33 C
Phnom Penh

គ្រួសារ​​​ដែល​​​រង​​​ការ​​​បណ្តេញ​​​ចេញ​ដោយ​​​សារ​​​​ចម្ការ​​​អំពៅ​​​រួម​​​គ្នា​​​អំពាវនាវ​​​សុំ​​​ជំនួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិតំណាងឲ្យគ្រួសារជាង១.០០០ដែលចោទប្រកាន់ក្រុមហ៊ុនចម្ការអំពៅនៅទូទាំងប្រទេសថា បានទន្ទ្រានយកដីរបស់ពួកគាត់នោះ បានប្រមូលផ្ដុំគ្នានៅក្នុងរាជធានីភ្នំពេញ កាលពីម្ស្ិលមិញ ដើម្បីអំពាវនាវម្តងទៀតសុំឲ្យរដ្ឋាភិបាលជួយ។

cam-photo-sugar-channaគ្រួសារទាំងនេះដែលរស់នៅក្នុងខេត្តចំនួន៤បានអំពាវនាវរាប់ឆ្នាំមកហើយស្នើសុំឲ្យស្ថាប័នរដ្ឋាភិបាលជួយពួកគាត់ឲ្យទទួលបានដីត្រឡប់មកវិញ ឬក៏ទទួលបានសំណងដែលពួកគាត់សមនឹងទទួលបាន។ តំណាងចំនួន៣៦រូបដែលមករាជធានីភ្នំពេញកាលពីម្សិលមិញបានដាក់ញត្តិរួម ជាលើកដំបូងសម្រាប់សហគមន៍ជូនគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា និងក្រសួងកសិកម្មព្រមទាំងក្រសួងបរិស្ថានផងដែរ។

ញត្តិនេះផ្ទុយទៅនឹងការអះអាងកាលពីដើមខែនេះរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលថា ដីមានវិវាទស្ទើរទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចម្ការអំពៅត្រូវបានដោះស្រាយរួចរាល់ហើយ។

ហួយ ម៉ៃ តំណាងមកពីខេត្តឧត្តរមានជ័យបានលើកឡើងថា អ្នកភូមិរាប់ពាន់គ្រួសារកំពុងតែរង់ចាំរដ្ឋាភិបាលប្រគល់ដីឲ្យពួកគាត់វិញបន្ទាប់ពីក្រុមហ៊ុនស្ករសរបស់ថៃឈ្មោះ Mitr Phol យល់ព្រមបោះបង់ចម្ការចំនួនពីរកន្លែងរបស់ខ្លួននៅទីនោះកាលពីឆ្នាំ២០១៤ ។

អ្នកស្រីបាននិយាយអំឡុងសន្និសីទកាសែតមួយរៀបចំដោយអង្គការសមធម៌កម្ពុជា ជាអង្គការដែលជួយសហគមន៍ទាំងនេះថា “យើងមករាជធានីភ្នំពេញដើម្បីស្នើសុំឲ្យរដ្ឋាភិបាលជួយយើង ព្រោះគ្មានដំណោះ ស្រាយពីអាជ្ញាធរខេត្តទេ”។

អ្នកស្រីបាននិយាយបន្ថែមថា ”ក្រុមហ៊ុននេះបានដកខ្លួនទៅវិញរួចហើយ ប៉ុន្តែ អាជ្ញាធរ នៅតែធ្វើព្រងើយកន្តើយចំពោះអ្នកភូមិ។ ប្រសិនបើពួកគេមិនដោះស្រាយទេ យើងនឹងត្រឡប់ទៅរស់នៅលើដីនោះវិញ ព្រោះវាជាដីរបស់យើង”។

កាលពីខែមុន អ្នកភូមិប្រហែល២០០គ្រួសារដែលត្រូវបានបណ្តេញចេញដើម្បីបើកផ្លូវសម្រាប់ចម្ការអំពៅចំនួនពីរកន្លែងរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តកំពង់ស្ពឺនោះបានព្រមព្រៀងទទួលយកសំណងក្នុងម្នាក់ៗ៥០០ដុល្លារ។ ទោះជាយ៉ាងណា លោក សឹង សុខុម បានលើកឡើងកាលពីម្សិលមិញថា គ្រួសារទាំងនោះបានទទួលយកប្រាក់ ព្រោះពួកគាត់ត្រូវបានប្រាប់ថានឹងមិនទទួលបានអ្វីឡើយប្រសិនបើបដិសេធមិនព្រមទទួលយកសំណងនេះទេ ហើយឥឡូវពួកគាត់កំពុងតែទាមទារសំណងបន្ថែមទៀត។

លោកបាននិយាយថា “យើងគិតថា សំណងនេះមិនសមហេតុសមផលទេ ព្រោះយើងចង់បានដីរបស់យើងត្រឡប់មកវិញ ដោយសារកសិករត្រូវការដីជាចាំបាច់។ ប្រសិនបើយើងគិតតាមតម្លៃទីផ្សារ ប្រាក់ចំនួន៥០០ដុល្លារដែលពួកគេឲ្យគ្រួសារនីមួយៗមិនគ្រប់គ្រាន់សម្រាប់ទិញដីបានធំឡើយ”។

នៅក្នុងខេត្តកោះកុង អ្នកភូមិប្រហែល២០០គ្រួសារបាននិងកំពុងតស៊ូរឿងដីធ្លីពាក់ព័ន្ធនឹងចម្ការអំពៅចំនួនពីរកន្លែងផ្សេងទៀតដែលក៏មានទំនាក់ទំនងជាមួយលោកលី យ៉ុងផាត់ ដែលបានលក់វារួចហើយដែរនោះ ហើយកំពុងតែប្តឹងក្រុមហ៊ុន Tate & Lyle នៅក្នុងទីក្រុងឡុងដ៍ ដែលបានទិញស្ករសមួយចំនួនពីពួកគេ។ តេង កែវ ភាគីដែលដាក់ពាក្យបណ្តឹងបានលើកឡើងថា សំណុំរឿងនេះមិនទាន់ទៅដល់ដៃតុលាការនៅឡើយទេ បន្ទាប់ពីត្រូវបានដាក់ប្តឹងកាលពីឆ្នាំ២០១៣មក។

តំណាងមួយចំនួនក៏បានមកពីខេត្តព្រះវិហារដែរ ជាទីដែលអ្នកភូមិរាប់រយគ្រួសារបានចោទប្រកាន់ក្រុមហ៊ុនចម្ការអំពៅចំនួនពីរគ្រប់គ្រងដោយជនជាតិចិនថា បានទន្ទ្រានយកដីរបស់ពួកគាត់។

ចាប់តាំងពីដើមឆ្នាំ២០១៤មក សហភាពអឺរ៉ុបបានពិភាក្សាជាមួយគណៈកម្មការពិសេសរបស់រដ្ឋាភិបាលដើម្បីរិះរកប្រព័ន្ធមួយសម្រាប់ផ្តល់ប្រាក់សំណងដោយយុត្តិធម៌ដល់គ្រួសារទាំងអស់ដែលក្រុមហ៊ុនចម្ការអំពៅនៅទូទាំងប្រទេសធ្វើមិនគប្បីចំពោះពួកគាត់។ ប៉ុន្តែ គ្មានសញ្ញាវិវឌ្ឍនោះឡើយ ចាប់តាំងពីសហភាពអឺរ៉ុបបានលើកឡើងថា ខ្លួនបានព្រមព្រៀងលើមធ្យោបាយមួយដើម្បីបញ្ជាក់ថា តើគ្រួសារណាខ្លះស្របច្បាប់ឬមិនស្របច្បាប់ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

លោក ឡេង សារ៉ន អ្នកគ្រប់គ្រងកម្មវិធីនៅអង្គការសមធម៌កម្ពុជាបានលើកឡើងក្នុងអីុម៉េលមួយថា “ទោះបីជាគណៈកម្មការអន្តរក្រសួងមានសេចក្តីព្រាងទាក់ទិនដំណើរការធ្វើសវនកម្មរបស់សហភាពអឺរ៉ុបអស់រយៈពេលជិត១០ខែ ហើយមានរបាយការណ៍ខ្លះដែលមានការពិភាក្សាមួយចំនួនក៏ដោយ ក៏វានៅតែមិនទាន់មានការឆ្លើយតបឲ្យបានច្បាស់លាស់នៅឡើយដែរអំពីថា តើរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យដំណើរការសវនកម្មបន្តទៅមុខទៀត ឬក៏អត់នោះ “។

ការិយាល័យគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំរាជធានីភ្នំពេញមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយឡើយ។

ខណៈអ្នកភូមិរួមគ្នាដាក់ញត្តិ លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា ក្រុមមន្ត្រីនឹងពិនិត្យមើលថា តើសំណងអ្វីខ្លះដែលក្រុមហ៊ុនចម្ការអំពៅបានផ្តល់ទៅឲ្យគ្រួសារទាំងនោះរហូតមកទល់ពេលនេះ។

លោកបានថ្លែងថា “យើងត្រូវការពេលវេលាដើម្បីពិនិត្យញត្តិ និងបញ្ជាក់ថា តើអាជ្ញាធរ និងក្រុមហ៊ុនបានធ្វើអ្វីខ្លះហើយនៅក្នុងការស្វែងរកដំណោះស្រាយនោះ”។

អ្នកនាំពាក្យក្រសួងកសិកម្មមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ រីឯលោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សប្រឆាំងដែលជាប្រធានគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាក៏មិនអាចទាក់ទងបានដែរ៕ ស៊ុយឈាង

(រាយការណ៍បន្ថែមដោយ Zsombor Peter)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស