក្តិរូបនេះត្រូវបានចាប់ខ្លួនពីបទចោទបញ្ជាឱ្យធ្វើឃាតឧកញ៉ា អុឹង ម៉េងជឺ កាលពីឆ្នាំ២០១៤។

លោក លី សុផាណា អ្នកនាំពាក្យតុលាការក្រុងបាននិយាយកាលពីថ្ងៃច័ន្ទថា សវនាការលើកដំបូងនឹងធ្វើឡើងនៅតុលាការក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែកក្កដា។

លោក សុផាណា បាននិយាយពីការពន្យារពេលនេះថា “ការស៊ើបអង្កេតនេះត្រូវចំណាយពេលយូរទៀត ពីព្រោះករណីនេះស្មុគស្មាញណាស់”។

ការប្រកាសនេះធ្វើឡើង ក្រោយពីការស្លាប់លោក លី សៅ អតីតអង្គរក្សរបស់លោក ថោង សារ៉ាត់ កាលពីសប្តាហ៍មុន ដែលបានចោទប្រកាន់ពីបទធ្វើឃាតកម្មតាមបញ្ជារបស់ចៅហ្វាយរបស់ខ្លួនរួមជាមួយអង្គរក្សគ្នីគ្នាម្នាក់ទៀត។

លោក លី សៅ បានស្លាប់ដោយសារតែជំងឺរលាកខួរក្បាលកាលពីព្រឹកថ្ងៃសុក្រ ក្រោយពីបានបញ្ជួនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅយប់មុន។

ឧត្តមសេនីយ៍ទោ សារ៉ាត់ បានគេចខ្លួនជាច្រើនខែ បន្ទាប់ពីចោទប្រកាន់ពីបទផ្តើមគំនិតធ្វើឃាតឧកញ៉ា អុីង ម៉េងជឺ ដែលគេបានបាញ់ស្លាប់កាលពីខែវិច្ឆិកា ឆ្នាំ២០១៤។

លោក សារ៉ាត់ ត្រូវបាននគរបាលចាប់ខ្លួននៅខេត្តស្វាយរៀងកាលពីខែមេសា ឆ្នាំមុន ហើយត្រូវបានតុលាការកាត់ឲ្យជាប់ទោសពីបទរក្សាទុកអាវុធដោយខុសច្បាប់ នៅពីរខែក្រោយមក។

យោងតាមលោក ពិន ចាន់ធី មន្ត្រីពន្ធនាគារទទួលបន្ទុកកំណត់ហេតុអ្នកទោសបាននិយាយថា គាត់កំពុងអនុវត្តទោសនៅពន្ធនាគារព្រៃសរយៈពេល៣០ខែ ប៉ុន្តែជាញឹកញាប់ លោកត្រូវបានគេបញ្ជួនទៅកាន់មន្ទីរពេទ្យខ្មែរ-សូវៀត ដើម្បីព្យាបាល។

លោក ចាន់ធី បាននិយាយថា “គាត់ទៅមន្ទីរពេទ្យខ្មែរ-សូវៀតញឹកញាប់ណាស់ដើម្បីព្យាបាល នៅពេលដែលសុខភាពមិនស្រួល”។

កាលពីថ្ងៃសុក្រ លោក គា អ៊ាវ មេធាវីការពារឧត្តមសេនីយ៍ទោ សារ៉ាត់ និងអង្គរក្សរបស់លោក មិនបានទទួលខុសត្រូវចំពោះការស្លាប់របស់លោក លី សៅ នោះទេ ទោះបីជាលោកបានទទួលស្គាល់ថា លោកបានឮពាក្យចចាមអារ៉ាមថា កូនក្តីលោកមានសុខភាពដុនដាបក៏ដោយ។

លោក អ៊ាវ បានលើកហេតុផលថា ទោះបីជាលោកបានដឹងថា លោក លី សៅ មានជំងឺក៏ដោយ ក៏ការស្នើសុំឱ្យតុលាការដោះលែងគាត់ដោយសំអាងលើការព្យាបាលនឹងអត់បានលទ្ធផលទេ។ ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃច័ន្ទ មេធាវីរូបនេះបានទទួលស្គាល់ថា លោកស្តាយដោយមិនបានខ្នះខ្នែងជាងនេះ។

មេធាវីរូបនេះបាននិយាយថា “ខ្ញុំមានអារម្មណ៍ក្រៀមក្រំនិងខុសឆ្គង នៅពេលដែលខ្ញុំបានដឹងថា កូនក្តីខ្ញុំម្នាក់បានស្លាប់ ពីព្រោះគាត់ជាមនុស្សស្អាតស្អំ ហើយតុលាការដាក់គុកគាត់រហូតដល់ស្លាប់”៕ មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស