38.8 C
Phnom Penh

មន្ត្រី​ក្រសួង​ការពារ​ជាតិ​​​​ម្នាក់​ត្រូវ​​​ឃាតករ​ចាក់​សម្លាប់​​យ៉ាង​សាហាវ​ទាំង​កណ្ដាល​​​ថ្ងៃ​ចែស​​​​ជិត​ផ្សារ​ដេប៉ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមសាក្សី និងនគរបាលបានឲ្យដឹងថា មន្ត្រីក្រសួងការពារជាតិមួយរូបត្រូវបានជនល្មើសចាក់ស្លាប់នៅខាងក្រៅផ្សារដ៏អ៊ូអរមួយក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ហើយក្រោយធ្វើសកម្មភាពរួច ជនល្មើសដែលពាក់មួយការពារសុវត្ថិភាពបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ខណៈវរសេនីយ៍ត្រី លី ដាវី អាយុ៣៦ឆ្នាំ ដែលបម្រើការងារនៅក្រសួងការពារជាតិកំពុងដើរតែម្នាក់ឯងជិតផ្លូវកាច់ជ្រុងខាងជើងឆៀងខាងលិចផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ក៏ស្រាប់តែជនល្មើសមិនស្គាល់អត្តសញ្ញាណម្នាក់បានចាក់ទ្រូងរបស់គាត់ជាច្រើនកាំបិតនៅម៉ោងប្រហែល៩និង៤៥នាទីព្រឹក នេះបើតាមអ្វីដែលលោក ស្ដើង សារិទ្ធ នាយប៉ុស្តិ៍សង្កាត់បានលើកឡើងនៅកន្លែងកើតហេតុ។

មន្ត្រីនគរបាលម្នាក់ឈរយាមនៅកន្លែងកើតហេតុមានព័ទ្ធខ្សែហាមចេញចូល ទីដែលអ្នកស្រី លី ដាវី មន្ត្រីក្រសួងការពារជាតិត្រូវឃាតករចាក់សម្លាប់ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Peter Ford
មន្ត្រីនគរបាលម្នាក់ឈរយាមនៅកន្លែងកើតហេតុមានព័ទ្ធខ្សែហាមចេញចូល ទីដែលអ្នកស្រី លី ដាវី មន្ត្រីក្រសួងការពារជាតិត្រូវឃាតករចាក់សម្លាប់ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Peter Ford

មុនពេលច្រានចោលសំណួរបន្ថែមទៀត លោក ស្ដើង សារិទ្ធ បានមានប្រសាសន៍ថា “យើងកំពុងស៊ើបអង្កេត ហើយរហូតមកទល់ពេលនេះខ្ញុំគ្មានអ្វីដែលត្រូវប្រាប់អស់លោកទេ”។

លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌបានមានប្រសាសន៍នៅម៉ោងប្រហែល១០យប់ថា នគរបាលមិនទាន់កំណត់អត្តសញ្ញាណឬចាប់ខ្លួនជនសង្ស័យណាម្នាក់បាននៅឡើយទេ។ ចំណែកឯលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីឃាតកម្មនេះឡើយ។

ការវាយប្រហារបង្ហូរឈាមនេះបានកើតឡើងនៅចំណុចប្រសព្វដ៏អ៊ូអរនៃផ្លូវលេខ២១៩ និងផ្លូវលេខ១៥៦ ដែលមានតូបលក់អាហារ និងហាងតូចៗមួយចំនួន។

លោក ដួង ស៊ីថន អាយុ៣៧ឆ្នាំ បម្រើការងារនៅកន្លែងផ្ទេរប្រាក់វីង ដែលបែរមុខចំកន្លែងកើតហេតុនិយាយថា គាត់មិនបានឃើញឃាតករចូលទៅជិតអ្នកស្រី លី ដាវី ទេ ប៉ុន្តែបានឮជនរងគ្រោះស្រែក។ ពេលគាត់ក្រឡេកមើល គាត់ឃើញបុរសម្នាក់កំពុងចាក់ទ្រូងជនរងគ្រោះ ហើយមុខរបស់ជនល្មើសបាំងជិតដោយសារពាក់មួយការពារសុវត្ថិភាព។

គាត់និយាយទៀតថា “ជនល្មើសបានចាក់ជនរងគ្រោះនឹងកូនកាំបិត ហោចណាស់ក៏១០កាំបិតដែរ” ហើយបុរសដែលជាជនល្មើសមានកម្ពស់ប្រហែល១,៧០ម៉ែត្រ និងមានអាយុខ្ទង់៣០ឆ្នាំប្លាយ។ គាត់បានបន្តថា “ពេលជនរងគ្រោះរងការវាយប្រហារ បុរសម្នាក់បានលេចមុខចេញមក ហើយបានយកមួកសុវត្ថិភាពគប់ទៅលើឃាតករ បន្ទាប់មកបុរសម្នាក់ទៀតបានយកធ្យូងប៉ុន្មានដុំគប់ដែរ”។

គាត់បញ្ជាក់ថា ប៉ុន្តែ ឃាតករនៅតែបន្តចាក់អ្នកស្រី លី ដាវី ប្រហែល១នាទី មុនពេលបន្ថែមល្បឿនម៉ូតូហុងដាឃ្លីកដែលខ្លួនជិះ ដោយគេចខ្លួនរួចពីសាក្សីមួយចំនួនទៀតដែលបានព្យាយាមធាក់ផ្ដួលម៉ូតូនោះ។

cam-photo-front-fordរយៈពេល១ម៉ោងបន្ទាប់ពីការវាយប្រហារនោះ នៅម៉ោងប្រហែល១០និង៤៥នាទីព្រឹក សាកសពអ្នកស្រី លី ដាវី ដេកស្ដូកស្ដឹងលើផ្លូវថ្នល់នៅឡើយ ដោយមានក្រណាត់សគ្របពីលើ។ នៅពីក្រោយខ្សែដែលនគរបាលរាយព័ទ្ធហាមចេញចូល អ្នកឈរមើលបានបាចក្រដាសប្រាក់រៀលទៅលើសាកសព ដើម្បីឲ្យវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះទៅចាប់ជាតិថ្មី។

នៅពេលនគរបាលសង្កាត់ និងនគរបាលខណ្ឌបន្តទប់ស្កាត់មហាជនមិនឲ្យចូលទៅក្នុងរង្វង់ខ្សែនោះ ព្រះសង្ឃចំណាស់មួយអង្គដែលត្រូវជាឪពុករបស់អ្នកស្រី លី ដាវី បាននិមន្តទៅដល់ដើម្បីចំណាំសាកសព។ នៅពេលព្រះសង្ឃអង្គនោះឃើញសាកសពនៅលើដី ព្រះអង្គក៏ចាប់ផ្ដើមយំ ហើយបានឱនលាត់ក្រណាត់សឡើង។ នៅពេលឃើញមុខកូនស្រី ព្រះអង្គបានងក់ព្រះកេស  ហើយក៏គ្របក្រណាត់សទៅវិញ ហើយពេលនោះព្រះអង្គក៏ទន់ជង្គង់ ប៉ុន្តែត្រូវបានសាច់ញាតិ និងមន្ត្រីមានសមត្ថកិច្ចជួយគ្រាហ៍។

ប្រហែល១០នាទីក្រោយមក អ្នកស្រី លី ស៊ីឡែន អាយុ៤០ឆ្នាំ ដែលត្រូវជាម្ដាយមីងរបស់ជនរងគ្រោះបានទៅដល់កន្លែងកើតហេតុជាមួយមន្ត្រីនគរបាលស៊ើបអង្កេតពីរនាក់ ហើយក៏លាត់ក្រណាត់សដើម្បីមើលមុខក្មួយស្រី។

ដៃជូតទឹកភ្នែកបណ្ដើរ អ្នកស្រី លី ស៊ីឡែន និយាយបណ្ដើរថា “នាងមិនសូវមាត់កទេ ហើយសុភាពរាបសា គ្មានហេតុផលមានមនុស្សមកសងសឹកនាងបែបនេះទេ។ ខ្ញុំគិតថា ឃាតករសម្លាប់មនុស្សច្រឡំ”។

នៅពេលអ្នកស្រីសម្លឹងមើល មន្ត្រីស៊ើបអង្កេតបានថតកន្លែងកើតហេតុ។ នៅពេលពួកគេលាត់ក្រណាត់សឡើងដើម្បីថតអ្នកស្រី លី ដាវី កូនកាំបិតដងខ្មៅដែលឃាតករប្រើ ស្ថិតនៅខាងឆ្វេងសាកសពជនរងគ្រោះ។

បន្ទាប់មកសពអ្នកស្រី លី ដាវី ដែលអាវយឺតពណ៌សរបស់គាត់ប្រឡាក់ឈាមជោក ត្រូវបានលើកដាក់ចូលថង់ដាក់សព ហើយដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់វត្តទឹកថ្លា៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស