25 C
Phnom Penh

ឌុច ថា មេដឹកនាំ​តំបន់​ពង្រីកកម្លាំង​ជាមួយ​កងកម្លាំង​សត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កាំង ហ្គេចអ៊ាវ អតីតមេគុកស-២១បានប្រាប់សាលាក្តីខ្មែរក្រហមកាលពីថ្ងៃច័ន្ទថា លោក សោ ភឹម មេដឹកនាំតំបន់បូព៌ា ត្រូវដាក់ឲ្យនៅក្រោមការតាមដាន ពីព្រោះមានការសង្ស័យកាន់តែច្រើនថា គាត់បានពង្រីកកម្លាំងទ័ពរបស់គាត់ជាមួយកម្លាំងសត្រូវ។

អំឡុងពេលពេញមួយថ្ងៃដំបូងនៃការសាកសួរដោយមេធាវីការពារក្តីរបស់លោក នួន ជា គឺលោក វីកទ័រ កូប៉េ (Victor Koppe) មេគុក ដែលគេស្គាល់ឈ្មោះបដិវត្តន៍របស់គាត់ថា ឌុច ត្រូវបានគេសួរថាតើជនសង្ស័យក្បត់ក្នុងបក្សត្រូវបានតាមដានតាមរបៀបណា។

ឌុច បាននិយាយថា កម្មាភិបាលថ្នាក់ខ្ពស់នឹងមិនត្រូវចាប់ខ្លួនទេ ប្រសិនបើគេជាប់ពាក់ព័ន្ធក្នុង “ការសារភាព” ដាច់ដោយឡែក ដែលទទួលបានដោយការធ្វើទារុណកម្មនៅស-២១។ លោកបាននិយាយថា សោ ភឹម ត្រូវគេតាមដានយ៉ាងយូរ មុនពេលកងកម្លាំងដែលស្មោះត្រង់នឹងមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជាបានផ្តោតលើរូបគាត់ ដែលបណ្តាលឲ្យគាត់ធ្វើអត្តឃាតនៅខែមិថុនាឆ្នាំ១៩៧៨។

រៀបរាប់ច្រើនអំពីមូលហេតុនៅពីក្រោយការតាមដានមេបញ្ជាការតំបន់បូព៌ារូបនេះ ដែលក្រុមមេធាវីការពារ នួន ជា បានចាត់ទុកជាមេដឹកនាំស្វ័យភាពដ៏មានអំណាចនោះ ឌុច បាននិយាយថា ថ្នាក់លើរបស់របបនេះបានសង្ស័យគាត់អំពីការក្បត់ ក្នុងនោះមានការបង្កើតការទាក់ទងជាមួយអតីតទាហានសាធារណរដ្ឋខ្មែរ និងមហាសត្រូវរបស់របបនេះ គឺវៀតណាម។

អតីតមេគុករូបនេះបាននិយាយថា សោ ភឹម “បានពង្រីកកម្លាំងដោយប្រើអតីតទាហាន លន់ នល់ ក្នុងកងទ័ព។ ឧទាហរណ៍ គាត់ស្នើទាហាននៅបូព៌ាឲ្យស្លៀកពាក់ឯកសណ្ឋានរបស់សត្រូវ ហើយគាត់បានគាំទ្រសកម្មភាពរបស់គាត់នៅពេលនោះ ដោយនិយាយថា ទាហានរបស់ខ្មែរក្រហមក្រីក្រណាស់”។

ឌុច បាននិយាយថា ការទាក់ទងរបស់ សោ ភឹម ជាមួយវៀតណាម “មានរៀបរាប់ក្នុងឯកសារជាច្រើន ដូច្នេះ គាត់ត្រូវដាក់ឲ្យនៅក្រោមការតាមដាន”។

បរិយាកាសរវាង ឌុច និង លោក កូប៉េ គឺប្រឈមមុខគ្នាពេញមួយថ្ងៃ ដោយមេធាវីរបស់ ឌុច មិនសប្បាយចិត្តនឹងការរៀបរាប់វែងអន្លាយរបស់ ឌុច និងជាច្រើនលើកសុទ្ធតែជាការឆ្លើយតបស្មុគស្មាញពិបាកយល់។ ចំណែកគាត់វិញ អតីតមេគុករូបនេះបានស្តីបន្ទោសមេធាវីការពារចុងចោទព្រោះបង្អាក់គាត់។

ឌុច បាននិយាយនៅអំឡុងពេលពិភាក្សាអំពីថាតើ នួន ជា ចង់បណ្តេញគាត់ឲ្យចេញពីអ្នកយាមស-២១ឬយ៉ាងណានោះថា “ខ្ញុំចង់ពន្យល់លោក ហើយលោកកាត់ខ្ញុំ ដូច្នេះទាំងអស់នោះហើយដែលខ្ញុំអាចនិយាយ។ ខ្ញុំចង់ប្រាប់ការពិតទាក់ទិននឹងអ្វីដែលបានកើតឡើង”៕និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស